(បរទេស)៖ «អាំងទែប៉ូល (Interpol)» ជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង កងកម្លាំងប៉ូលិស ព្រហ្មទណ្ឌកម្មនៃបណ្តាប្រទេសជាង១៨០នៅជុំវិញពិភពលោក។ ឈ្មោះ «Interpol» នេះ គឺបានមកពីឈ្មោះពេញរបស់ស្ថាប័នដែលហៅថា International Criminal Police Organization។
Interpol ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ឲ្យបានទូលំទូលាយតាមអាចធ្វើទៅបាន រវាងកងកម្លាំង ប៉ូលិសព្រហ្មទណ្ឌរវាងប្រទេសនីមួយៗ និងដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមមួយ សំដៅទប់ស្កាត់និងបង្រ្កាបឧក្រិដ្ឋកម្មអន្តរជាតិ។ Interpol មានទីស្នាក់ការ កណ្តាលនៅទីក្រុងលីយ៉ុង (Lyon) នៃប្រទេសបារាំង ហើយវាជាស្ថាប័នប៉ូលិសតែមួយគត់ ដែលមានវិសាលភាពលាតសន្ធឹងពាសពេញ សកលលោក។
* ភារកិច្ចនិងរចនាសម្ព័ន្ធរបស់ Interpol
Interpol ផ្តោតលើប្រភេទធំៗចំនួន៣នៃសកម្មភាពឧក្រិដ្ឋកម្មអន្តរជាតិ។ ក្នុងនោះរួមមាន ភេរវកម្ម និងឧក្រិដ្ឋកម្មប្រឆាំងលើមនុស្សនិងអចលន ទ្រព្យ ដូចជាបទល្មើសប្រឆាំងលើកុមារ, ការជួញដូរមនុស្ស, ការធ្វើអន្តោប្រវេសន៍ខុសច្បាប់, ការលួចយានជំនិះថ្លៃៗ, និងការលួចផ្ទាំងគំនូរ ល្បីៗជាដើម។ ក្រៅពីនេះគឺ បទឧក្រិដ្ឋផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា ដែលរួមមានការឆបោកតាមប្រព័ន្ធធនាគារ, ការលាងលុយ កខ្វក់, ពុករលួយ, និងការក្លែងបន្លំលុយឬវត្ថុផ្សេងៗ។ ចុងក្រោយគឺ បទឧក្រិដ្ឋគ្រឿងញៀន និងអង្គការឧក្រិដ្ឋកម្ម។
សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ Interpol វិញ គឺត្រូវគ្រប់គ្រងចាត់ចែងដោយអគ្គលេខាធិការដ្ឋាន ដែលស្ថិតក្រោមការបញ្ជាផ្ទាល់របស់ អគ្គលេខាធិការ។ អគ្គលេខាធិការ ត្រូវបានជ្រើសរើសនិងតែងតាំងដោយមហាសន្និបាត (General Assembly) និងមានអាណត្តិ៥ឆ្នាំ។ មហាសន្និបាតនេះ ដូចទៅ នឹងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដែរ គឺរួមមានប្រតិភូតំណាងប្រទេសនីមួយៗដែលជាសមាជិក និងដើរតួនាទីជាស្ថាប័នកំពូល សម្រាប់ការសម្រេចចិត្តនានារបស់ Interpol។
កំឡុងសន្និបាតប្រចាំឆ្នាំ General Assembly របស់ Interpol ធ្វើការតែងតាំងគណៈកម្មាធិការប្រតិបត្តិមួយមានសមាជិក១៣នាក់ ដែលម្នាក់ៗ តំណាង ឲ្យតំបន់ខុសៗគ្នានៃពិភពលោក។ គណៈកម្មាធិការប្រតិបត្តិនេះ មានតួនាទីតាមដាននិងបង្គាប់បញ្ជាលើការអនុវត្តនៃ ការសម្រេចចិត្ត នានាដែល ដាក់ចេញដោយមហាសន្និបាត ព្រមទាំងត្រួតពិនិត្យលើការងាររបស់អគ្គលេខាធិការ។
ប្រទេសនីមួយៗដែលជាសមាជិកមានស្ថាប័នផ្ទាល់ខ្លួនហៅថា «National Central Bureau» ឬ «NCB»។ NCB អនុញ្ញាតឲ្យកងកម្លាំងប៉ូលិសរបស់ ប្រទេសមួយអាចធ្វើការទាក់ទងជាមួយអគ្គលេខាធិការដ្ឋាន ឬក៏ជាមួយកម្លាំងប៉ូលិសរបស់ប្រទេសជាសមាជិកដទៃទៀត។ ប៉ូលិស Interpol ពឹងផ្អែកលើប្រព័ន្ធទំនាក់ទំនងដ៏ទូលំទូលាយមួយ រួមនិងឃ្លាំងស្តុកទិន្នន័យពិសេសមួយ នៃព័ត៌មានសម្ងាត់របស់ប៉ូលិសជាលក្ខណៈសកល ។
ក្នុងមួយឆ្នាំៗក្រុមការងារផ្នែកទំនាក់ទំនងរបស់ Interpol ទទួលបន្ទុកចាត់ចែងលើសាររាប់លាន ក្នុងភាសាផ្លូវការចំនួនបួនរបស់ស្ថាប័ននេះ រួមមានអារ៉ាប់ អង់គ្លេស បារាំង និងអេស៉្បាញ។ ប្រព័ន្ធស្វែងរកព័ត៌មានដោយស្វ័យប្រវត្តិមួយ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នាឆ្នាំ១៩៩២ អនុញ្ញាតឲ្យស្ថាប័ន NCB ធ្វើការរុករកព័ត៌មានប្រកបដោយប្រសិទ្ធិភាព។ ប្រព័ន្ធមួយទៀតហៅថា I-24/7 ដែលត្រូវបានដាក់ឲ្យ ប្រើប្រាស់នៅ ឆ្នាំ២០០៣វិញ អាចឲ្យ NCB ទទួលបានយ៉ាងឆាប់រហ័សនូវទិន្នន័យសម្បូរបែបជាច្រើន រួមមានទាំងក្រយៅដៃ, កំណត់ត្រាហ៊្សែន DNA, បញ្ជីឈ្មោះជនសង្ស័យព្រមទាំងឧក្រិដ្ឋជន ដែលស្ថិតក្រោមការតាមចាប់ខ្លួន, និងឯកសារទាក់ទងនឹងអត្តសញ្ញាណ ដែលត្រូវបានគេលួច ជាដើម។
មនុស្សមួយចំនួនប្រហែលមានការយល់ច្រឡំត្រង់ចំណុចមួយ ដោយសារតែការបង្ហាញអំពីប៉ូលិស Interpol នៅតាមខ្សែភាពយន្ត។ ភ្នាក់ងារ Interpol មិនមានសិទ្ធិធ្វើការចាប់ខ្លួនឡើយ ព្រោះទង្វើនេះនឹងរំលោភលើធិបតេយ្យភាពជាតិរបស់ប្រទេសជាសមាជិក ដោយមិនអាចទទួល យកបាននោះទេ។ ផ្ទុយទៅវិញ Interpol ក្រោមសំណើពី NCB ចេញផ្សាយសេចក្តីប្រកាសមួយ «ពណ៌ក្រហម» ដោយយោងទៅតាមដីកា ដែល ចេញដោយប្រទេសជាសមាជិក ដើម្បីអំពាវនាវឲ្យមានការប្រឹងប្រែងចាប់ខ្លួន និងធ្វើបត្យាប័នលើជនណាម្នាក់។
ក្រៅពីសេចក្តីប្រកាសពណ៌ក្រហម Interpol ក៏មានសេចក្តីប្រកាសពណ៌ដទៃទៀតដែរ។ ក្នុងនោះ «ពណ៌លឿង» គឺជួយតាមស្វែងរកបុគ្គល ដែលបាត់ខ្លួន, «ពណ៌ខៀវ» គឺដើម្បីប្រមូលព័ត៌មានទាក់ទងនឹងសកម្មភាពខុសច្បាប់នានា ឬទាក់ទងទៅនឹងអត្តសញ្ញាណរបស់បុគ្គលណា ម្នាក់, «ពណ៌ខ្មៅ» គឺដើម្បីស្នើសុំព័ត៌មានចាំបាច់ដើម្បីកំណត់អត្តសញ្ញាណសាកសព, «ពណ៌បៃតង» គឺជាការព្រមានឲ្យស្ថាប័នប៉ូលិសនានា ប្រុងប្រយ័ត្ន ចំពោះឧក្រិដ្ឋជនមកពីប្រទេសមួយ ដែលប្រហែលអាចប្រព្រឹត្តទៅបទល្មើសផ្សេងៗថែមទៀត នៅក្នុងប្រទេសដទៃ, «ពណ៌ទឹកក្រូច» ជាការព្រមានស្ថាប័នប៉ូលិសនានាអំពីគ្រោះថ្នាក់ ពីគម្រោងបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយអាវុធផ្សេងៗទៀត។
* ប្រវត្តិរបស់ Interpol
ដំណើរដើមទងនៃប្រវត្តិរបស់ស្ថាប័ន Interpol គឺបានចាប់ផ្តើមកាលពីឆ្នាំ១៩១៤ នៅពេលសមាជមួយនៃប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ ដែលត្រូវបានចូលរួមដោយប្រតិភូមកពីប្រទេសសរុបចំនួន១៤ ត្រូវបានរៀបចំឡើងនៅបុរីរដ្ឋម៉ូណាកូ។ នាឆ្នាំ១៩២៣ ក្រោយការកើនឡើង នៃឧក្រិដ្ឋកម្មលក្ខណៈអន្តរជាតិ ដែលបានបង្កការប៉ះពាល់ជាចម្បងលើប្រទេសអូទ្រីស ក្រុមអ្នកតំណាងប៉ូលិសព្រហ្មទណ្ឌនៃ ប្រទេសចំនួន ២០ បានជួបគ្នានៅទីក្រុងវ្យែន (រដ្ឋធានីរបស់អូទ្រីស) ហើយក៏បង្កើតឡើងនូវគណៈកម្មការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (ICPC) ក្នុងឆ្នាំនោះ តែម្តង ។
ទីស្នាក់ការកណ្តាលរបស់ ICPC ត្រូវបានបង្កើតឡើងនៅទីក្រុងវ្យែន ហើយស្នងការប៉ូលិសនៃទីក្រុងនេះ គឺលោក Johann Schober ក៏បាន ក្លាយជានាយកដំបូងគេ ( President) របស់ស្ថាប័នប៉ូលិសអន្តរជាតិនេះ។ ICPC បានរីកចម្រើនឡើងរហូតដល់ត្រឹមឆ្នាំ១៩៣៨ នៅពេលដែលអាល្លឺម៉ង់ បានចូលកាន់កាប់អូទ្រីស។ ភ្លាមៗក្រោយពេលនោះ កំណត់ត្រាផ្សេងៗរបស់ ICPC ត្រូវបានរើទៅកាន់ទីក្រុងប៊ែរឡាំង។ ប៉ុន្តែនៅពេល សង្រ្គាមលោកលើកទីពីរផ្ទុះឡើងជាផ្លូវការ វាបានបញ្ចប់រាល់សកម្មភាពទាំងអស់របស់ ICPC។
បន្ទាប់ពីសង្រ្គាមលោកបានបញ្ចប់ទៅវិញ ICPC បានយល់ព្រមសំណើរបស់រដ្ឋាភិបាលបារាំង ដែលចង់ឲ្យបង្កើតទីស្នាក់ថ្មីនៅទីក្រុង ប៉ារីស។ ដូច្នេះហើយ ICPC ក៏បានរស់ឡើងវិញ ប៉ុន្តែការបាត់បង់កំណត់ត្រានានារបស់ខ្លួន កាលពីមុនសម័យសង្រ្គាម ក៏បានតម្រូវឲ្យស្ថាប័ននេះធ្វើការរៀបចំ រចនាសម្ព័ន្ធឡើងវិញសាជាថ្មីទាំងស្រុង។
ពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៥៥ សមាជិករបស់ ICPC បានកើនពី១៩ប្រទេស ដល់៥៥ប្រទេស ហើយនៅឆ្នាំ១៩៥៦ ICPC បានផ្តល់សច្ចាប័ន លើ ធម្មនុញ្ញ ថ្មី ដែលនៅក្រោមនោះ ស្ថាប័ននេះត្រូវបានប្តូរឈ្មោះទៅជាអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (International Criminal Police Organization) ហៅថា Interpol (អ៉ីនធើប៉ូល ឬតាមភាសាបារាំង អាំងទែប៉ូល)។ Interpol បានផ្លាស់ទីស្នាក់ការកណ្តាលចេញពីប៉ារីស ទៅទីក្រុងលីយ៉ុងវិញ នៅឆ្នាំ១៩៨៩ និងបន្តស្ថិតនៅទីនោះរហូតមកទល់បច្ចុប្បន្ន។
ពីដំបូងឡើយ Interpol ជាចម្បងគឺជាស្ថាប័នអឺរ៉ុបមួយប៉ុណ្ណោះ ដែលទទួលបានការគាំទ្រតិចតួចពីសហរដ្ឋអាមេរិក និង ប្រទេសមួយចំនួន ទៀតដែលមិនមែននៅអឺរ៉ុប។ ប៉ុន្តែនៅក្រោមអគ្គលេខាធិការជនជាតិបារាំងគឺលោក Jean Nepote (១៩៦៣-៧៨) ស្ថាប័នប៉ូលិស Interpol កាន់តែ មានប្រសិទ្ធភាពខ្លាំងឡើង។ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ចំនួនប្រទេសជាសមាជិករបស់ Interpol បានកើនដល់ច្រើនជាង ១២៥ប្រទេស តំណាងឲ្យទ្វីបទាំងអស់របស់ពិភពលោកដែលមានមនុស្សរស់នៅ។ ហើយនៅដើមសតវត្សរ៍ទី២១ សមាជិក Interpol ក៏បាន បន្តកើនលើស១៨០នាក់។ នៅឆ្នាំ២០០១ Interpol ត្រូវបានធ្វើការកែទម្រង់ ក្រោយព្រឹត្តិការណ៍មហាភេរវកម្ម «១១/កញ្ញា» នៅសហរដ្ឋអាមេរិក។
គួរជម្រាបថា មាត្រា៣នៃធម្មនុញ្ញរបស់ Interpol ហាមឃាត់ស្ថាប័នប៉ូលិសអន្តរជាតិ មិនឲ្យធ្វើអន្តរាគមន៍ ឬសកម្មភាពដែលទាក់ទង បញ្ហានយោបាយ យោធា សាសនា ឬក៏ពូជសាសន៍-ពណ៌សម្បុរឡើយ។ សព្វថ្ងៃនាយករបស់ Interpol គឺលោក Kim Jong Yang ជាជនជាតិកូរ៉េខាងត្បូង ដែលត្រូវបានតែងតាំងកាលពីឆ្នាំ២០១៨។ តំណែងជា នាយក Interpol ក៏ត្រូវតែងតាំងដោយមហាសន្និបាតរបស់ Interpol ដែរ និងមានអាណត្តិរយៈពេល៤ឆ្នាំ។ រីឯអគ្គលេខាធិការ បច្ចុប្បន្ន វិញ គឺលោក Jurgen Stock ជនជាតិអាល្លឺម៉ង់ ដែលត្រូវបានតែងតាំងកាលពីឆ្នាំ២០១៤៕
ដកស្រង់ពីវែបសាយ Encyclopedia Britannica