ពន្ធគយអាមេរិក នឹងក្លាយបញ្ហាប្រឈមថ្មី ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 នៅអាហ្វ្រិកខាងត្បូង (Video inside)

17-07-2025 11:27

(DURBAN, អាហ្រ្វិកខាងត្បួង)៖ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារនៃក្រុមប្រទេស G20 នឹងជួបប្រជុំគ្នាក្នុងប្រទេសអាហ្រ្វិកខាងត្បូង នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដានេះ ក្រោមស្រមោលនៃការគំរាមកំហែងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងចម្ងល់ជុំវិញសមត្ថភាពរួមគ្នា ដោះស្រាយបញ្ហាប្រឈមជាសកល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent នឹងមិនមកចូលរួមកិច្ចប្រជុំពីរថ្ងៃនៅក្នុងទីក្រុងឆ្នេរសមុទ្រ Durban ទេ ដែលជាការអវត្តមានលើកទី ២ពីព្រឹត្តិការណ៍របស់ G20 នៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំនេះ។ ប៉ុន្តែលោក Michael Kaplan អនុរដ្ឋមន្រ្តីការបរទេសអាមេរិកស្តីទី ទទួលបន្ទុកកិច្ចការអន្តរជាតិនឹងចូលរួមជំនួស។ ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា បារាំង និងរុស្ស៉ី ក៏នឹងមិនចូលរួមកិច្ចប្រជុំនេះដែរ។

ប្រទេសម្ចាស់ផ្ទះអាហ្រ្វិកខាងត្បូង មានបំណងលើកកម្ពស់របៀបវារៈរបស់ខ្លួន ដែលរួមមានទាំងការចំណាយខ្ពស់ និងការផ្តល់មូលនិធិសម្រាប់សកម្មភាពបម្រែបម្រួលអាកាសធាតុ។ ទេសាភិបាលធនាគារកណ្តាលអាហ្រ្វិកខាងត្បូង លោក Lesetja Kganyago បាននិយាយថា ឱ្យតែមានអ្នកតំណាងមកចូលរួមកិច្ចប្រជុំគឺបានហើយ។ G20 មានបំណងសម្របសម្រួលផ្នែកគោលនយោបាយ ប៉ុន្តែមិនមានជាកាតព្វកិច្ច។

គួរបញ្ជាក់ថា កិច្ចប្រជុំ G20 កាលពីខែកក្កដា ឆ្នាំ ២០២៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយឯកភាពលើតម្រូវការ ដើម្បីទប់ទល់នឹងការការពារនិយម ប៉ុន្តែមិនបាននិយាយអំពីការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែននោះទេ៕