(ដាម៉ាស)៖ ប្រទេសស៊ីរី បានប្រកាសនៅថ្ងៃសុក្រថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយសហរដ្ឋអាមេរិក ក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងផ្ដាច់ខ្លួនឆ្នាំ ១៩៧៤ ជាមួយអ៊ីស្រាអែលវិញ។ ការប្រកាសនេះ គឺជាការបើកទ្វារការទូតដ៏សំខាន់មួយ ដែលកើតឡើងក្រោយកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយអាមេរិក ស្តីពីការដកទណ្ឌកម្ម និងការបើកស្ថានទូតឡើងវិញ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shibani និងសមភាគីអាមេរិក លោក Marco Rubio ភាគីទាំងពីរបានបង្ហាញពីបំណងចង់បើកស្ថានទូតរបស់ខ្លួនឡើងវិញ។ លោក Rubio បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កំពុងអនុវត្តសេចក្ដីណែនាំដើម្បីលើកលែងទណ្ឌកម្មលើស៊ីរី រួមទាំងច្បាប់ Caesar Act ផងដែរ។ អាមេរិកក៏គ្រោងនឹងអញ្ជើញរដ្ឋមន្ត្រីការបរទេសស៊ីរីទៅបំពេញទស្សនកិច្ចនៅវ៉ាស៊ីនតោនទៀតផង។

សំណើរបស់ស៊ីរីនេះ ធ្វើឡើងក្នុងបរិបទដែលកងកម្លាំងអ៊ីស្រាអែលបានចូលក្នុងតំបន់ទ្រនាប់ដែលត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ (UN) ហើយកំពុងបន្តការវាយប្រហារនៅភាគខាងត្បូងប្រទេសស៊ីរី។ សកម្មភាពរបស់អ៊ីស្រាអែលនេះ ត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀងផ្ដាច់ខ្លួនឆ្នាំ ១៩៧៤ ដែលបង្កើតតំបន់ទ្រនាប់នេះឡើង។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដែលបានឡើងរវាងរដ្ឋាភិបាលថ្មីរបស់ស៊ីរី និងសហរដ្ឋអាមេរិកនេះ អាចនឹងផ្លាស់ប្តូរទាំងស្រុងនូវស្ថានភាពភូមិសាស្ត្រនយោបាយនៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល និងកាត់បន្ថយឥទ្ធិពលរបស់អ៊ីរ៉ង់ក្នុងតំបន់ បន្ទាប់ពីការដួលរលំនៃរបបលោក Assad៕