(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកជឿជាក់ថា ចក្រភពអង់គ្លេសមុខជានឹងជួយប្រយុទ្ធ ដើម្បីការពារសហរដ្ឋអាមេរិក ប៉ុន្តែបើនិយាយពីអង្គការ NATO ឬ សហភាពអឺរ៉ុប (EU) វិញនោះ គឺលោកពុំអាចថាឱ្យប្រាកដឡើយ ហើយវាក៏ជាហេតុផលចម្បងមួយផងដែរ ដែលលោកមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានអង់គ្លេស BBC ចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ក៏បានលើកឡើងដែរថា រូបលោកតែបន្តមានមន្ទិលសង្ស័យ អំពីការគាំទ្រពីសំណាក់សមាជិកអង្គការ NATO បើទោះបីជាពួកគេបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិក៏ដោយ។
លោក ត្រាំ បាននិយាយដូច្នេះថា «បញ្ហាមួយជាមួយ NATO គឺយើងត្រូវជួយប្រយុទ្ធដើម្បីពួកគេ ប៉ុន្តែតើពួកគេនឹងពិតជាជួយប្រយុទ្ធ ដើម្បីយើងដែរឬក៏អត់ ប្រសិនបើយើងមានសង្រ្គាម។ ខ្ញុំមិនអាចនិយាយឱ្យប្រាកដឡើយចំពោះចំណុចនេះ ប៉ុន្តែខ្ញុំជឿជាក់ថា អង់គ្លេសនឹងជួយប្រយុទ្ធជាមួយយើង»។ ក្នុងចំណោមសមាជិកទាំង៣២របស់ NATO គឺ២៣ប្រទេស ក៏ជាសមាជិកសហភាពអឺរ៉ុបផងដែរ។ លោក ត្រាំ បានបន្តថា រឿងនេះហើយដែលជាកត្តាមួយ ជំរុញឱ្យរូបលោកចុះកិច្ចព្រមព្រៀងពន្ធគយមុនគេ ជាមួយអង់គ្លេស។ ផ្ទុយមកវិញ លោកបានគំរាមយកពន្ធ៣០ភាគរយលើទំនិញមកពីសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា តែមួយលើកគត់ដែលមាត្រា៥របស់ NATO គឺបន្ទាប់ពីសហរដ្ឋអាមេរិក រងការវាយប្រហារភេរវកម្មយ៉ាងកក្រើក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ មាត្រា ៥ ឬ Article 5 នោះ ជាមូលដ្ឋានគ្រឹះនៃសន្ធិសញ្ញាដែលបង្កើតបក្សសម្ព័ន្ធយោធានេះឡើង ដោយវាកំណត់ថា ការវាយប្រហារលើសមាជិកមួយ ស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់៕