(តិចសាស់)៖ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយការពារវិធានការឆ្លើយតប​របស់រដ្ឋាភិបាលនិងរបស់រដ្ឋ ចំពោះគ្រោះទឹកជំនន់ដ៏ប្រល័យនៅរដ្ឋ Texas ស្របពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់​តំបន់ Texas Hill Country ជាទីដែលមនុស្សយ៉ាងហោច១២០នាក់ ក្នុងនោះរួមមានកុមាររាប់សិបនាក់ បានបាត់បង់ជីវិត កាលពី១សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងកិច្ចពិភាក្សាតុមូល ក្រោយចុះពិនិត្យមើល Kerr County ដែលជាកន្លែងរងគ្រោះខ្លាំងជាងគេបង្អស់ លោក ដូណាល់ ត្រាំ បានកោតសរសើរអភិបាលរដ្ឋ Texas លោក Greg Abbott និងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem សម្រាប់​វិធានការឆ្លើយតបរបស់ពួកគេ ហើយបាននិយាយថា អ្នកទាំងពីរធ្វើការបានយ៉ាងល្អ។

រដ្ឋបាលលោក ត្រាំ ព្រមទាំងអាជ្ញាធរប្រចាំមូលដ្ឋាននិងប្រចាំរដ្ឋ ប៉ុន្មានថ្ងៃមកនេះបានប្រឈមមុខ ជាមួយការចោទសួរកាន់តែខ្លាំងថា តើអាចមានអ្វី​ត្រូវបានធ្វើឡើងបន្ថែមទៀតដែរឬទេ ដើម្បីការពារក៏ដូចជាជូនដំណឹងដល់ប្រជាជន មុនពេលមានគ្រោះទឹកជំនន់នោះ ដែលបានកើតឡើងក្នុងល្បឿនយ៉ាងឆាប់រហ័សបំផុត កាលពីវេលាទាបភ្លឺថ្ងៃទី៤ ខែកក្កដា ដែលជាថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិរបស់អាមេរិក។ លោក ត្រាំ បានប្រតិកម្មទាំងខឹង នៅពេលអ្នកកាសែតម្នាក់បាននិយាយថា គ្រួសារមួយចំនួនដែលរងគ្រោះដោយសារទឹកជំនន់ បានបង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះការដែលសារព្រមានជូនដំណឹង មិនត្រូវបានបញ្ជូនចេញទាន់ពេលវេលា។

ទន្ទឹមគ្នាអ្នករិះគន់មួយចំនួន ក៏បានចោទសួរដែរថា តើការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ចំពោះទីភ្នាក់ងារជាតិឧតុនិយម NWS និងទីភ្នាក់ងារសហព័ន្ធគ្រប់គ្រងគ្រោះអាសន្ន FEMA ប្រហែលអាចជាកត្តាចម្បងមួយ ដែលជំរុញឱ្យគ្រោះមហន្តរាយនេះកាន់តែមានសភាពធ្ងន់ធ្ងរ ឬយ៉ាងណា។ ក្រុមមន្រ្តីរបស់លោក ត្រាំ បានាអះអាងថា ការកាត់បន្ថយការចំណាយនោះ មិនមានផលប៉ះពាល់អ្វី ចំពោះសមត្ថភាព​ព្យាករព្យុះរបស់ទីភ្នាក់ងារ NWS និងសមត្ថភាពឆ្លើយតបរបស់ទីភ្នាក់ងារ FEMA ឡើយ។

គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់១២០នាក់ នៅមានរាប់សិបនាក់ផ្សេងទៀត ដែលបន្តបាត់ខ្លួនមកទល់នឹងពេលនេះ នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ សម្រាប់ប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក៕