(ស្វីស)៖ ប្រទេសស្វីស (ជាភាសាអង់គ្លេសគឺ Switzerland ចំណែកជាភាសាផ្លូវការគឺ Swiss Confederation) ជាសាធារណរដ្ឋសហព័ន្ធនៅអឺរ៉ុបខាងលិច។
ប្រទេស ស្វីស បានជាប់ចំណាត់ជាប្រទេសមួយ ដែលមានសុភមង្គល និងសុវត្ថិភាពបំផុតលើពិភពលោក ជាហេតុនាំឱ្យប្រទេសនេះក្លាយជាតំបន់ទាក់ទាញ ភ្ញៀវទេសចរណ៍ និងជាកន្លែងប្រមូលផ្តុំធនាគារ និងទីស្នាក់ការអង្គការអន្តរជាតិសំខាន់ៗលើពិភពលោក ។ មិនតែប៉ុណ្ណោះដោយសារភាពអំណោយផលបែបនេះ ធ្វើឱ្យប្រទេសស្វីស ក៏ជាកន្លែងសម្រាប់ការរៀបចំកិច្ចប្រជុំខ្នាតអន្តរជាតិផងដែរ។ ជាក់ស្តែងនៅថ្ងៃទី១៧ ខែមករាខាងមុខប្រទេស ស្វីសនឹងក្លាយជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងប្រទេសស្វីស៖
* រដ្ឋធានី៖ Bern
* ទីក្រុងធំជាងគេ៖ Zurich
* ភាសាផ្លូវការ៖ អាឡឺម៉ង់ បារាំង អ៊ីតាលី រ៉ូម
* ទម្រង់រដ្ឋាភិបាល៖ សហព័ន្ធ ពហុបក្ស សាធារណរដ្ឋ និងប្រជាធិបតេយ្យដោយផ្ទាល់
* ស្ថាប័ននីតិបញ្ញត្តិ៖មានទម្រង់ជាសភាសហព័ន្ធ ត្រូវបានបែងចែកជាពីរគឺសភាជាន់ខ្ពស(ក្រុមប្រឹក្សារដ្ឋ) និងសភាជាន់ទាប(ក្រុមប្រឹក្សាជាតិ)
* កំណើតរដ្ឋ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ១២៩១
* ផ្ទៃដី៖ ៤១,២៨៥គីឡូម៉ែត្រការ៉េ (ជាប់ចំណាត់ទី១៣៥លើពិភពលោក)
* ផ្ទៃទឹក៖ ៤.២ភាគរយនៃផ្ទៃដី
* ចំនួនប្រជាជន៖ ប្រហែល៨,៤០១,១២០នាក់(ឆ្នាំ២០១៦) (ជាប់ចំណាត់ថ្នាក់ទី១៣៥លើពិភពលោក)
* ដង់ស៊ីតេ៖ ២០២នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ជាប់ចំណាត់ថ្នាក់ទី៩៩លើពិភពលោក)
* GDPសរុប៖៤៩៣.១២៦ពាន់លានដុល្លារ (ជាប់ចំណាត់ថ្នាក់ទី៣៩លើពិភពលោក)
* GDPសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ៖៥៩,១៥០ដុល្លារ (ជាប់ចំណាត់ថ្នាក់ទី៩លើពិភពលោក)
* សណ្ឋានដី និងទីតាំងភូមិសាស្ត្រ៖
ផ្ទៃដីប្រទេស ស្វីសលាតសន្ធឹងនៅចន្លោះខ្សែស្របទី៤៥ និងទី៤៨ដឺក្រេនៃរយៈទទឹងខាងជើង និងក្នុងចន្លោះខ្សែបណ្តោយទី៥ និងទី១១ដឺក្រេ នៃរយៈបណ្តោយ ខាងកើត។ សណ្ឋានដីប្រទេស ស្វីស ចែកចេញជាបីតំបន់សំខាន់ៗគឺ៖ តំបន់ Alps នៅភាគខាងត្បូង តំបន់ខ្ពង់រាប នៅភាគកណ្តាល និងតំបន់ជួរភ្នំ Jura ស្ថិតនៅភាគខាងលិច។
រដ្ឋធានី Bern
រដ្ឋធានី Bern
ប្រទេស ស្វីស មានទីតាំងស្ថិតនៅទ្វីបអឺរ៉ុបភាគខាងលិច និងភាគកណ្តាល មានព្រំប្រទល់ខាងត្បូងជាប់ប្រទេស អ៊ីតាលី ខាងលិចជាប់បារាំង ខាងជើងជាប់អាឡឺម៉ង់ និងខាងកើតជាប់ប្រទេសអូទ្រីស និងលិចទេនស្តែន ដោយគ្មានព្រំប្រទល់ជាប់សមុទ្រឡើយ។ ដោយសារដែនដីមួយភាគធំគ្របដណ្តប់ដោយជួរភ្នំ Alps នាំឱ្យប្រជាពលរដ្ឋភាគច្រើនប្រមូលផ្តុំនៅតំបន់ខ្ពង់រាប ដែលស្ថិតនៅភាគកណ្តាល នៃប្រទេស និងជាបណ្តុំនៃទីក្រុងធំៗ។
ប្រទេស ស្វីសប្រមូលផ្តុំដោយដងភ្នំជាច្រើន ក្នុងនោះមានភ្នំរហូតដល់៤៨ ដែលមានកម្ពស់ជាង៤,០០០ម៉ែត្រពីនីវ៉ូសមុទ្រ ឬខ្ពស់ជាងនេះ។ ជាក់ស្តែងភ្នំ Monte Rosa ជាភ្នំដែលខ្ពស់ជាងគេ ដែលមានកម្ពស់រហូតដល់៤,៤៧៨ម៉ែត្រ ដែលត្រូវបានគេចាត់ទុកជាភ្នំដែលមានភាពល្បីល្បាញបំផុតសម្រាប់ប្រទេស ស្វីស។
* នយោបាយ៖
រដ្ឋធម្មនុញ្ញសហព័ន្ធរបស់ប្រទេស ស្វីស ត្រូវបានដាក់ចូលជាធរមានក្នុងឆ្នាំ១៨៤៨ គឺជាមូលដ្ឋានច្បាប់នៃរដ្ឋសហព័ន្ធសម័យទំនើប។ រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បានក្លាយជារដ្ឋធម្មនុញ្ញដែលមានវ័យចំណាស់ជាងគេលើពិភពលោក ដែលបានធ្វើកំណែទម្រង់ជាថ្មីក្នុងឆ្នាំ១៩៩៩ ប៉ុន្តែហាក់មិនមានការធ្វើកំណែទម្រង់ ច្រើនគួរកត់សម្គាល់ឡើយ។
ក្នុងប្រទេសស្វីសមានការបែងចែកអំណាចជាបីអង្គគឺ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ សភាក្នុងប្រទេស ស្វីសត្រូវបានបែងចែកជាពីរគឺ ក្រុមប្រឹក្សារដ្ឋ ដែលមានដំណាង៤៦រូប និងក្រុមប្រឹក្សាជាតិ ដែលមានសមាជិក២០០រូប។ សមាជិកនៃសភាទាំងពីរ មានអាណត្តិ៤ឆ្នាំ។ នៅពេលដែលសមាជិកសភាទាំងពីរ ក្រុមចូលកិច្ចប្រជុំរួមគ្នា ពួកគេត្រូវបានគេហៅថាសភាសហព័ន្ធ។ ប្រជាពលរដ្ឋស្វីសអាចសិទ្ធសម្រេចយល់ព្រម បដិសេធផ្តួចផ្តើម និងធ្វើវិសោធនកម្មច្បាប់ ដែលធ្វើឱ្យប្រទេសស្វីសក្លាយជាប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ «Direct Democracy»។
ចាប់តាំងពីឆ្នាំ១៩៥៩ មករដ្ឋាភិបាលស្វីស មានគណបក្សសំខាន់ធំៗបួន ដោយបក្សនីមួយៗមានអាសនៈក្នុងសភា ដែលទទួលបានសម្លេងគាំទ្រ និងជាដំណាងរាស្ត្ររបស់សភាសហព័ន្ធ។ ដោយឡែកតុលាការកំពូលវិញ មានតួនាទីទទួលពាក្យបណ្តឹងធំៗ ដែលត្រូវបានបោះឆ្នោតដោយសភា សហព័ន្ធដែលមានអាណត្តិរយៈពេលប្រាំមួយឆ្នាំ។
* វិស័យយោធា៖
កងទ័ពប្រទេស ស្វីស មានតែទ័ពជើងគោក និងទ័ពអាកាសប៉ុណ្ណោះ ដោយភាគច្រើនជាទ័ពកំណែន (សំដៅលើទ័ពជាប្រជាពលរដ្ឋដែលជាប់កាតព្វកិច្ចយោធា) ជាបុរសដែលមានវ័យចាប់ពី២០ ដល់៣៤ឆ្នាំ (អាចកើនដល់៥០ឆ្នាំក្នុងករណីពិសេស)។ ការពិតទៅកាតព្វកិច្ចយោធា មានតែសម្រាប់បុរសស្វីសប៉ុណ្ណោះ យ៉ាងនេះក្តី ស្ត្រីក៏អាចស្ម័គ្រចិត្តចូលបម្រើបានដែរ។ បុរសៗមានកាតព្វកិច្ចយោធាចូលហ្វឹកហាត់នៅក្នុងវ័យ១៨ឆ្នាំ។ ប៉ុន្តែមានតែពីរភាគបីនៃបុរសវ័យក្មេងរបស់ប្រទេស ស្វីសដែលសាកសមសម្រាប់កាតព្វកិច្ចនេះ។ ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណ២០ពាន់នាក់ ត្រូវបានចូលហ្វឹកហាត់នៅមណ្ឌលយោធា សម្រាប់រយៈពេល១៨ ទៅ២១សប្តាហ៍។
ដោយសារគ្មានព្រំប្រទល់ជាប់សមុទ្រ ហេតុនេះប្រទេស ស្វីស គ្មានទ័ពជើងទឹកនោះទេ។ យ៉ាងនេះក្តី ដោយវាមានបឹងធំមួយជាប់ប្រទេសជិតខាង ហេតុនេះទ័ពស្វីសបានប្រើប្រាស់នាវាសម្រាប់ល្បាតនៅទីនោះ។ ប្រជាពលរដ្ឋស្វីស ត្រូវបានហាមឃាត់មិនអនុញ្ញាតឱ្យបម្រើការជាយោធានៅក្រៅប្រទេសឡើយ លើកលែងតែក្រុមទ័ពល្បាតនៅបុរីវ៉ាទីកង់ ឬប្រសិនបើគេជាប្រជាពលរដ្ឋដែលមានពីរសញ្ជាតិ។
រចនាសម្ព័ន្ធនៃប្រព័ន្ធយោធាក្នុងប្រទេស ស្វីស បានចែងថា ពួកគេអាចរក្សាអាវុធនៅតាមលំនៅដ្ឋានផ្ទាល់ខ្លួនបាន។ គោលនយោបាយគ្រប់គ្រងអាវុធ មានលក្ខណៈដូចគ្នានៅអឺរ៉ុបទាំងមូលដែរ គឺប្រជាពលរដ្ឋប្រមាណ២៩ភាគរយមានសិទ្ធកាន់កាប់អាវុធដោយស្របច្បាប់ ភាគច្រើនជាអាវុធដែលកាន់កាប់ ដោយក្រុមជាប់កាតព្វកិច្ចយោធា។ បណ្តាអង្គការ និងបក្សនយោបាយមួយចំនួន បានសម្តែងការប្រឆាំងជំទាស់បញ្ហានេះ ប៉ុន្តែយោបល់សាធារណជនភាគច្រើននៅតែបង្ហាញគោលជំហយល់ស្របទៅលើរឿងនេះទៅវិញ។
បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមត្រជាក់ មានសកម្មជនមួយចំនួន មានបំណងចង់ទប់ស្កាត់ ឬចង់លុបបំបាត់វិស័យយោធាចោលតែម្តង។ ការធ្វើប្រជាមតិដ៏គួរឱ្យ កត់សម្គាល់មួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ដោយក្រុមប្រឆាំងវិស័យយោធា ។ ជាអកុសលការធ្វើប្រជាមតិនេះ ត្រូវបរាជ័យដោយសារមានសម្លេង២ភាគបី បោះឆ្នោតប្រឆាំងនឹងសំណើរដែលមានបំណងលុបបំបាត់វិស័យយោធា។
* សេដ្ឋកិច្ច៖
ប្រទេស ស្វីស ជាប្រទេស មានស្ថិរភាព រីកចម្រើនរុងរឿង កំណើនសេដ្ឋកិច្ចខ្ពស់ និងមានភាពស្តុកស្តម្ភ រហូតត្រូវបានគេចាត់ទុកជាប្រទេសដែល មានកម្រិត GDP របស់ប្រជាពលរដ្ឋខ្ពស់ជាងគេ។ តំបន់ Zurich បានក្លាយជាជម្រកសម្រាប់មនុស្សរស់នៅ១.៥លាននាក់ និង១៥០ក្រុមហ៊ុន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ជាងគេបំផុតលើពិភពលោក។ ប្រទេសស្វីសក៏បានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមាន ថាមពលសេដ្ឋកិច្ចខ្លាំងបំផុតផងដែរលើពិភពលោក។ ឧស្សាហកម្មបានក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការជម្រុញវិស័យសេដ្ឋកិច្ចប្រទេស ស្វីស។ ផលិតផលឧស្សាហកម្មសំខាន់ៗរួមមាន សាធារគីមី ផលិតផលរក្សាសុខភាព ឱសថ ផលិតផលវិទ្យាស្ថាន ផលិតផលសម្រាប់វាស់ស្ទង់ដ៏ជាក់លាក់ច្បាស់លាស់ នាឡិកា និងឧបករណ៍ភ្លេង។
នាឡិកាបានក្លាយជាផលិតផលដ៏ល្បីល្បាញបំផុតសម្រាប់ប្រទេស ស្វីស បន្ទាប់ពីនាឡិកា Omega Speedmaster ត្រូវបានគេបំពាក់នៅភពព្រះចន្ទ ក្នុងអំឡុងនៃបេសកកម្មអាប៉ូឡូ។ ដោយសាររឿងនេះ ទើបធ្វើឱ្យប្រទេស ស្វីស នាំចេញនាឡិកាច្រើនបំផុត ជាក់ស្តែងផលិតផលនាឡិកាពាក់កណ្តាលនៅលើពិភពលោក ត្រូវបានផលិតដោយប្រទេស ស្វីស។
ចំពោះការបម្រើសេវាកម្មវិញ ប្រទេស ស្វីសមានភាពល្បីល្បាញទៅលើផ្នែកធនាគារ ធានារ៉ាប់រង ទេសចរណ៍ និងការផ្តល់ទីតាំងប្រកបដោយសុវត្ថិភាពសម្រាប់ស្នាក់ការអង្គការអន្តរជាតិ។ ក្នុងចំណោមប្រទេស អភវិឌ្ឍន៍ទាំងអស់ ប្រទេស អឺរ៉ុបខាងលិចមួយនេះ ក៏ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលប្រមូលពន្ធទាបបំផុតផងដែរ។ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោមប្រទេស១៨៩ប្រទេសលើពិភពលោក ដែលបានបង្កភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម។
* វិស័យអប់រំ៖
វិស័យអប់រំនៅក្នុងប្រទេស ស្វីស មានភាពសម្បូរបែបជាខ្លាំង ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បានផ្តល់សិទ្ធអំណាច ដល់តំបន់ខេត្តក្រុង ក្នុងការរៀបចំប្រព័ន្ធអប់រំដោយខ្លួនឯង។ មិនខុសពីប្រទេសដទៃទៀត ក្នុងប្រទេស ស្វីសមានទាំងសាលារដ្ឋ និងឯកជន ព្រមទាំងសាលាឯកជនអន្តរជាតិផងដែរ។ វ័យដែលគ្រប់សម្រាប់ចូលសិក្សាថ្នាក់បឋមអាចមានចាប់ពី៤ ទៅ៦ ឆ្នាំ ទៅតាមតំបន់នីមួយៗ ប៉ុន្តែភាគច្រើនសាលាបានផ្តល់ការសិក្សាដោយមិនគិតថ្លៃ សម្រាប់កុមារដែលចូលសិក្សាក្នុងវ័យ៤ ឬ៥ឆ្នាំ។
នៅស្វីស មាន១២សកលវិទ្យាល័យ ហើយសកលវិទ្យាល័យ ចំណាស់ និងដំបូងបំផុត ត្រូវបានរកឃើញក្នុងឆ្នាំ១៤៦០ មានទីតាំងស្ថិតនៅទីក្រុង Basel ដែលសិក្សាលើឯកទេស ឱសថសាស្ត្រ ដែលតែងរក្សាទម្លាប់ស្រាវជ្រាវទៅលើឯកទេសគីមី និងឱសថសាស្ត្រ។ ចំណែកសកលវិទ្យាល័យដែលធំជាងក្នុងប្រទេសនេះ គឺសកលវិទ្យាល័យ Zurich ដែលមាននិស្សិតសិក្សាប្រមាណ២៥,០០០នាក់។
គួរបញ្ជាក់ថា ម្ចាស់ពានរង្វាន់ ណូបែលភាគច្រើន គឺជាអ្នកវិទ្យាសាស្ត្រមកពីប្រទេស ស្វីស ក្នុងនោះរួមទាំងរូបវិទូដ៏ល្បីល្បាញលើពិភពលោក គឺលោក Albert Einstein ផងដែរ។ សរុបជារួម មានម្ចាស់ពានរង្វាន់ណូបែលចំនួន១១៣រូប ដែលសុទ្ធតែមានពាក់ព័ន្ធនឹងប្រទេស ស្វីស។ ជាមួយគ្នានេះដែរ ពានរង្វាន់ ណូបែលនេះ ក៏បានផ្តល់រង្វាន់ដល់អង្គការដែលបោះទីតាំងក្នុងប្រទេស ស្វីសចំនួន៩ដងផងដែរ។
* វប្បធម៌៖
ប្រទេស ស្វីស បានក្លាយជាជម្រកសម្រាប់បុគ្គលសំខាន់ៗដែលបានចូលរួមចំណែកក្នុងការបង្កើតអក្សរសាស្ត្រ សិល្បៈ តន្រ្តី និងវិទ្យាសាស្ត្ររហូតមកទល់បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះប្រទេស ស្វីស ក៏បានទាក់ទាញបុគ្គលដែលពោរពេញដោយគំនិតច្នៃប្រឌិតច្រើនរូបមករស់នៅទីនេះផងដែរ ក្នុងអំឡុងសម័ួសង្គ្រាម និងភាពហ្វឹកវរនៅអឺរ៉ុប។
នៅទីនេះមានសារៈមន្ទីររហូតដល់១,០០០កន្លែង ដែលមានទីតាំងស្ថិតនៅទូទាំងប្រទេស ដែលចំនួននេះបានកើតឡើងបីដង បើប្រៀបធៀបនឹងឆ្នាំ១៩៥០។
អត្តសញ្ញាណរបស់បណ្តាប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ភ្នំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីប្រវតិ្តសាស្ត្ររបស់ប្រទេស ស្វីស និងជាអត្តសញ្ញាណជាតិផងដែរ។ បច្ចុប្បន្នតំបន់ភ្នំអាល់ ត្រូវបានក្លាយជាតំបន់ទេសចរណ៍សម្រាប់អ្នកនិយមជិះស្គីក្នុងរដូវរងា និងការឡើងភ្នំក្នុងរដូវក្តៅជាដើម។ យ៉ាងនេះក្តីដំណើរកំសាន្តទេសចរណ៍នៅតំបន់ភ្នំ ហាក់មានភាពថយចុះសម្រាប់រដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។
ការធ្វើកសិកម្មបែបប្រពៃណី និងវប្បធម៌គង្វាលសត្វនៅតែបន្តរក្សានៅតាមតំបន់ជាច្រើនទូទាំងប្រទេស ខណៈដែលកសិដ្ឋានតូចតាចក៏នៅមានវត្ថមានផងដែរ នៅឆ្ងាយពីទីក្រុង។ ចំណែកសិល្បៈប្រជាប្រិយវិញ ក៏នៅតែរស់រានមានជីវិត និងពេញនិយមទូទាំងប្រទេស ដែលត្រូវបានបង្ហាញឡើងតាមរយៈតន្រ្តី របាំ កំណាព្យ ចម្លាក់ឈើ និងតម្បាញ៕
បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា