(តេហេរ៉ង់)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា អ៉ីរ៉ង់បានប្រកាសថា ខ្លួនបានបើកដែនអាកាសទូទាំងប្រទេសឡើងវិញហើយ រួមទាំងនៅលើរដ្ឋធានីតេហេរ៉ង់ បន្ទាប់ពីបានបិទកាលពីថ្ងៃទី១៣ ខែមិថុនា ដោយសារតែសង្រ្គាមជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ IRNA បានរាយការណ៍ថា អាកាសយានដ្ឋានអន្តរជាតិ Mehrabad និង Imam Khomeini ព្រមទាំងអាកាសយានដ្ឋានដទៃទៀត នៅតំបន់ភាគខាងជើង ខាងកើត ខាងលិច និងខាងត្បូងប្រទេស ត្រូវបានបើកឡើងវិញហើយ និងត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើប្រតិបត្តិការជើងហោះហើរ។
អាជ្ញាធរអ៉ីរ៉ង់ បាននិយាយថា ជើងហោះហើរក្នុងស្រុកនិងអន្តរជាតិ មកពីអាកាសយានដ្ឋានទាំងអស់នៅទូទាំងប្រទេស លើកលែងតែនៅទីក្រុង Isfahan និងទីក្រុង Tabriz នឹងធ្វើប្រតិបត្តិការនៅចន្លោះម៉ោង៥៖០០នាទីព្រឹក និងម៉ោង៦៖០០ល្ងាច។ បើតាម IRNA ជើងហោះហើរមកពីទីក្រុងទាំងនេះ នឹងចាប់ផ្តើមប្រតិបត្តិការសាជាថ្មីភ្លាមៗ នៅពេលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឡើងវិញ។
គួរបញ្ជាក់ថា អ៉ីរ៉ង់បានបិទដែនអាកាសទូទាំងផ្ទៃប្រទេស កាលពីខែមុន បន្ទាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំ តាមផ្លូវអាកាសមកលើខ្លួន ហើយទីក្រុងតេហេរ៉ង់ បានបាញ់មីស៉ីលនិងដ្រូនសងសឹកលើអ៉ីស្រាអែលវិញ។ ក្រោយមក បទឈប់បាញ់រវាងប្រទេសទាំងពីរ បានចូលជាធរមានកាលពីថ្ងៃទី២៤ ខែមិថុនា។ ភ្លាមៗបន្ទាប់ពីមានបទឈប់បាញ់នោះ អ៉ីរ៉ង់បានបើកដែនអាកាស នៅភាគខាងកើតប្រទេស និងពង្រីកការអនុញ្ញាតឱ្យជើងហោះហើរអន្តរជាតិ បើកឆ្លងកាត់៕