(សេអ៊ូល)៖ កូរ៉េខាងជើងនា​ថ្ងៃអង្គារនេះបានអះអាងថា សហរដ្ឋអាមេរិកបានធ្វើការហោះហើរ​យន្តហោះដ៏មាន​អានុភាព B-1B មកជិតទឹក​ដី​របស់ខ្លួន ហើយថែមទាំង​បានធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ​ថែមទៀត។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋរបស់ទីក្រុង​ព្យុងយ៉ាង KCNA បានធ្វើសេចក្តីរាយការណ៍​ថា ក្បួនយន្តហោះ​ទម្លាក់គ្រាប់​បែក B-1B ដែលបានធ្វើ​ដំណើរ​មកពី​កោះហ្គាំ បានហោះហើរនៅលើ​ឧបទ្វីបកូរ៉េនាថ្ងៃចន្ទម្សិលមិញ​នេះ និងបានធ្វើការហ្វឹកហ្វឺន​ទម្លាក់គ្រាប់នុយក្លេអ៊ែរ។ ក្រុម​​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក​នោះ ព្រមទាំងបាន​ឆ្ពោះមកជិតតំបន់ក្បែរ​ព្រំដែន រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង​ថែមទៀត។ យន្ត​ហោះ B-1B ​​ត្រូវបាន​ចូលរួមជាមួយកងយន្តហោះចម្បាំង មកពីនាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson ដែលកំពុងធ្វើប្រតិបត្តិការ​នៅសមុទ្រ​ខាង​កើត។

ជុំវិញសេចក្តីរាយការណ៍​នេះ ប្រភពពីរដ្ឋាភិបាល​នៅក្នុងទីក្រុង​សេអ៊ូល​បានបញ្ជាក់ថា យន្តហោះ B-1B ចំនួនពីរគ្រឿង​បានធ្វើដំណើរម​ដល់ដែនអាកាស​ នៅលើសមុទ្រ​ខាងកើត​នាវេលាប្រមាណជា ១០៖៣០នាទីព្រឹកថ្ងៃចន្ទ​សប្តាហ៍នេះ ពោលគឺរយៈពេល​០៥ម៉ោង បន្ទាប់ពី​កូរ៉េខាងជើង​បានធ្វើតេស្តមីស៊ីល​ផ្លោងរយៈចម្ងាយ​ខ្លីមួយគ្រាប់។ យន្តហោះ B-1B របស់អាមេរិក ត្រូវបានអមដំណើរដោយយន្តហោះ​ចម្បាំង F-15 របស់កូរ៉េខាងត្បូង នៅក្នុងអំឡុងការហោះហើរ​រយៈពេលពីរម៉ោងនោះ។

គួរបញ្ជាក់ថា យន្តហោះ B-1B Lancer ដែលមានរហស្សនាមថា The Bone គឺជាយន្តហោះ​ទម្លាក់គ្រាប់បែក​ចម្ងាយឆ្ងាយ ដែលមាន​សមត្ថភាព​បំពេញបេសកកម្ម​ឆ្លងទ្វីប ដោយពុំចាំបាច់បញ្ចូលប្រេង​នោះឡើយ។ យន្តហោះនេះ​អាចធ្វើដំណើរដល់ឧបទ្វីបកូរ៉េ​នៅក្នុងរយៈ​ពីរម៉ោងកន្លះ ដោយចេញពីមូលដ្ឋានទ័ពអាកាស​អាមេរិកនៅលើ​កោះហ្គាំក្នុងដែនសមុទ្រប៉ាស៊ីហ្វិក៕