រុស្ស៉ីប្រគល់សាកសពទាហាន ១០០០នាក់ទៀត ឱ្យទៅអ៊ុយក្រែន (Video inside)
17-07-2025 16:38
(មូស្គូ)៖ មន្រ្តីចរចាជាន់ខ្ពស់របស់ទីក្រុងមូស្គូ បានប្រកាសថា នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា រុស្ស៉ីបានប្រគល់ឱ្យអ៊ុយក្រែន នូវសាកសពទាហានចំនួន១០០០នាក់ទៀត ក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបាន អំឡុងកិច្ចពិភាក្សាសន្តិភាពកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កិច្ចចរចា២ជុំនៅទីក្រុងអ៉ីស្តង់ប៊ូលរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ មិនសម្រេចបានវឌ្ឍនភាពអ្វីឡើយសម្រាប់ឆ្ពោះទៅរកបទឈប់បាញ់ ប៉ុន្តែជំនួសមកវិញ បាននាំឱ្យមានការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងការព្រមព្រៀងដើម្បីប្រគល់សាកសពទាហាន ដែលត្រូវបានសម្លាប់។ មន្រ្តីចរចាជាន់ខ្ពស់និងជាទីប្រឹក្សានៅវិមានក្រឹមឡាំង លោក Vladimir Medinsky បានបង្ហោះសារលើ Telegram ដូច្នេះថា «ក្រោយការព្រមព្រៀងគ្នានៅអ៉ីស្តង់ប៊ូល សាកសពទាហានអ៊ុយក្រែន១០០០នាក់ទៀត ត្រូវបានប្រគល់ឱ្យអ៊ុយក្រែននៅថ្ងៃនេះ»។ បើតាមលោក Medinsky អ៊ុយក្រែនបានប្រគល់មកវិញនូវសាកសពទាហានរុស្ស៉ីចំនួន១៩នាក់ ផងដែរ។
គួរបញ្ជាក់ថា ទោះបីជាមានសម្ពាធយ៉ាងណាក៏ដោយ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រុស្ស៉ីបានបដិសេធការអំពាវនាវឱ្យមានបទឈប់បាញ់ ហើយភាគីទាំងពីរក៏ហាក់ស្ថិតនៅឆ្ងាយខ្លាំង ពីការព្រមព្រៀងគ្នាដើម្បីបិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាង ៣ឆ្នាំមកហើយនេះ។
អំឡុងកិច្ចចរចាកាលពីខែមុន រុស្ស៉ីបានបន្តដាក់ចេញការទាមទារយ៉ាងរឹងមាំរបស់ខ្លួន រួមមានទាំងការតម្រូវឱ្យអ៊ុយក្រែនលះបង់ទឹកដីបន្ថែម ហើយកុំទទួលយកការគាំទ្រយោធាគ្រប់ទម្រង់ពីក្រុមលោកខាងលិច។ ទីក្រុងកៀវបានទាត់ចោលការទាមទារទាំងនោះ ដោយចាត់ទុកជាឱសានវាទមិនអាចទទួលយកបាន ហើយបានចោទសួរថា តើការចរចាទៅមុខបន្តទៀតមានប្រយោជន៍អ្វី ប្រសិនបើទីក្រុងមូស្គូហាក់ដូចជាគ្មានឆន្ទៈធ្វើសម្បទានផងនោះ៕