(មូស្គូ)៖ អភិបាលតំបន់និយាយថា មនុស្សមួយចំនួនបានរងរបួស ហើយផ្ទះ និងអគារមិនមែនលំនៅឋានរងការខូចខាត ក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន កាលពីយប់ថ្ងៃចន្ទ មកលើតំបន់ Lipetsk និង Voronezh ភាគនិរតីប្រទេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។
លោក Alexander Gusev បាននិយាយថា អង្គភាពការពារដែនអាកាសរបស់រុស្ស៉ី បានបំផ្លាញដ្រូន ១២គ្រឿងនៅលើតំបន់ Voronezh ជាប់ព្រំដែនអ៊ុយក្រែន។ នៅកណ្តាលក្រុង Voronezh មនុស្សជាច្រើនបានរងរបួសស្រាល ដោយសារតែកម្ទេចកំទីនៃដ្រូន ហើយអគារច្រើនជាន់ និងផ្ទះនៅតំបន់ជាយក្រុង ក៏បានរងការខូចខាតផងដែរ។
នៅឯទីក្រុង Yelets នៃតំបន់ Lipetsk វិញ ដ្រូនមួយគ្រឿងបានធ្លាក់ក្នុងតំបន់ឧស្សាហកម្ម ដោយអភិបាលតំបន់ លោក Igor Artamonov បាននិយាយថា មានមនុស្សម្នាក់ត្រូវរបួស។ បើតាមក្រសួងការពារជាតិរុស្ស៉ី ដ្រូន ៥៥គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញនៅលើតំបន់ចំនួន ៥របស់រុស្ស៉ី និងសមុទ្រខ្មៅ រួមទាំង ៣គ្រឿងនៅលើតំបន់ Lipetsk។
ភ្លាមៗនេះមិនទាន់មានការបញ្ជាក់ពីអ៊ុយក្រែទេ ប៉ុន្តែភាគីទាំងសងខាង តែងបដិសេធកំណត់គោលដៅលើជនស៉ីវិល អំឡុងសង្រ្គាមជាង ៣ឆ្នាំមកនេះ៕