(បែរឡាំង)៖ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយថា ប្រទេសអឺរ៉ុបមួយនេះ មិនមានផែនការទិញយន្តហោះចម្បាំង F-35 បន្ថែមពីសហរដ្ឋអាមេរិកឡើយ បន្ទាប់ពីសារព័ត៌មានអាមេរិក Politico ក្នុងថ្ងៃដដែលនោះ បានរាយការណ៍ថា អាល្លឺម៉ង់គ្រោងពង្រីកចំនួនយន្តហោះចម្បាំងដ៏ទំនើបនេះ ដែលខ្លួនបញ្ជាទិញឱ្យដល់៥០គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីចុងឆ្នាំ២០២២ អាល្លឺម៉ង់បានសម្រេចបញ្ជាទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ចំនួន៣៥គ្រឿង ដើម្បីយកមកប្រើប្រាស់ជំនួសយន្តហោះចម្បាំងស៊េរីចាស់ Tornado សរុប៨៥គ្រឿងរបស់ខ្លួន ដែលនឹងត្រូវដាក់ឱ្យចូលនិវត្តន៍។ Politico បានរាយការណ៍ថា ឥឡូវទីក្រុងបែរឡាំង គ្រោងទិញ F-35 ចំនួន១៥គ្រឿងបន្ថែមទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានចេញមុខច្រានចោលសេចក្តីរាយការណ៍របស់ Politico ដោយនិយាយថា ក្រសួងនាពេលនេះមិនមានផែនការណាមួយ ដើម្បីទិញយន្តហោះចម្បាំង F-35 បន្ថែមទៀត លើសពី F-35 ចំនួន ៣៥គ្រឿង ដែលត្រូវបានបញ្ជាទិញក្នុងកិច្ចសន្យារួចហើយ នោះឡើយ។
គួរបញ្ជាក់ថា សេចក្តីរាយការណ៍របស់ Politico លេចឡើង ចំពេលមានភាពតានតឹងរវាងអាល្លឺម៉ង់និងបារាំង ជុំវិញគម្រោងអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នារវាងប្រទេសអឺរ៉ុបទាំងពីរ ហៅថា FCAS ដែលបានប្រឈមជាមួយការពន្យារពេលជាបន្តបន្ទាប់ ព្រមទាំងការខ្វែងគំនិតពាក់ព័ន្ធចំណែកការងារ និងកម្មសិទ្ធិបញ្ញា៕