(បរទេស)៖ តើអ្នកមានដឹងដែរឬទេថា ផ្ទៃព្រះច័ន្ទដែលយើងមើលឃើញរាល់រាត្រី តាមពិតជាផ្ទៃតែមួយចំហៀងដដែលៗរបស់វាប៉ុណ្ណោះ គឺយើងមិនអាចមើលឃើញផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទឡើយ។
ផ្ទៃមួយចំហៀងដែលបែរមករកផែនដីយើង គេហៅថា «ចំហៀងជិត (Near Side)» រីឯចំហៀងម្ខាងទៀត ដែលបែរចេញពីយើង គេហៅថា «ចំហៀងឆ្ងាយ (Far Side)»។ តើហេតុអ្វីទៅបានជាយើងមិនអាចមើលឃើញចំហៀងដែលនៅឆ្ងាយរបស់ព្រះច័ន្ទ? មានអ្នកខ្លះយល់ខុសថា ព្រះច័ន្ទច្បាស់ជាមិនវិលជុំវិញខ្លួនវាទេ ទើបផ្ទៃតែម្ខាងរបស់វាតែងតែបែរមករកផែនដីរហូតបែបនេះ។
ជាក់ស្តែងវិញ ព្រះច័ន្ទគឺវិលជុំវិញខ្លួនវា ហើយប្រសិនបើវាមិនវិលជុំវិញខ្លួនឯង នោះយើងមើលពីផែនដីទៅនឹងឃើញផ្ទៃទាំងសងខាងរបស់ជាមិនខាន។ បើតាមពិតព្រះច័ន្ទវិលជុំវិញខ្លួនឯង ចុះហេតុអ្វីបានជាយើងនៅតែមើលឃើញផ្ទៃតែមួយចំហៀងរបស់ព្រះច័ន្ទ? មូលហេតុគឺដោយសារ បាតុភូតមួយគេហៅថា «Synchronous Rotation»។ វាមានន័យថា ពេលវេលាដែលព្រះច័ន្ទប្រើដើម្បីវិលជុំវិញខ្លួនឯង ដូចគ្នាទៅនឹងពេលវេលាដែលវាប្រើដើម្បីគោចរជុំវិញភពផែនដីដែរគឺ ២៧.៣២ថ្ងៃ។
គួរជម្រាបថា បាតុភូតខាងលើកើតឡើងដោយសារតែ ឥទ្ធិពលនៃកម្លាំងទំនាញរបស់ផែនដីទៅលើព្រះច័ន្ទ។ យើងអាចហៅបាតុភូតនេះបានម៉្យាងទៀតថា «Tidal Locking»។ ជាមួយគ្នានេះព្រះច័ន្ទក៏មានឥទ្ធិពលមកលើផែនដី ដែលបង្កើតជាបាតុភូតទឹកជោរ-ទឹកនាចផងដែរ៕