(សេអ៊ូល)៖ ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី១៦ ខែកក្កដានេះ គ្រូបង្រៀនម្នាក់ និងម្តាយសិស្សវិទ្យាល័យមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនសម្រាប់ការលួចចូលក្នុងសាលា ដើម្បីលួចយកឯកសារប្រឡង។

អ្នកទាំងពីរត្រូវបានចោទប្រកាន់ ពីបទលួចចូលវិទ្យាល័យក្នុងទីក្រុង Andong ចម្ងាយប្រហែល ២៧៩គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១រំលងអាធ្រាតថ្ងៃទី៤ ខែកក្កដា ដើម្បីលួចឯកសារប្រឡង បង្កឱ្យមានការភ្ញាក់ផ្អើល និងឈានទៅដល់ការចាប់ខ្លួនតែម្តង។ ប៉ូលិស​ប៉ុស្តិ៍​ Andong ​បញ្ជាក់​ថា​ «​គ្រូបង្រៀន​អាយុ ៣១ ឆ្នាំ និង​ម្តាយ​អាយុ ៤៨ឆ្នាំ​ បាន​សារភាព​ពី​បទឧក្រិដ្ឋ​នេះ»​។ បើតាមអាជ្ញាធរ គ្រូបង្រៀនរូបនេះ ក៏ជាគ្រូបង្រៀនគួរផងដែរ។ ប៉ូលិស​សង្ស័យ​ថា អ្នក​ទាំង​ពីរ​ប្រហែល​ជា​ធ្លាប់​ប្រព្រឹត្ត​អំពើ​លួច​ស្រដៀង​គ្នា​កាល​ពី​​មុន ដោយ​ការសូកប៉ាន់រវាង​គ្រូ និង​ម្តាយរបស់សិស្ស។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ​ត្រូវបានគេស្គាល់ថា ជាប្រទេសផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សមិទ្ធិ​ផល​សិក្សា ដោយ​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ​ប្រចាំ​ឆ្នាំ ត្រូវមាន​យន្តហោះ​ហោះកាត់ ​អំឡុង​ពេល​ប្រឡង​ស្តាប់​ភាសា​អង់គ្លេស៕