(បរទេស)៖ នៅលើភពផែនដីយើង មានខ្សែបន្ទាត់អរូបីមួយគេហៅថា International Date Line (IDL) ដែលត្រូវបានបង្កើតឡើងសម្រាប់ការកំណត់ព្រំដែនរវាង «ថ្ងៃថ្មី» និង «ថ្ងៃចាស់»។ ខ្សែបន្ទាត់នេះស្ថិតនៅខ្សែស្របទី១៨០ ចន្លោះដែនដីរបស់ប្រទេសរុស្ស៉ីនិងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក និងកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក។ គេចាប់ផ្តើមរាប់ថ្ងៃថ្មីពីខ្សែបន្ទាត់នេះ ដេញមកខាងឆ្វេងដៃ គឺដូចជាដំណើរនៃផែនដីវិល ខណៈអ្វីៗដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់នោះគឺជាថ្ងៃចាស់។ ឧទាហរណ៍ នៅខាងឆ្វេងចូលដល់ថ្ងៃអង្គារ នៅថ្ងៃស្តាំវិញគឺនៅថ្ងៃចន្ទនៅឡើយទេ។
* ហេតុអ្វីបានជាខ្សែបន្ទាត់នោះមិនត្រង់ស្មើ ដូចខ្សែស្របទី១៨០តែម្តង?
ខ្សែបន្ទាត់ International Date Line រត់ពីប៉ូលខាងជើងទៅកាន់ប៉ូលខាងត្បូងនៃផែនដី ហើយបែកចែករវាងអឌ្ឍគោលខាងលិច និងអឌ្ឍគោលខាងកើត ប៉ុន្តែ វាមិនរត់ត្រង់ស្មើតែម្តងឡើយ គឺកន្លែងខ្លះត្រូវបញ្ឈិតទៅនេះបន្តិច និងបញ្ឈិតទៅនោះបន្តិច។ មូលហេតុគឺដោយសារតែ ដើម្បីបញ្ចៀស កុំឲ្យប៉ះពាល់ដល់ព្រំដែនប្រទេសមួយចំនួនដូចជារុស្ស៉ីនិងសហរដ្ឋអាមេរិកជាដើម។ ព្រោះថាបើវាត្រង់តាមខ្សែស្របទី១៨០តែម្តង នោះរុស្ស៉ីនិងអាមេរិក ក៏ដូចជាប្រទេសប្រជុំកោះនៅប៉ាស៉ីហ្វិក នឹងមានដែនដីខ្លះស្ថិតនៅថ្ងៃខុសគ្នា។
* តើនឹងមានអ្វីកើតឡើងនៅពេលអ្នកធ្វើដំណើរឆ្លងខ្សែបន្ទាត់ IDL?
នៅពេលដែលអ្នកធ្វើដំណើរឆ្លងខ្សែបន្ទាត់ IDL ពីខាងលិចចូលទៅកាន់ខាងកើត នោះអ្នកត្រូវតែដក១ថ្ងៃចេញ ហើយប្រសិនបើអ្នកឆ្លងពីខាងកើត ចូលមកខាងលិចវិញ គឺត្រូវបូកបន្ថែមមួយថ្ងៃ។ យ៉ាងណាមិញភាពខុសគ្នានៃពេលវេលានៅផ្នែកទាំងសងខាងនៃខ្សែបន្ទាត់ IDL គឺមិនមែន២៤ម៉ោងរហូតឡើយ ព្រោះក៏ត្រូវគិតមើលអំពីកត្តាល្វែងម៉ោង (Time Zone) ថែមទៀតដែរ។
* ខ្សែបន្ទាត់ IDL ពុំត្រូវបានកំណត់ដោយច្បាប់អន្តរជាតិនោះទេ
ប្រទេសនានានៅក្បែរខ្សែបន្ទាត់ IDL មានសិទ្ធិក្នុងការជ្រើសរើសនូវ «ថ្ងៃ» និង «ល្វែងម៉ោង» ដែលពួកគេចង់បានដោយសេរី។ ឧទាហរណ៍ នៅពេលសាធារណរដ្ឋគីរីបាស (Kiribati) ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅឆ្នាំ១៩៧៩ ផ្នែកខ្លះនៃប្រទេសប្រជុំកោះដែលលាតសន្ធឹងយ៉ាងវែងនេះ គឺស្ថិតនៅចំហៀងខុសគ្នានៃខ្សែបន្ទាត់ IDL។ ដូច្នេះហើយប្រទេសនេះ បានសម្រេចរំកិលបន្ទាត់ IDL ទៅខាងស្តាំឲ្យផុតតែម្តង ដើម្បីឲ្យប្រទេសខ្លួនទាំងមូល ស្ថិតនៅខាងឆ្វេងដៃនៃខ្សែបន្ទាត់ កាលពីដើមឆ្នាំ១៩៩៥។ ចាប់តាំងពីនោះមក Kiribati បានក្លាយជាប្រទេសដែលឆ្លងចូលថ្ងៃឬឆ្នាំថ្មីមុនគេ។
នៅឆ្នាំ២០១១ ប្រទេសដីកោះសាម៉ូអា (Samoa) បានផ្លាស់ប្តូរពីល្វែងម៉ោង GMT-11 ទៅ GMT+13 វិញ តាមរយៈការរំកិលបន្ទាត់ IDL ទៅខាងស្តាំដៃ ធ្វើឲ្យខ្លួនមកនៅខាងឆ្វេងនៃខ្សែបន្ទាត់។ សាម៉ូអាបានសម្រេចធ្វើបែបនេះ ដើម្បីសម្របសម្រួលការធ្វើពាណិជ្ជកម្មជាមួយអូស្រ្តាលី និងនូវែលសេឡង់ ហើយប្រទេសដីកោះមួយទៀតគឺតូគេឡៅ (Tokelau) ក៏បានធ្វើតាមសាម៉ូអា ក្រោមហេតុផលដូចគ្នាផងដែរ។
* ខ្សែបន្ទាត់ IDL ត្រូវបានគូសឡើងតាំងពីពេលណា?
ខ្សែបន្ទាត់ស្របទី១៨០ ត្រូវបានជ្រើសរើសធ្វើជាទីតាំងនៃខ្សែ IDL ដោយសារតែវារត់កាត់ភាគកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក ដែលមិនសូវមានមនុស្សរស់នៅច្រើនឡើយ ហើយវានៅមួយចំហៀងម្ខាងទៀតនៃផែនដី បើធៀបជាមួយខ្សែបន្ទាត់ស្របទី០ នៅសង្កាត់គ្រីវិចនៃ ទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ដែលជាកន្លែងម៉ោងសកល GMT (Greenwich Mean Time Zone)។
គួរជម្រាបថា ទាំងខ្សែ International Date Line ទាំងម៉ោងសកល GMT រួមនិងល្វែងម៉ោងទាំង២៤ គឺត្រូវបានបង្កើតឡើងកំឡុងសន្និសីទអន្តរជាតិមួយហៅថា International Meridian Conference ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ១៨៨៤ នៅសហរដ្ឋអាមេរិក ក្រោមការចូលរួមពីប្រទេសចំនួន២៦៕