(កៀវ)៖ ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន, រុស្ស៊ីបានបើកការវាយប្រហារដោយដ្រូនដ៏ធំបំផុតនៃសង្គ្រាមមកលើរដ្ឋធានីកៀវ ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យយ៉ាងតិច ២៣នាក់រងរបួស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនអត្តឃាតចំនួន ៥៣៩គ្រឿង និងមីស៊ីលមួយចំនួនទៀតពេញមួយយប់។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានហៅការវាយប្រហារនេះថា "ឃោរឃៅ" ដោយលោកបានកត់សម្គាល់ថា វាបានកើតឡើងស្ទើរតែដំណាលគ្នាជាមួយនឹងសេចក្ដីរាយការណ៍អំពីជំនួប ត្រាំ-ពូទីន។ លោកបានបន្ថែមថា នេះបង្ហាញថា រុស្ស៊ី "គ្មានចេតនាបញ្ចប់សង្គ្រាមទេ" ហើយលោកបានអំពាវនាវជាថ្មីឲ្យមានជំនួយការពារដែនអាកាសបន្ថែម។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានបន្ថែមការព្រួយបារម្ភមួយទៀត ដោយលោកបានអះអាងថា សមាសធាតុរបស់ចិនត្រូវបានរកឃើញនៅក្នុងដ្រូន Shahed មួយគ្រឿងដែលបានវាយប្រហារក្រុងកៀវ។
គួរបញ្ជាក់ថា ការវាយប្រហារដ៏ធំនេះ បានកើតឡើងចំពេលដែលលោក Zelenskyy គ្រោងនឹងសន្ទនាជាមួយលោក ត្រាំ ពីបញ្ហាសង្គ្រាម និងការដែលសហរដ្ឋអាមេរិកបានផ្អាកការដឹកជញ្ជូនមីស៊ីលការពារដែនអាកាសមួយចំនួន ដែលធ្វើឲ្យកិច្ចសន្ទនានេះកាន់តែមានភាពបន្ទាន់៕