(បែរឡាំង)៖ សារព័ត៌មានអាមេរិក Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍នៅថ្ងៃសុក្រ​ ទី១១ ខែកក្កដា ថាអាល្លឺម៉ង់មានផែនការទិញយន្តហោះចម្បាំង F-35 ១៥គ្រឿងបន្ថែមទៀត ខណៈប្រការនេះនឹងធ្វើឱ្យចំនួន F-35 ដែលអាល្លឺម៉ង់បញ្ជាទិញសរុបទាំងអស់ កើនដល់៥០គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីចុងឆ្នាំ២០២២ អាល្លឺម៉ង់បានដាក់ការបញ្ជាទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ចំនួន៣៥គ្រឿង ដើម្បីយកមកប្រើប្រាស់ ជំនួសយន្តហោះចម្បាំងស៊េរីចាស់ Tornado ចំនួន៨៥គ្រឿងរបស់ខ្លួន ដែលនឹងត្រូវដាក់ឱ្យចូលនិវត្តន៍។ យន្តហោះ F-35 ដំបូង ត្រូវបានរំពឹងថា នឹងប្រគលមកឱ្យទីក្រុងបែរឡាំង នៅអំឡុងឆ្នាំ២០២៦។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍ខាងលើលេចឡើង ចំពេលមានភាពតានតឹងរវាងអាល្លឺម៉ង់និងបារាំង ជុំវិញគម្រោងអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នារវាងប្រទេសអឺរ៉ុបទាំងពីរ ហៅថា FCAS ដែលបានប្រឈមជាមួយការពន្យារពេលជាបន្តបន្ទាប់ ព្រមទាំងការខ្វែងគំនិតពាក់ព័ន្ធចំណែកការងារ និងកម្មសិទ្ធិបញ្ញា៕