(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដាថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនត្រូវ វាយប្រហារលើទីក្រុងមូស្គូនោះទេ ហើយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គួរតែយល់ព្រមទទួលយកបទឈប់បាញ់ក្នុងរយៈពេលឱសានវាទ៥០ថ្ងៃ បើពុំដូច្នោះទេ រុស្ស៉ីនឹងត្រូវជាប់ទណ្ឌកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីសារព័ត៌មាន Financial Times បានរាយការណ៍ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានកាលពីថ្ងៃអង្គារថា លោក ត្រាំ បានជំរុញជាលក្ខខណៈឯកជនឱ្យអ៊ុយក្រែនវាយប្រហារចូលកាន់តែជ្រៅក្នុងទឹកដីរុស្ស៉ី។ តាម Financial Times លោក ត្រាំ បានសាកសួរលោក ហ្សេលេនស្គី ថាតើមេដឹកនាំអ៊ុយក្រែនរូបនេះអាចវាយប្រហារលើទីក្រុងមូស្គូដែរឬទេ ប្រសិនបើសហរដ្ឋអាមេរិកផ្ដល់អាវុធរយៈចម្ងាយឆ្ងាយ។ ក៏ប៉ុន្តែ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមាន និងជាការឆ្លើយតបទៅនឹងសំណួរដែលថាតើលោក ហ្សេលេនស្គី គួរតែវាយប្រហារលើរដ្ឋធានីរបស់រុស្ស៉ីដែរឬទេ? លោក ត្រាំ បានឆ្លើយថា «ទេ គាត់ (លោក ហ្សេលេនស្គី) មិនត្រូវវាយប្រហារលើទីក្រុងមូស្គូនោះទេ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសពីការប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងរុស្ស៉ី ជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែនជាង៣ឆ្នាំមកនេះ ជាមួយការសន្យាបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន និងដាក់ឱសានវាទ៥០ថ្ងៃ ឱ្យទីក្រុងមូស្គូទទួលយកបទឈប់បាញ់ បើពុំដូច្នោះទេ នឹងត្រូវជាប់ពន្ធគយ១០០ភាគរយ ខណៈ លោកក៏បានព្រមានយកពន្ធគយ១០០ភាគរយលើប្រទេសជាដៃគូពាណិជ្ជកម្មរបស់រុស្ស៉ីផងដែរ៕