(អេហ្ស៉ីប)៖ ជនជាតិអេហ្ស៉ីបបុរាណធ្លាប់អារ្យធម៌រុងរឿងតាំងរាប់ពាន់ឆ្នាំពីមុនគ្រិស្តកសរាជ ក្នុងនោះសំណង់ស្ថាបត្យកម្មធំៗមួយចំនួនក៏បានស្ថិតនៅរហូតមកដល់ពេលបច្ចុប្បន្នផងដែរ នោះគឺប្រាសាទពីរ៉ាមីត អច្ឆរិយវត្ថុដ៏អស្ចារ្យ ខណៈពីរ៉ាមីតដែលធំសម្បើមជាគេនោះ គឺពីរ៉ាមីតហ្គីហ្សា (Giza)។
ពីរ៉ាមីតហ្គីហ្សា ជាស្ថាបត្យកម្មសាងឡើងសម្រាប់តម្កល់ព្រះសពរបស់ព្រះចៅផារ៉ាអុងនានា ក្នុងសម័យអេហ្ស៉ីបបុរាណ (ផារ៉ាអុង មិនមែនជាព្រះនាមរបស់ព្រះមហាក្សត្រនោះឡើយ តែជាព្រះឧត្តមគោរមងាររបស់ព្រះមហាក្សត្រអេហ្ស៉ីបបុរាណ)។
ជនជាតិអេហ្ស៉ីប បានកំណត់ពីរ៉ាមីតហ្គីហ្សារបស់ខ្លួនមាន ៣ រួមមាន៖ ពីរ៉ាមីតផារ៉ាអុងខេអូប ឬពីរ៉ាមីតគូហ្វូ ពីរ៉ាមីតឃីហ្វ្រិន និងពីរ៉ាមីតម៉ៃស៉ីរីណាស។ អ្នកប្រវត្តិវិទ្យាបានសន្និដ្ឋានថា ពីរ៉ាមីតទាំងនេះត្រូវបានកសាងឡើងនៅរវាងឆ្នាំ ២៥៦០-២៥៤០ មុនគ្រិស្តករាជ។
* ពីរ៉ាមីតគូហ្វូ
ពីរ៉ាមីតគូហ្វូ ត្រូវបានគេចាត់ទុកថា ជាមហាពីរ៉ាមីតដែលធំជាងគេ ពីព្រោះគ្រឹះទាំងបួនជ្រុងរបស់វាមានរង្វាស់ស្នើគ្នាគឺសង់លើផ្ទៃដី២៣០ម៉ែត្រក្រឡា និងកម្ពស់១៤៦.៦ ម៉ែត្រ តែកម្ពស់់បច្ចុប្បន្ននៅសល់តែ ១៣៨ ម៉ែត្រប៉ុណ្ណោះ។ ពីរ៉ាមីតគូហ្វូនេះ ត្រូវបានសង់ឡើងដោយដុំថ្មធំៗអស់ប្រហែល ១,៣០០,០០០ ដុំ ដែលក្នុងមួយដុំៗមានទម្ងន់ប្រហែល ២.៥ តោន និងដុំខ្លះទម្ងន់ដល់ទៅ១៦តោន។
ដុំថ្មទាំងនោះយកមកពីភ្នំដ៏សែនឆ្ងាយ ដោយបណ្ដែតតាមខ្សែទឹកទន្លេនីល ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ និងបានចងអូសតាមសមុទ្រខ្សាច់ដ៏ក្ដៅហួតហែង ទៅកាន់កន្លែងកសាង។ អ្នកខ្លះជឿថាផ្ទាំងថ្មក្រានីតត្រូវបានដឹកចេញពីទីក្រុង Aswan ដែលមានចម្ងាយជិត៥០០ម៉ាយល៍។ មិនថាឥដ្ឋថ្មកំបោរ ឬផ្ទាំងថ្មក្រានីតទេ ប្រជាជនអេហ្ស៊ីបចាំបាច់ត្រូវដឹកជញ្ជូនដោយឆ្លងកាត់ដីគោក។
បើនិយាយពីរយៈពេលនៃការកសាងពីរ៉ាមីតនេះវិញ គឺត្រូវចំណាយពេលរយៈពេល ១០-២០ឆ្នាំ ទើបរួចជាស្ថាពរ។ នៅត្រង់កណ្ដាលពីរ៉ាមីតមានបន្ទប់តម្កល់សពរបស់ព្រះចៅផារ៉ាអុង គូហ្វូ និងមឈូសធ្វើពីថ្មក្រានីត ព័ទ្ធជុំវិញដោយរណ្ដៅសព និងពីរ៉ាមីតតូចៗមួយចំនួនទៀត។
* ពីរ៉ាមីតឃីហ្វ្រិន និងរ៉ាមីតម៉ៃស៉ីរីណាស
ពីរ៉ាមីតឃីហ្វ្រិន ស្ថិតនៅភាគខាងលិចឆៀងខាងត្បូងនៃពីរ៉ាមីត គូហ្វូ ដែលមានលក្ខណៈលេខធ្លោរផងដែរ។ ពីរ៉ាមីតនេះត្រូវបានសាងពីថ្មកំបោរពណ៌ស។ ចំណែកពីរ៉ាមីតម៉ៃស៉ីរីណាសវិញមានកម្ពស់ ៦៥.៥ ម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា ជាពីរ៉ាមីតដែលតូចបំផុតក្នុងចំណោមពីរ៉ាមីតទាំងបីនេះ៕