(កាប៊ុល)៖ រដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដាថារុស្ស៉ីបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលរបស់ខ្លួន ដោយហៅថានេះជា ការសម្រេចចិត្តដ៏ក្លាហាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាលីបង់បានត្រឡប់មកកាន់អំណាចនៅអាហ្វហ្កានីស្ថានសាជាថ្មី ក្នុងឆ្នាំ២០២១ បន្ទាប់ពីវាយបណ្ដេញរដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិច ហើយបាន និងកំពុងព្យាយាមស្វែងរក ការទទួលស្គាល់ពីអន្តរជាតិ។ ការប្រកាសខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាហ្វហ្កានីស្ថាន លោក Amir Khan Muttaqi បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអាហ្វហ្កានីស្ថាន លោក Dmitry Zhirnov ក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍។ «ការសម្រេចចិត្តដ៏ក្លាហាននេះនឹងក្លាយជាគម្រូសម្រាប់ប្រទេសដទៃ...បច្ចុប្បន្ននិតិវិធីទទួលស្គាល់បានចាប់ផ្ដើម ហើយរុស្ស៉ីបានដើរមុនគេ»។ នេះជាការលើកឡើងរបស់លោក Muttaqi។

អ្នកនាំពាក្យរដ្ឋាភិបាលលីបង់ លោក Zia Ahmad Takal ក៏បានប្រាប់ AFP ដែរថារុស្ស៉ីគឺជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការ។ ចំណែក ខាងក្រសួងការបរទេសរុស្ស៉ីវិញ បានបញ្ជាក់លើ​ Telegram ថារុស្ស៉ីជឿជាក់ថាការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ នឹងជួយជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយផ្លែផ្ការវាងប្រទេសទាំង២ លើវិស័យជាច្រើន៕