(អាមេរិក)៖ រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក បានបែកចែករដ្ឋាភិបាលជាបីអង្គ និងដាច់ដោយឡែកពីគ្នា គឺស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ។ គំនិតនៃការបែងចែកអង្គទាំងបី ជាមួយនឹងអំណាចខុសៗគ្នា ត្រូវបានគេហៅថាជា «ការបំបែកអំណាច»។ យ៉ាងនេះក្តីអង្គទាំងបីនៅតែមាន ទំនាក់ទំនងគ្នាទៅវិញទៅមក។
អង្គនីមួយមានអំណាចស្មើៗគ្នា ហើយធ្វើការត្រួតពិនិត្យសិទ្ធអំណាចគ្នាទៅវិញទៅមក និងប្រើប្រាស់ប្រព័ន្ធមួយដែលមានឈ្មោះថា Checks and Balance។ ហេតុនេះគ្មានអង្គណាមួយ អាចបង្កើនអំណាច ឥទ្ធិពលរបស់ខ្លួន ព្រមទាំងបំពានគ្នាទៅវិញទៅមកបានឡើយ។ តើអង្គនីមួយមានសិទ្ធអំណាចអ្វីខ្លះ? ត្រូវបានបង្កើតឡើងដោយរបៀបណា? មានទំនាក់ទំនងគ្នាដូចម្តេច? ខាងក្រោមនេះជាការព័ត៌មានសំខាន់ៗអំពីអង្គទាំងបី៖
* ស្ថាប័ននីតិបញ្ញត្តិ៖
នីតិបញ្ញត្តិ មានតួនាទីសំខាន់គឺការតាក់តែងច្បាប់ ព្រមទាំងមើលការខុសត្រូវទៅលើការប្រតិបត្តិច្បាប់ និងត្រួតពិនិត្យដែនអំណាចរបស់ស្ថាប័ននីតិប្រតិបត្តិ និងតុលាការ។ សភាអាមេរិកមានលក្ខណៈជា ទ្វេសភា ត្រូវបានបែងចែកជាពីរគឺសភាតំណាងរាស្ត្រ ឬ សភាជាន់ទាប (House of Representative) និងសភាជាន់ខ្ពស់ (Senate)។
. សភាដំណាងរាស្ត្រ៖ (House of Representative)៖ ជាសភាជាន់ទាប បច្ចុប្បន្នមានសមាជិកចំនួន៤៣៥រូប។ រដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក សុទ្ធតែមានតំណាងរាស្ត្រមួយរូប ឬច្រើនជាងនេះ អាស្រ័យទៅលើចំនួនប្រជាពលរដ្ឋក្នុងរដ្ឋនីមួយៗ។ តាមរយៈរបាយការណ៍ឆ្នាំ២០១០បានបង្ហាញថា តំណាងរាស្ត្រសម្រាប់រដ្ឋ California មានចំនួនច្រើនជាងគេរហូតដល់៥៣រូប ដោយសារចំនួនប្រជាពលរដ្ឋច្រើន។
រដ្ឋនីមួយៗចាំបាច់ត្រូវមានតំណាងរាស្ត្រយ៉ាងហោចណាស់មួយរូប។ ដោយឡែកនៅរដ្ឋធានីវ៉ាស៊ីនតោន DC និងដែនដីមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏ត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដើម្បីធ្វើជាអ្នកតំណាងរាស្ត្រក្នុងសភាផងដែរ។ ប៉ុន្តែដំណាងរាស្ត្រនៃដែនដីតូចៗទាំងនោះ ត្រូវបានអនុញ្ញាតឱ្យចូលរួមត្រឹមតែក្នុងកិច្ចពិភាក្សា និងបោះឆ្នោតក្នុងគណកម្មាធិការប៉ុណ្ណោះ មិនត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតក្នុង ព្រឹត្តិការណ៍សភាពេញអង្គនោះទេ។ គ្រប់សមាជិកនៃអ្នកដំណាងរាស្ត្រទាំងអស់ ត្រូវបានបោះឆ្នោតជ្រើសរើសសម្រាប់កាន់អាណត្តិជារៀងរាល់ពីរឆ្នាំម្តង។ ចំពោះប្រធានដំណាងរាស្ត្រ ត្រូវបានបោះឆ្នោតដោយសមាជិកផ្ទាល់តែម្តង។
សភាតំណាងរាស្ត្រ ឬសភាជាន់ទាប មានតួនាទីក្នុងការអនុម័តច្បាប់ បន្ទាប់ពីសម្រេចយល់ព្រមដោយសភាជាន់ខ្ពស់ (Senate) និងត្រូវបានបញ្ជូនទៅកាន់ ប្រធានាធិបតីដើម្បីធ្វើការពិចារណា។ បន្ថែមពីលើអំណាចជាមូលដ្ឋានេះ សភាតំណាងរាស្ត្រមានអំណាចផ្តាច់មុខមួយច្បាស់លាស់គឺផ្តួចផ្តើមគំនិតក្នុងការ បង្កើតច្បាប់ទាំងអស់ដែលពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់រដ្ឋ និងធ្វើបទចោទប្រកាន់ទៅលើមន្ត្រីសហព័ន្ធណាមួយ។
ម្យ៉ាងវិញទៀត ក្នុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងករណីដែលគ្មានបេក្ខជនប្រធានាធិបតីណាមួយ ទទួលសម្លេងគាំទ្រពីអង្គបោះឆ្នោតច្រើនលុប លើបេក្ខជនផ្សេងទៀត នោះ កិច្ចការនេះនឹងធ្លាក់ទៅលើសភាដំណាងរាស្ត្រ ដោយត្រូវជ្រើសរើសបេក្ខជនប្រធានាធិបតីលំដាប់ជាងគេបីរូប មកធ្វើការ បោះឆ្នោតជ្រើសរើស។ បន្ទាប់ពីការបោះឆ្នោតហើយ បេក្ខជនទទួលបានសម្លេងបោះឆ្នោតខ្ពស់ជាងគេទទួលបានដំណែងជាប្រធានាធិបតី និងបេក្ខជន មានសម្លេងគាំទ្រខ្ពស់បន្ទាប់ ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតី។
. សភា (Senate)៖ ជាសភាជាន់ខ្ពស់ នៃស្ថាប័ននីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិក និងមានសមាជិកចំនួន១០០រូប ដែលមានចំនួនតិចជាងសភាតំណាងរាស្ត្រ។ រដ្ឋនីមួយសុទ្ធតែត្រូវជ្រើសរើសសមាជិកសភាពីររូប ដែលមិនអាស្រ័យទៅលើចំនួនប្រជាពលរដ្ឋក្នុងរដ្ឋនោះឡើយ។ រដ្ឋធម្មនុញ្ញដើមឡើយ បានបញ្ជាក់ថា សភាត្រូវបានជ្រើសរើសដោយស្ថាប័ននីតិបញ្ញត្តិទាំងមូល តែបន្ទាប់ពីមាត្រា១៧ ត្រូវបានចូលជាធរមានក្នុងឆ្នាំ១៩១៣ សមាជិកសភា ត្រូវបានជ្រើសរើសដោយផ្ទាល់ដោយប្រជាពលរដ្ឋនៃរដ្ឋនីមួយៗទៅវិញ។
សមាជិកសភា ត្រូវបានបោះឆ្នោតជ្រើសរើសកាន់អំណាចក្នុងរយៈពេល៦ឆ្នាំម្តង ដោយរាល់លើក មានសមាជិកសភាត្រឹមតែ១ភាគបីប៉ុណ្ណោះ ដែលត្រូវបាន ឈរឈ្មោះសម្រាប់ការបោះឆ្នោតជម្រុះ និងតែងតាំងជាថ្មី។ សភាមានបំណងចង់ក្លាយជាអង្គដែលមានស្ថិរភាព និងរឹងមាំ ដើម្បីអាចឆ្លើយតបឆន្ទៈ របស់ប្រជាពលរដ្ឋបានកាន់តែប្រសើរ។
ក្នុងនាមជាសភាជាន់ខ្ពស់ មានអំណាចមួយចំនួនដូចជាធ្វើជាទីប្រឹក្សា ព្រមទាំងធ្វើសេចក្តីសម្រេចលើច្បាប់ និងបញ្ហានានា ផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញា សម្រេចយល់ព្រមក្នុងការតែងតំាងគណៈរដ្ឋមន្ត្រី តែងតាំងចៅក្រមនៃតុលាការកំពូល ចៅក្រមសហព័ន្ធ មន្ត្រីប្រតិបត្តិ មេបញ្ជាការទ័ពជើងទឹក មន្ត្រីនិយតករ អគ្គរដ្ឋទូត និងមន្ត្រីឯកសណ្ឋាននានាផ្សេងទៀត។
សភា ត្រូវបានគេចាត់ទុកថា ជាអង្គភាពដែលមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ និងមានកិត្យានុភាពខ្ពស់ជាងសភាតំណាងរាស្ត្រ ដោយសារមានអាណត្តិយូរជាង មានទំហំតូចជាង ចំណែកភាពបក្សពួកនិយមក៏មានតិចតួចប៉ុណ្ណោះ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានគេតែងតាំងជាប្រធានរបស់សភាជាន់ខ្ពស់។ ក្នុងករណីដែលគ្មានវត្ថមានអនុប្រធានាធបិតី គេនឹងជ្រើសរើស សមាជិកជាន់ខ្ពស់ជាងគេមួយរូបក្នុងបក្សដើម្បីកាន់តួនាទីជា President Pro Tempore ជំនួសអនុប្រធានាធិបតី ដើម្បីដឹកនាំសភា ប៉ុន្តែភាគច្រើន សមាជិកសភាដែលមកពីបក្សដែលមានអាសនៈច្រើន ជាអ្នកដឹកនាំសភាក្នុងអំឡុងពេលបណ្តោះអាសន្ន ឬរយៈពេលខ្លីណាមួយ។
* ស្ថាប័ននីតិប្រតិបត្តិ៖
ប្រធានាធិបតី អនុប្រធានាធិបតី រដ្ឋមន្ត្រី និងមន្រ្តីប្រតិបត្តិផ្សេងទៀត បង្កើតបានជាស្ថាប័ននីតិប្រតិបត្តិ ឬហៅថា រដ្ឋាភិបាល។ តួនាទីសំខាន់របស់អង្គនេះ គឺប្រតិបត្តិច្បាប់ ដែលតាក់តែងឡើងដោយសភា។ ប្រធានាធិបតី និងអនុប្រធានាធិបតី ត្រូវបានជ្រើសរើសដោយអង្គបោះឆ្នោត។ ប្រធានាធិបតី តែងតាំងមន្ត្រីមួយចំនួន ដើម្បីដឹកនាំក្រសួងក្រោមដំបូលរបស់រដ្ឋាភិបាល ជាឧទាហរណ៍មានដូចជា ក្រសួងការបរទេស, ក្រសួងការពារជាតិជាដើម។ រដ្ឋមន្ត្រីមួយចំនួន មានតួនាទីជាទីប្រឹក្សារបស់ប្រធានាធិបតី និងជាថ្នាក់ដឹកនាំរបស់ក្រសួងរបស់ខ្លួន។ មន្ត្រីទាំងអស់ដែលជាទីប្រឹក្សានោះ ត្រូវបានស្គាល់ថា ជាគណរដ្ឋមន្ត្រីរបស់ប្រធានាធិបតី។ ប្រធានាធិបតីតែងតាំងគណរដ្ឋមន្ត្រី និងមន្ត្រីសហព័ន្ធសំខាន់ៗផ្សេងទៀត តែត្រូវបានអ្នកផ្តល់ប្រឹក្សា និងជាអ្នកសម្រេច យល់ព្រមដោយសភា។
* ស្ថាប័នតុលាការ៖
តុលាការរដ្ឋាភិបាលសហព័ន្ធត្រូវបានតែងតាំងដោយប្រធានាធិបតី ដោយទទួលការប្រឹក្សា និងសម្រេចយល់ព្រមដោយសភា។ ចៅក្រម និងរចនាសម្ព័ន្ធ ពិតប្រាកដររបស់តុលាការ ត្រូវបានកំណត់ដោយច្បាប់ មិនមែនដោយរដ្ឋធម្មនុញ្ញនោះទេ។ ក្រៅពីតួនាទីស្នូល តុលាការសហរដ្ឋអាមេរិកមានតួនាទី ត្រួតពិនិត្យច្បាប់។ ក្នុងពេលត្រួតពិនិត្យនេះ ក្នុងករណីតុលាការអាចរកឃើញថា មានច្បាប់ណាមួយបំពានទៅលើរដ្ឋធម្មនុញ្ញនោះ តុលាការអាចមានសិទ្ធប្រកាសថា ច្បាប់នោះគ្មានធម្មនុញ្ញភាព ដែលមានន័យថា តុលាការក៏មានតួនាទីក្នុងការកំណត់ច្បាប់ផងដែរ។
អាស្រ័យហេតុនេះហើយ បានជាថ្មីៗនេះការចេញច្បាប់ថ្មីរបស់លោក ដូណាល់ ត្រាំ ហាមឃាត់ ប្រទេសទាំងប្រាំពីរ រួមមានប្រទេស អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ហ្ស៊កដានី និងយ៉េមែន មិនឲ្យធ្វើដំណើរទៅកាន់ដែនដីសហរដ្ឋអាមេរិក ត្រូវបានតុលាការកំពូលអាមេរិកប្រកាសបដិសេធ។
នៅក្នុងសេចក្តីពន្យល់អំពីអំណាចរបស់តុលាការកំពូលនោះ អតីតប្រធានមន្ត្រីយុត្តិធម៌ (Former Chief Justice of the United States) លោក John Marshall បានបញ្ជាក់ថា តុលាការកំពូលមានសិទ្ធ ក្នុងការតួ្រតពិនិត្យ ដើម្បីបញ្ជាក់ថា តើច្បាប់នីមួយៗគឺជាច្បាប់អ្វី មានលក្ខណៈបែបណា។ វាជាតួនាទីរបស់តុលាការ ក្នុងការអាន និងគោរពតាមរដ្ឋធម្មនុញ្ញ។
ការពិតទៅពីដើមឡើយ អំណាចរបស់តុលាការ ក្នុងការបដិសេធច្បាប់ ឬការប្រតិបត្តិច្បាប់ មិនមែនជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ឬរដ្ឋធម្មនុញ្ញឡើយ ដែលអំណាចបែបនេះទើបតែកើតឡើងក្រោយមកតែប៉ុណ្ណោះ។ ច្បាប់អាមេរិកធ្លាប់បានកំណត់ថា «តុលាការមានតួនាទីត្រូវគោរពរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋាននៃច្បាប់»។
ផ្ទុយទៅវិញ តុលាការកំពូលក៏មិនអាចអនុវត្តសេចក្តីសម្រេចរបស់ខ្លួនដោយឯកឯងបានឡើយ ដោយសេចក្តីសម្រេចរបស់តុលាការមានមូលដ្ឋាន ដែលត្រូវអាស្រ័យទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដើម្បីប្រកាន់ខ្ជាប់នូវការវិនិច្ឆ័យទោសណាមួយស្របតាមផ្លូវច្បាប់។
អាស្រ័យដោយហេតុផលខាងលើ បានបញ្ជាក់ថា ស្ថាប័នទាំងបីរបស់សហរដ្ឋអាមេរិក មានអំណាចដាច់ដោយឡែកពីគ្នា ប៉ុន្តែនៅតែមានទំនាក់ទំនងចំពោះគ្នាទៅវិញទៅមក៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា