(បរទេស)៖ ជាទូទៅទីភ្នាក់ងារចារកម្មសុទ្ធតែមាននូវទីតាំងមួយហៅថា «Safe House» ឬ «ផ្ទះសុវត្ថិភាព» សម្រាប់ការធ្វើប្រតិបត្តិការរបស់ខ្លួន ហើយ CIA របស់សហរដ្ឋអាមេរិកក៏មិនខុសគ្នាដែរ។ ប៉ុន្តែព័ត៌មានលម្អិតពាក់ព័ន្ធជាមួយទីតាំងនេះ គឺត្រូវបានលាក់ការណ៍យ៉ាងតឹងរ៉ឹងជាទីបំផុត។ សម្រាប់ព័ត៌មាន ដែលត្រូវបានបង្ហើបឲ្យដឹងបន្តិចបន្តួចអំពីវាវិញ គឹបានមកតាមរយៈអតីតមន្រ្តីចារកម្មមួយចំនួនតែប៉ុណ្ណោះ។
Safe House អាចមានទម្រង់ជាច្រើន ដូចជាផ្ទះ, អាផាតមិន (Apartment), បន្ទប់សណ្ឋាគារ, ទីតាំងអាជីវកម្ម និងកន្លែងជាច្រើនប្រភេទទៀត ដែលត្រូវ CIA ជួលឬមួយក៏ជាម្ចាស់កម្មសិទ្ធិផ្ទាល់តែម្តង។ Safe House ជាធម្មតាត្រូវបានពួកចារកម្មប្រើសម្រាប់បម្រើជាកន្លែងលាក់បុគ្គល ណាម្នាក់ ជាកន្លែងជ្រកកោនពីការតាមប្រមាញ់ ជាកន្លែងណាត់ជួបជុំគ្នារវាងចារជន និងជាកន្លែងធ្វើសកម្មភាពឈ្លបការណ៍ ឬបេសកកម្មសម្ងាត់ផ្សេងៗ។
ទោះប្រើប្រាស់សម្រាប់គោលដៅអ្វីក៏ដោយ ចំណុចដែលសំខាន់បំផុតនោះ គឺការការពារព័ត៌មាននៃទីតាំងរបស់វា និងការធ្វើយ៉ាងណារក្សាឲ្យបាននូវភាពសម្ងាត់នៃ សកម្មភាពទាំងឡាយដែលប្រព្រឹត្តទៅមិនថា ទាំងនៅក្នុង ឬនៅខាងក្រៅ Safe House ឡើយ គឺត្រូវតែលាក់ការណ៍ឲ្យជិតជាទីបំផុត ព្រោះនៅពេលណាដែល កន្លែងសម្ងាត់មួយត្រូវបានគេដឹងទីតាំងហើយនោះ គឺចារជនឬអ្នកលាក់ខ្លួននៅទីនោះលែងអាចប្រើប្រាស់វាបានទៀតហើយ។
Safe House មួយដែលមានប្រសិទ្ធភាព ត្រូវគេវាយតម្លៃលើលក្ខណៈមួយចំនួន ដូចជាច្រកចេញងាយស្រួលជាដើម។ Safe House ត្រូវតែងាយស្រួលចូល និងកាន់តែងាយស្រួលខ្លាំងថែមទៀតក្នុងការចាកចេញ។ ឧទាហរណ៍ នៅពេលពួកចារជនដឹងថា ទីតាំងសម្ងាត់របស់ខ្លួន ត្រូវបានគេដឹងហើយនោះ ឬក៏ស្ថិតក្រោមករណីនៃការឡោមព័ទ្ធ គឺការចាកចេញឲ្យបានឆាប់រហ័ស និងតាមច្រកផ្លូវច្រើនជារឿងដ៏ចាំបាច់។
លក្ខណៈមួយចំនួនទៀតរបស់ Safe House គឺអនុញ្ញាតឲ្យអ្នកនៅខាងក្នុងអាចតាមដានដឹងដោយងាយនូវសកម្មភាពគួរឲ្យសង្ស័យផ្សេងៗ ដែល កើតមានឡើងនៅបរិវេណខាងក្រៅជុំវិញនោះ។ ចារជនភាគច្រើនប្រើ Safe House ដែលនៅឆ្ងាយពីទីប្រជុំជន លើកលែងប្រតិបត្តិការតម្រូវឲ្យស្ថិតក្នុងកន្លែងប្រជុំជន។
ក្រៅពីនេះ ទោះជាកន្លែងសម្ងាត់ក៏ដោយ Safe House ត្រូវរក្សារូបរាងឲ្យដូចទៅផ្ទះ ឬកន្លែងសាមញ្ញទូទៅមួយយ៉ាងដូច្នោះ ដើម្បីបញ្ចៀសការសង្ស័យ ហើយក្នុងនោះក៏មិនត្រូវមានរបស់របរច្រើនពេកដែរ ព្រោះវាធ្វើឲ្យងាយក្នុងការសង្កេតឃើញភាពប្រែប្រួលណាមួយ ដែលបង្កឡើងដោយជនឈ្លានពាន ហើយវាក៏នឹងពិបាកឲ្យនរណាម្នាក់ លួចបង្កប់ឧបករណ៍ស្រូបសំឡេង ព្រមទាំងបច្ចេកវិទ្យាឃ្លាំមើលដទៃទៀត នៅក្នុង Safe House ផងដែរ។ មួយវិញទៀតឯកសារនានា អាវុធ និងសូម្បីតែមនុស្សផ្ទាល់ ទោះបីស្ថិតក្នុង Safe House ក៏ដោយពេលខ្លះគឺត្រូវការកន្លែងសម្ងាត់ផ្សេងៗ ដើម្បីលាក់ខ្លួនបន្ថែមពីលើមួយតង់ទៀត។
គួរជម្រាបថា ពាក់ព័ន្ធនឹងសំណួរថា តើទីភ្នាក់ងារចារកម្មដូចជា CIA របស់សហរដ្ឋអាមេរិក មាន Safe House នៅប្រទេសណាខ្លះឲ្យប្រាកដ និងចំនួនប៉ុន្មាននោះ គឺពុំមានអ្នកណាអាចឆ្លើយបានឡើយ។ ក៏ប៉ុន្តែបើតាមការបង្ហើបខ្លះៗពីអតីតមន្រ្តីចារកម្មអាមេរិក ដែលសារព័ត៌មាននៅអាមេរិកផ្ទាល់ធ្លាប់បានចុះផ្សាយគឺ CIA មាន Safe House ទាំងនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងនៅតាមប្រទេសដទៃៗទៀតពាសពេញពិភពលោក។ នៅក្នុងសហរដ្ឋអាមេរិក CIA ប្រឹងប្រែងស្វែងរកទីតាំង Safe House របស់ចារកម្មបរទេស ខណៈនៅក្រៅប្រទេស CIA ខិតខំការពារទីតាំង Safe House របស់ខ្លួន៕
ដកស្រង់ពីវែបសាយ Howstuffworks