(បរទេស)៖ នៅថ្ងៃទី៦ និងទី៩ ខែសីហា ឆ្នាំ១៩៤៥ ចុងសម័យសង្រ្គាមលោកលើកទីពីរ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងចំនួនពីររបស់ប្រទេសជប៉ុនគឺ ហ៉ីរ៉ូស៉ីម៉ា (Hiroshima) និងណាហ្គាសាគី (Nagasaki)។ ការបំផ្ទុះគ្រាប់បែកបរមាណូទាំងពីរលើកនោះ បានផ្តាច់ជីវិតមនុស្សប្រហែលជាង២សែននាក់ ដែលភាគច្រើនជាជនស៉ីវិល ហើយពួកវាគឺជាការប្រើប្រាស់អាវុធនុយក្លេអ៊ែរតែពីរដងគត់នៅក្នុងសង្រ្គាម។
ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះជាខួបលើកទី៧៥ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ, ជប៉ុនរៀបចំពិធីរំលឹកខួបដល់ជនរងគ្រោះ។
នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក Enola Gay ធុន B-29 បានទម្លាក់គ្រាប់បែកបរមាណូ «Little Boy» ដែលមានទម្ងន់៥តោន និងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមប្រមាណ៦៤គីឡូក្រាម ពីកម្ពស់ជិត១០គីឡូម៉ែត្រលើទីក្រុង Hiroshima ហើយប្រើពេល៤៤វីនាទី ទើបធ្លាក់ទៅដល់កម្ពស់៥៨០ម៉ែត្រ រួចក៏បានផ្ទុះឡើង។
បន្ទុះរបស់វាមានកម្លាំងស្មើនឹងសារធាតុ TNT ១៥,០០០តោន។ ផ្ទៃដីទំហំជាង៦គីឡូម៉ែត្រក្រឡានៃទីក្រុង Hiroshima ព្រមទាំងអគារក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធប្រហែល៧០ភាគរយ ក៏ត្រូវបានបំផ្លាញខ្ទេចខ្ទី ខណៈមនុស្ស៨០,០០០នាក់បានស្លាប់ភ្លាមៗ ហើយ៦០,០០០នាក់ទៀត បានស្លាប់តាមក្រោយក្នុងរយៈពេលប៉ុន្មានខែបន្ទាប់មក ដោយសាររបួស និងសារធាតុវិទ្យុសកម្ម។
ទោះជាបែបនេះក្តី វាមិនគ្រប់គ្រាន់ឲ្យជប៉ុនទទួលយកការទាមទារឲ្យប្រកាសចុះចាញ់សង្រ្គាមឡើយ ខណៈអាមេរិកបានត្រៀមរួចស្រេច ដើម្បីប្រើប្រាស់គ្រាប់បែកបរមាណូជាថ្មីម្តងទៀត។ នៅយប់រំលងអធ្រាត្រថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ យន្តហោះទម្លាក់គ្រាប់បែក B-29 និង គ្រាប់បែកបរមាណូ «Fat Man» បានចាកចេញពីកោះ Tinian ក្បែរកោះហ្គាំ ឆ្ពោះទៅរកប្រទេសជប៉ុន។
គ្រាប់បែកបរមាណូ Fat Man ដែលមានស្នូលជាសាធារតុភ្លូតូនីញ៉ូមទម្ងន់៥គីឡូក្រាម ត្រូវបានទម្លាក់លើទីក្រុង Nagasaki នាព្រឹកថ្ងៃដដែល ហើយផ្ទុះនៅ៤៧វិនាទីក្រោយការទម្លាក់ ជាមួយថាមពលស្មើនឹងកម្លាំង TNT ២២,០០០តោន គឺខ្លាំងជាងគ្រាប់បែកបរិមាណូ Little Boy។ ប៉ុន្តែចំនួនមនុស្សស្លាប់ភ្លាមៗគឺត្រឹមខ្ទង់៤០,០០០នាក់ ខណៈ៣០,០០០-៤០,០០០នាក់ទៀត បានបាត់បង់ជីវិតតាមក្រោយ។ ចំនួនមនុស្សស្លាប់ត្រឹមត្រូវពិតប្រាកដតែម្តង គឺពិបាកនឹងកំណត់ឲ្យច្បាស់ណាស់ ព្រោះកម្លាំងគ្រាប់បែកបរមាណូធ្វើឲ្យសាកសពរលាយបាត់ទាំងស្រុង រួមជាមួយកំណត់ត្រាផ្សេងៗ។
គួរជម្រាបថា ប៉ុន្មានថ្ងៃក្រោយមក ព្រះចៅអធិរាជជប៉ុន ហ៉ីរ៉ូហ៉ីតុ ក៏បានយល់ព្រមចុះចាញ់សង្រ្គាមដោយឥតលក្ខខណ្ឌ ដោយទ្រង់មានព្រះរាជបន្ទូលថា បើនៅតែបន្តសង្រ្គាម នោះគឺមានតែសេចក្តីវិនាសអន្តរាយសម្រាប់ប្រទេសទ្រង់ប៉ុណ្ណោះ។ ខណៈអាមេរិកអះអាងថា ការប្រើគ្រាប់បែកបរមាណូទាំងពីរ គឺដើម្បីតែបញ្ចប់សង្រ្គាមឲ្យបានឆាប់ ក្រុមអ្នកប្រវត្តិសាស្រ្តមានការយល់ឃើញថា វាក៏បម្រើជាឱកាសឲ្យអាមេរិកសាកល្បងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងស្ថានភាពជាក់ស្តែង ហើយក៏ជាការកំញើញមួយដាក់លើសហភាពសូវៀត ដែលនៅក្រោយសង្រ្គាមលោកលើកទីពីរ បានប្រែក្លាយជាមហាគូប្រជែងរបស់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមត្រជាក់ផងដែរ៕