(ណៃពិដោ)៖ នៅថ្ងៃសុក្រ ទី៤ ខែកក្កដា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យទាហានកុមារចំនួន ៩៣នាក់ ចាកចេញពីជួរកងទ័ពរួចហើយ ឆ្លើយតបចំពោះរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ (UN) កាលពីខែមិថុនា ដែលបានចោទប្រកាន់របបសឹកនិងសម្ព័ន្ធមិត្ត អំពីកែនពលកុមារសរុបជាង៤០០នាក់ ឱ្យចូលបម្រើយោធា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar រដ្ឋាភិបាលយោធា បាននិយាយថា ខ្លួនបានដំណើរការនីតិវិធីផ្ទៀងផ្ទាត់មួយកាលពីឆ្នាំ២០២៤ ដែលបាននាំឱ្យរកការអនុញ្ញាត អនីតិជនចំនួន៩៣នាក់ចាកចេញពីជួរកងទ័ព ហើយពួកគេក៏ទទួលបានជំនួយហិរញ្ញវត្ថុផងដែរ ខណៈមកទល់នឹងពេលនេះ នៅដល់ករណីសង្ស័យទាហានកុមារត្រឹម១៩ប៉ុណ្ណោះ ដែលកំពុងរង់ចាំនីតិវិធីផ្ទៀងផ្ទាត់។ យ៉ាងណាមិញ វាទាន់ច្បាស់នៅទេថា តើទាហានកុមារទាំង៩៣នាក់នោះ ត្រូវបានដោះលែងកាលពីពេលណា។
របាយការណ៍របស់អគ្គលេខាធិការ UN ស្តីពីកុមារនិងជម្លោះប្រដាប់អាវុធ កាលពីខែមុន បាននិយាយថា យោធាមីយ៉ាន់ម៉ារួមទាំងក្រុមប្រដាប់អាវុធមួយចំនួនដែលពាក់ព័ន្ធនឹងយោធា បានកែនពលក្មេងប្រុសចំនួន៤៦៧នាក់ និងក្មេងស្រី១៥នាក់ ដោយក្នុងនោះ កុមារសរុបជាង៣៧០នាក់ ត្រូវបានប្រើប្រាស់នៅក្នុងតួនាទីប្រយុទ្ធ។ បើតាមរបាយការណ៍ដដែលនោះ ខាងក្រុមឧទ្ទាមប្រឆាំងយោធា ក៏បានកែនពលកុមារផងដែរ ប៉ុន្តែចំនួនពួកគេគឺតិចជាងឆ្ងាយ ធៀបជាមួយនឹងយោធា។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងតែពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ដឹកនាំដោយលោកស្រី អោងសាន ស៊ូជី។ រដ្ឋប្រហារយោធា បានបង្កឱ្យចលនាបាតុកម្មទ្រង់ទ្រាយធំផ្ទុះឡើង ដែលក្រោយមក បានប្រែក្លាយជាការបះបោរប្រដាប់អាវុធទូទាំងប្រទេសប្រឆាំងនឹងរបបសឹក។ មកទល់សព្វថ្ងៃ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលមានវត្តមានជាយូរមកហើយ និងក្រុមឧទ្ទាមថ្មីៗដែលបង្កើតឡើងក្រោយរដ្ឋប្រហារយោធា វាយដណ្តើមគ្រប់គ្រងបានទឹកដីភាគច្រើន នៅតាមតំបន់ព្រំដែនរបស់មីយ៉ាន់ម៉ា៕