(ប៉េកាំង)៖ «ប្រទេសចិនស្អាត» ជាបញ្ញត្តិដ៏ពេញនិយមនៅក្នុងប្រទេសចិន ដែលមិនត្រឹមតែជាយុទ្ធសាស្ត្របរិស្ថានជាតិ របស់ខ្លួននោះទេ វាថែមទាំងផ្តល់នូវកំណើនយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច និងផ្តល់ជាទស្សនាទានដល់នយោបាយការទូតពី ប្រទេសចិនទៅដល់ទស្សនវិជ្ជាសកល។ «ប្រទេសចិនស្អាត» ជាប្រព័ន្ធគំនិតដែលផ្តល់ទឡ្ហីករណ៍ប្រកបដោយវិទ្យាសាស្ត្រ ស្តីពីទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិគឺជាអង្គឯកភាពរួមគ្នា ហើយទស្សនៈនេះបានបន្តពង្រីកវិសាលភាពក្លាយជា អរិយធម៌អេកូឡូស៊ីស្របតាមប្រាជ្ញាចិនដែលបានផ្តួចផ្តើមនិងប្រតិបត្តិយ៉ាងស៊ីជម្រៅដោយលោក Xi Jinping ប្រធានរដ្ឋចិន។
ការកសាង «ប្រទេសចិនស្រស់ស្អាត» ជាគោលដៅនៃការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី ដែលមានភាពប្រទាក់ក្រឡាគ្នា និងជាបើកជំពូកថ្មីរបស់ប្រទេសចិន នៅក្នុងការលើកកម្ពស់បៃតងភាពយ៉ាងពេញលេញដល់ ការកសាងសហគមន៍រួមជីវិត សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ចាក់បញ្ចូលទាំងស្រុងទៅក្នុងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយក្លាយជាបទពិសោធន៍ ដែលពិភពលោកកំពុងរៀនសូត្រតាមលំអានរបស់ប្រទេសចិន។
ជាសច្ចភាព នៅក្នុងសតវត្សរ៍ទី២១នេះ ប្រទេសចិនបានយល់ច្បាស់ថា ចរន្តនៃការអភិវឌ្ឍសេដ្ឋកិច្ច មនុស្សជាតិ មិនអាចដាច់ពីបញ្ហាបរិស្ថានឡើយ ហើយភាពធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយធនធានធម្មជាតិ ការបំពុលបរិស្ថាន និងភាពមិនសមនឹងគ្នានៃការអភិវឌ្ឍតាមតំបន់ កំពុងបង្កឱ្យមានការចោទសួរជាថ្មីលើស្វ័យភាពនៃការអភិវឌ្ឍសង្គមមនុស្ស ដែលលើកទឹកចិត្តដល់ប្រទេសចិន បង្កើនទំហំពណ៌បៃតងក្នុងប្រទេសរបស់ខ្លួន ដោយបានពង្រីកឥតឈប់ឈរ នូវផ្ទៃដីព្រៃឈើដែលចិន បានដាំដោយកម្លាំងមនុស្សទំហំសរុបរហូតដល់ទៅប្រហែល៨៧លានហិកតា ស្ថិតនៅលំដាប់ទីមួយលើពិភពលោក ពោលគឺប្រទេសចិន ជាប្រទេសដែលបង្កើនចំនួនធនធានព្រៃឈើច្រើនបំផុត និងក្នុងល្បឿនលឿនបំផុតលើពិភពលោក ហើយចូលសតវត្សរ៍ទី២១មក ក្នុងចំណោមទំហំព្រៃឈើដែលបង្កើតថ្មីលើពិភពលោក ទំហំ២៥%គឺស្ថិតក្នុងប្រទេសចិន។ ក្នុងបរិបទនេះ ប្រទេសចិនបាននិងកំពុងរះឡើងជាអ្នកដឹកនាំ ផ្នែកទស្សនវិស័យអភិវឌ្ឍ ប្រកបដោយចីរភាព តាមរយៈគំនិត «ប្រទេសចិនស្អាត» ដែលផ្អែកលើបដិវត្តន៍គំនិតអេកូឡូស៊ីនិយម និង កិច្ចកសាងសហគមន៍រួមជីវិត។
«ប្រទេសចិនស្អាត» ជាបញ្ញត្តិដើរតាមលំអានទស្សនវិជ្ជាតាវ និងទស្សនវិជ្ជាខុងជឺដែលជាគ្រឹះមូលដ្ឋានជាសារវន្ត ដល់ការរស់នៅជាប់ជាមួយធម្មជាតិដើម្បីបង្កើតទំនាក់ទំនងជាសន្តិភាពនិងមានតុល្យភាពរវាងការអភិវឌ្ឍនិងបរិស្ថាន។ ក្នុងវិស័យទស្សនវិជ្ជាអភិវឌ្ឍន៍ ប្រទេសចិនបានបញ្ចេញទស្សនវិស័យដើម្បីផ្លាស់ប្តូរទិសដៅ នៃការអភិវឌ្ឍសេដ្ឋកិច្ច ពីការរីកចម្រើនគ្មានដែនកំណត់ ទៅជាការរីកចម្រើនដែលមានសុវត្ថិភាពនិងបែបចីរភាព។ បញ្ញត្តិ «ប្រទេសចិនស្អាត» ជាទស្សនវិជ្ជាចិនដែលបានផ្តោតលើគុណភាពជំនួសបរិមាណ និងផ្តល់ជាគតិដល់មនុស្សជាតិឱ្យយល់យ៉ាងច្បាស់ថា ប្រទេសចិនបាននិងកំពុងផ្តល់បច្ច័យទានពីការថែរក្សាបរិស្ថានមិនមែនជាឧបសគ្គនៃអភិវឌ្ឍទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ និន្នាការវឌ្ឍនភាពរីកចម្រើនដ៏ប្រសើរនៃសេដ្ឋកិច្ចបៃតងដោយរួមបញ្ចូលនូវកំណើនទេសចរដែលជាមាសបៃតងថែមទៀតផង។
បញ្ញត្តិ «ប្រទេសចិនស្អាត» ក៏ផ្តល់គំរូភាពជាសកលថា ការអភិវឌ្ឍតាមបែបផែនចិនបន្តរក្សាភាពគង់វង្ស នៃធនធានធម្មជាតិរបស់ពិភពលោក ពោលគឺបញ្ញត្តិនេះបានផ្ទេរទៅភាពជាដៃគូសកល ដោយបានផ្ដល់ជំនួយបច្ចេកទេស និងគំនិតសម្រាប់ការអភិវឌ្ឍបៃតងដល់ប្រទេសនានា ជាពិសេសសម្រួចដល់ការអនុវត្ត គម្រោងបៃតងនានាក្នុងក្របខណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ជាក់ស្តែងផលិតផលរថយន្តអគ្គិសនីរបស់ប្រទេសចិន បានក្លាយជាម៉ាកផលិតផលសកលប្រកបដោយទំនុកចិត្ត ដែលនេះជាការរួមចំណែកដល់ពិភពលោកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពស្របតាមរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងជាការប្តេជ្ញាចិត្តប្រកបដោយទំនួលខុសត្រូវរបស់ប្រទេសចិន សម្រាប់ផែនដីដែលជាផ្ទះរួម របស់យើងលើអព្យាក្រឹតកាបូននៅក្នុងលំហអាកាស។
បញ្ញត្តិ «ប្រទេសចិនស្អាត» ត្រូវបានអ្នកសិក្សាស្រាវជ្រាវយល់ស្របគ្នាថា ជាទស្សនវិជ្ជាមួយដែលផ្តល់លំនាំអភិវឌ្ឍជឿនលឿន និងជាឯកសារសកលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពដោយស្ថិតនៅលើមូលដ្ឋាន ជាអ្នកការពារយ៉ាងខ្ជាប់ខ្ជួនដល់បរិស្ថានសកល ដោយរក្សាបាននូវស្មារតីប្រយុទ្ធមិនរួញរាយកជ័យជម្នះលើសមរភូមិដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន និងការបំផ្លិចបំផ្លាញអេកូឡូស៊ី ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងកាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងសន្និសីទជាតិស្តីពី ការការពារបរិស្ថាននិងអេកូឡូស៊ី ត្រូវបានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង ដោយបានស្នើឱ្យលើកកម្ពស់ទូលំទូលាយ ការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងពន្លឿនទំនើបកម្មនៃការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។
ការណ៍នេះបានគូសបញ្ជាក់ថា ប្រទេសចិនបាននិងកំពុងចាក់បញ្ចូលក្នុងសង្គមរបស់ខ្លួន នូវអរិយធម៌អេកូឡូស៊ីដែលជា មាគ៌ាឆ្ពោះទៅកាន់ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយដែលប្រជាជនចិនគ្រប់រូបយល់ស្របគ្នាថា «ការថែរក្សាអរិយធម៌អេកូឡូស៊ីប្រៀបដូចជាថែរក្សាកែវនេត្រារបស់ខ្លួន»។ បន្ថែមពីលើនេះ ពិភពលោកបានចងចាំងយ៉ាងច្បាស់ថា ១៨ ឧសភា ឆ្នាំ២០១៨ ជាគីឡូម៉ែត្រចេញដំណើរនូវបន្ទាត់ក្រហម នៃការការពារបរិស្ថានអេកូឡូស៊ីក្នុងប្រទេសចិនចាក់បញ្ចូលបន្ថែម ទៅក្នុងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ដែលប្រទេសចិនជាជើងឯកក្នុងការផ្តួចផ្តើម និងជាប្រតិបត្តិករយ៉ាងខ្ជាប់ខ្ជួន ដល់កិច្ចព្រមព្រៀងប៉ារីសនេះ។
ជារួម «ប្រទេសចិនស្អាត» បានពន្លាតទស្សនៈប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្តីពី «ទឹកស្អាត ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» កាលពីថ្ងៃទី១៨ ខែឧសភា ២០០៥ ហើយក៏ជាពន្លាតវិសាលភាពនៃទិវាជាតិអរិយធម៌អេកូឡូស៊ី របស់ប្រទេសចិនដោយបានចេញដំណើរពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដែលបានជួយយ៉ាងសកម្មដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលធានាលើសន្តិសុខថាមពល និងប្រគល់មេឃពណ៌ខៀវដល់ប្រជាជនចិនដើម្បីសន្តិសុខស្បៀង និងធានាការចែករំលែក គំរូភាពដល់សហគមន៍អន្តរជាតិពីបទពិសោធន៍យ៉ាងជោគជ័យ ស្តីពីការអភិវឌ្ឍនប្រកបដោយចីរភាព និងសុខភាពល្អមាំធន់ខ្លាំង នៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិន។
បន្ថែមពីលើនេះ បញ្ញត្តិ «ប្រទេសចិនស្អាត» បានជួយដល់មនុស្សចាស់របស់ប្រទេសចិន មានជីវភាពរស់នៅកាន់តែប្រសើរឡើង ឬជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់របស់ប្រទេសចិន ហើយដែលតាមរយៈនេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចបានផ្តល់ទឡ្ហីករណ៍ថា ក្នុងឆ្នាំ២០៣៥ សេដ្ឋកិច្ចពណ៌ប្រាក់របស់ប្រទេសចិន នឹងកើនដល់៣០ទ្រីលានប្រាក់យាន់ចិន៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន