(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ ទី១១ ខែកក្កដា នេះថា សហរដ្ឋអាមេរិក បានទាមទារឱ្យកូរ៉េខាងត្បូង ចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ចិន នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ខណៈប្រទេសទាំងពីរ បាននិងកំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការសាងសង់នាវា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Chang Sung-gil ប្រធានគោលនយោបាយពាណិជ្ជកម្ម បញ្ជាក់ថា «ទីក្រុងវ៉ាស៉ីនតោន កំពុងស្នើទីក្រុងសេអ៊ូល ឱ្យចូលរួមវិធានការទប់ស្កាត់ចិន ជាផ្នែកនៃបុរេលក្ខខណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើការសាងសង់នាវា។ អាមេរិកមានអារម្មណ៍ថា វិបត្តិគឺកើតចេញពីការកើនឡើងនូវវត្តមានចិន ក្នុងវិស័យផលិតនាវា»

តាមលោក Chang សហរដ្ឋ​អាមេរិក​ ក៏​បានបង្ហាញចេតនា​ការ​កាត់​បន្ថយ​ ឬ​លុប​ចោល​ពន្ធ​លើ​ឧស្សាហកម្ម​ជាក់លាក់ ​ដូចជា​រថយន្ត​ និង​ដែកថែបជាដើម។ សហរដ្ឋអាមេរិក ក៏កំពុងស្នើឱ្យទីក្រុងសេអ៊ូល ជំរុញការវិនិយោគ ទិញផលិតផលថាមពល និងកសិកម្មរបស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការចរចាលើពន្ធគយ ២៥ភាគរយផងដែរ ប៉ុន្តែលោក Chang បានបន្ថែមថា មានភាពរស៉ើបផ្នែកនយោបាយជាច្រើននៅកូរ៉េខាងត្បូង ពេលនិយាយដល់ការពង្រីកការនាំចូលផលិតផលកសិកម្ម៕