(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រ ទី៤ ខែកក្កដា កូរ៉េខាងជើងបានថ្កោលទោស ក្រុមប្រទេស Quad ដែលរួមមានសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្រ្តាលី សម្រាប់ការទទូចចង់ឱ្យទីក្រុងព្យុងយ៉ាងរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស បន្ទាប់ពីក្នុងសប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេស Quad ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានរិះគន់ការបាញ់មីស៉ីលបាលិស្ទីគ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅកូរ៉េខាងជើង ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធ្វើឡើងអំឡុងកិច្ចប្រជុំរបស់ពួកគេ នៅឯទីក្រុងវ៉ាស៉ីនតោន។
ទីក្រុងព្យុងយ៉ាង បានហៅសេចក្តីថ្លែងការណ៍រួមនោះ ជាការបង្កហេតុនយោបាយធ្ងន់ធ្ងរ ហើយចាត់ទុកថា សហរដ្ឋអាមេរិក កំពុងប៉ុនប៉ងកែប្រែដោយឯកតោភាគី នូវស្ថានការណ៍ក្នុងឧបទ្វីបកូរ៉េ ដោយវិធីសាស្រ្តសម្លុតគំរាមនិងកម្លាំងបាយ។ ក្រសួងការបរទេសកូរ៉េខាងជើង បានបន្តថា វាឆ្លុះឱ្យបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីចេតនាអាក្រក់របស់អាមេរិក ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។
ជាចុងក្រោយ ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់សហរដ្ឋអាមេរិកថា ព្យាយាមជ្រៀតជ្រែកក្នុងអធិបតេយ្យរបស់ប្រទេសឯករាជ្យពេញលេញមួយ ហើយបង្កឱ្យមានការប្រឈមមុខដាក់គ្នា និងបង្កើតអស្ថិរភាពក្នុងទំនាក់ទំនងអន្តរជាតិ ខណៈអាមេរិកគឺជាកត្តាហានិភ័យដ៏ចម្បងមួយ ដែលរារាំងសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាទូទាំងពិភពលោក។ កូរ៉េខាងជើង បានសង្កត់ធ្ងន់ថា គ្មានអ្វីមួយអាចមកផ្លាស់ប្តូរគោលជំហររបស់ខ្លួន ក្នុងនាមជារដ្ឋនុយក្លេអ៊ែរបានឡើយ ហើយបានព្រមានថា ប្រទេសអាស៉ីបូព៌ាមួយនេះ ក៏មានសិទ្ធិចាត់វិធានការសមស្រប ដើម្បីការពារខ្លួនផងដែរ៕