(ពិភពលោក)៖ នៅក្នុងប្រទេសដែលកាន់លទ្ធិសេរី មនុស្សម្នាក់ដែលអាចកាន់តំណែងជាមេដឹកនាំបាន លុះត្រាតែមានការបោះឆ្នោតជ្រើសរើស ដោយប្រជាពលរដ្ឋជាមុនសិន។ ប៉ុន្តែ សម្រាប់ប្រទេសកាន់លទ្ធិកុម្មុយនីស្តវិញ អ្នកដែលអាចកាន់តំណែងជាមេដឹកនាំបាន គ្រាន់តែបុគ្គលនោះត្រូវបានផ្តល់ការតែងតាំងពីអ្នកដឹកនាំមុនតែប៉ុណ្ណោះ ឬនិយាយដោយសាមញ្ញ គឺជាការឡើងកាន់តំណែងតាមបែប «ស្នងទាយាទ»។
ជាក់ស្តែងលោក គីម ជុងអ៊ុន គឺជាមេដឹកនាំកូរ៉េខាងជើងដ៏មានឥទ្ធិពលមួយរូប ដែលត្រូវបានឪពុកប្រគល់តំណែងជាមេដឹកនាំជាន់ខ្ពស់នៅឆ្នាំ២០១១។ តាំងពីឡើងកាន់តំណែង មេដឹកនាំរូបនេះ បាននិងកំពុងធ្វើឲ្យពិភពលោកមានការរង្គើខ្លះៗ ដោយសារសកម្មភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ហេតុអ្វីលោក គីម ជុងអ៊ុន ក្លាយជាមេដឹកនាំកូរ៉ខាងជើង? ថ្ងៃនេះ Fresh News Plus នឹងចែករំលែកចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងសំណួរខាងលើដូចខាងក្រោម៖
លោក គីម ជុងអ៊ុន គឺជាកូនប្រុសរបស់លោក គីម ជុងអ៉ីល ដែលមានកូនប្រុសបង្កើត ៣នាក់ និងកូនស្រីបង្កើត២នាក់ (កូនប្រុសរបស់ គីម ជុងអ៉ីល ទាំងបីនាក់រួមមាន៖ គីម ជុងណាំ, គីម ជុងឈុល និង គីម ជុងអ៊ុន ហើយកូនស្រីទាំងពីររួមមាន៖ គីម សុលសុង និង គីម យ៉ូចុង)។
កូនប្រុសទី១ គឺលោក គីម ជុងណាំ ត្រូវបានជប៉ុនចាប់ខ្លួន ដោយសារលួចចូលប្រទេសនេះ ដោយប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ហើយបន្ថែមលើនេះ កូនច្បងរូបនេះក៏មានគំនិតមិនស្របនឹងការដឹកនាំរបស់ឪពុកខ្លួនផងដែរ។ ជាលទ្ធផលលោក គីម ជុងណាំ មិនត្រូវបានរាប់ចូល សម្រាប់ធ្វើទាយាទស្នងតំណែងឡើយ។
កូនប្រុសទី២ គឺលោក គីម ជុងឈុល ដែលជាមនុស្សម្នាក់មានប្រាជ្ញាឈ្លាសវៃ និងទេព្យកោសល្យផ្នែកអក្សរសាស្ត្រ និងអក្សរសិល្ប៍។ ប៉ុន្តែកូនប្រុសបន្ទាប់រូបនេះ ត្រូវបានឪពុកចាត់ទុកថា ជាមនុស្សទន់ភ្លន់ និងទន់ជ្រាយ ដែលមិនស័ក្តិសមធ្វើជាមេដឹកនាំកូរ៉េខាងជើងទី៣បានដែរ។
ចំណែកឯកូនប្រុសទី៣ គឺលោក គីម ជុងអ៊ុន មានលក្ខណៈសម្បត្តិ និងបុគ្គលិកលក្ខណៈស្ទើរតែស្រដៀងគ្នានឹងឪពុកខ្លួន ឬនិយាយដោយឡែក កូនពៅរូបនេះ មានគំនិតដើរត្រូវគន្លងត្រកូល គីម ដែលស័ក្តិជាទាយាទបំផុត។ លោក គីម ជុងអ៉ីល តែងតែនិយាយថា កូនប្រុសពៅរបស់លោកស្រឡាញ់អំណាច និងអាចការពារអំណាចបាន ដូចលោកការពារឲ្យលោក គីម អ៉ីលសុង ដែលជាជីតារបស់ទៀតផង។
បន្ថែមនឹងលក្ខណៈសម្បត្តិខាងលើ គីម ជុងអ៊ុន ក៏ត្រូវបានបង្ហាត់បង្រៀនឲ្យមានភាពរឹងប៉ឹង ចិត្តដាច់ ក្លាហាន និងសាហាវតាំងពីតូច។ លោកអាចបើករថយន្ត និងផឹកគ្រឿងស្រវឹង បានយ៉ាងច្រើនមិនងាយស្រវឹងឡើយ។ មិនតែប៉ុណ្ណោះអនាគតមេដឹកនាំទី៣ របស់កូរ៉េខាងជើងរូបនេះចូលចិត្តស្លៀកសម្លៀកបំពាក់យោធាជាខ្លាំង ដែលខុសស្រឡះពីកូនច្បង ដែលចូលចិត្តស្លៀកសម្លៀកបំពាក់តាមបែបអឺរ៉ុប។
លោក គីម ជុងអ៊ុន តែងតែត្រូវបានបំពាក់បំប៉ន និងហ្វឹកហាត់លត់ដំ ឲ្យមានចិត្តធ្វើជាអ្នកដឹកនាំ ឬអ្នកមានអំណាចលើអ្នកដទៃដូចឪពុកលោកបានរំពឹងទុកអញ្ចឹង។ គួរកត់សម្គាល់ថា នៅពេលទៅកម្មវិធីធំដុំ ឬសន្និសីទសារព័ត៌មានជាដើម គេតែងតែឃើញលោក គីម ជុងអ៊ុន ទៅចូលរួមជាមួយឪពុកជានិច្ច។ ចំណុចមួយដែលធ្វើឲ្យឪពុកលោកពេញចិត្តបំផុតនោះ គឺលោក គីម ជុងអ៊ុន កាលនៅពីក្មេងតែងតែឲ្យគេហៅខ្លួនថា «សមមិត្តឧត្តមសេនីយ៍»ៗ ដែលនេះសបញ្ជាក់ឲ្យឃើញពីគំនិតអ្នកមានមហិច្ឆិតាខ្ពស់ និងអាចដឹកនាំមនុស្សជាច្រើនបាន។
គីម ជុងអ៊ុន បានឡើងកាន់តំណែងជំនួសឪពុក នៅអាយុមិនទាន់គ្រប់៣០ឆ្នាំផងទេ។ បើទោះបីមានវ័យនៅក្មេងខ្ចីក៏ដោយ ក៏បុគ្គលសំខាន់ៗនៅកូរ៉េខាងជើង សុទ្ធតែបានយល់ព្រមឲ្យលោក ធ្វើជាមេដឹកនាំកំពូលសម្រាប់ប្រទេស ធ្វើជាមេដឹកនាំរដ្ឋាភិបាល និងជាពិសេសនោះឲ្យធ្វើជាមេដឹកនាំកងទ័ព ដែលមានអានុភាពក្លាំងខ្លា ជាងប្រទេសមួយចំនួននៅលើពិភពលោកនេះ។
គួរបញ្ជាក់ថា ថ្ងៃកំណើតរបស់លោក គីម ជុងអ៊ុន មិនមានឯកសារណាមួយបញ្ជាក់ច្បាស់លាស់ឡើយ ប៉ុន្តែតាមសារព័ត៌មានអន្តរជាតិមួយចំនួនផ្សាយថា លោកកើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨៣ ឬ១៩៨៤។ នៅពីក្មេងលោកបានទៅសិក្សានៅប្រទេសស្វីស ហើយសូម្បីតែសាវតាររបស់លោក ក៏ត្រូវបានលាក់បាំងយ៉ាងសម្ងាត់បំផុត៕