(ប៉េកាំង)៖ ក្រសួងការបរទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៥ ខែកក្កដានេះថា រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានជួបប្រធានាធិបតី លោក Xi Jinping ខណៈកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃអង្គការសហប្រតិបត្តិការស៊ាងហៃ (SCO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រនៃក្រសួង លោក Lavrov បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជូនចំពោះលោក Xi ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា លោក Lavrov និងលោក Xi បានពិភាក្សាអំពីបញ្ហាមួយចំនួន ទាក់ទងនឹងទំនាក់ទំនងនយោបាយទ្វេភាគី រួមទាំងការត្រៀមលក្ខណៈ សម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខ របស់ប្រធានាធិបតីរុស្ស៉ី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
ប្រសិនបើមិនមានការប្រែប្រួលទេ លោក ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃ SCO ជួបពិភាក្សាជាមួយលោក Xi និងចូលរួមពិធីនានាផ្សេងទៀត នៅថ្ងៃទី៣ ខែកញ្ញា ដើម្បីរំលឹកខួបនៃជ័យជំនះលើប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ៕