(ពិភពលោក)៖ លោក បារ៉ាក់ អូបាម៉ា (Barack Obama) កើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦១ គឺជាអតីតប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិក ដ៏មានប្រជាប្រិយភាពមួយរូប ក្នុងប្រវត្តិសាស្ត្រមេដឹកនាំកំពូលពិភពលោក។
អតីតប្រធានាធិបតីរូបនេះ គឺជាសមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាធិបតេយ្យ ដែលជាជនជាតិស្បែកខ្មៅដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ របស់សហរដ្ឋអាមេរិកទៀតផង។ លោកបានដឹកនាំប្រទេសមហាអំណាចមួយនេះ អស់រយៈពេល ២អាណិត្តជាប់ៗគ្នា គឺអាណត្តិទី១ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ និងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ក៏ព្រោះតែសមត្ថភាពដឹកនាំដ៏ល្អរបស់ខ្លួន។ តើលោក អូបាម៉ា មានទម្លាប់ប្រចាំថ្ងៃដូចម្តេចខ្លះ?
Fresh News Plus សូមចែករំលែកពីទម្លាប់ប្រចាំថ្ងៃ របស់លោក អូបាម៉ា ក្នុងអំឡុងពេលដែលលោក កាន់តំណែងជាប្រធានាធិបតីអាមេរិក ជូនប្រិយមិត្តអ្នកអាន ទុកជាចំណេះដឹងទូទៅដូចខាងក្រោម។
នៅក្នុងឆ្នាំ២០១៩ គ្រាដែលផ្តល់បទសម្ភាសដល់ព័ត៌មាន Newsweek លោក អូបាម៉ា បានបង្ហើបពីទម្លាប់ប្រចាំថ្ងៃរបស់គាត់ថា «ខ្ញុំជាប្រភេទមនុស្ស សត្វទីទុយ ឬប្រភេទ Night owl (Night owl គឺជាពាក្យអង់គ្លេសមួយ សម្រាប់ហៅមនុស្សទាំងឡាយណា ដែលធ្វើការរហូតដល់យប់ជ្រៅ ទើបចូលសម្រាក)។ ទម្លាប់ខ្ញុំនោះគឺ ហាត់ប្រាណនៅពេលព្រឹក, ទៅធ្វើការនៅរង្វង់ម៉ោង ៩ព្រឹក, ធ្វើការរហូតដល់ម៉ោង ៦៖៣០ល្ងាច, ញ៉ាំអាហារជាមួយគ្រួសារ, លេងសើចជាមួយកូនចៅ ហើយនាំពួកគេទៅគេងនៅម៉ោង ៨៖៣០យប់»។
លោកបន្តថា «បន្ទាប់មក ជាទម្លាប់នោះ គឺខ្ញុំអាន Briefing Papers ឬសរសេររបាយការណ៍ប្រចាំថ្ងៃ ឬសរសេរអ្វីៗ ដែលពាក់ព័ន្ធនឹងការងាររហូតដល់ម៉ោង ១១៖៣០យប់។ ក្រោយមកទៀត ខ្ញុំជាធម្មតាចំណាយពេលកន្លះម៉ោង ឬក្បែរ១ម៉ោង អានសៀវភៅ មុនពេលខ្ញុំចូលដំណេក នៅម៉ោង ១២៖៣០យប់ជ្រៅ។ ពេលខ្លះ ខ្ញុំចូលដំណេកយឺតជាងនេះទៅទៀត»។
អំឡុងពេលកាន់តំណែងជាប្រធានាធិបតី លោក អូបាម៉ា មានកិត្តិនាមថា «Night Guy» ដែលត្រូវបានគេស្គាល់ជាទូទៅថា លោកជាមនុស្សម្នាក់ប្រឹងប្រែងធ្វើការណាស់ នៅឯកន្លែងធ្វើការងារ ក្នុងបន្ទប់ជាន់ក្រោមមួយ ឈ្មោះថា «Treaty Room» គឺធ្វើការរហូតដល់យប់ជ្រៅ។
លោក អូបាម៉ា ចំណាយពេលគេងចន្លោះពី ៥ទៅ៧ម៉ោង ជារៀងរាល់យប់ ខណៈដែលគាត់ក្រោកពីគេង នៅម៉ោង ៧ព្រឹក។ ក្រោកពីដំណេក គាត់ហាត់ប្រាណប្រហែល ៤៥នាទី ហើយជាទម្លាប់គាត់ហាត់ប្រាណ ៦ថ្ងៃ ក្នុងមួយសប្តាហ៍។
បន្ទាប់ពីហាត់ប្រាណ លោក អូបាម៉ា ហូបអាហារពេលព្រឹកជាមួយគ្រួសារ។ បើតាមលោក Reggie Love ដែលជាជំនួយការផ្ទាល់របស់ អូបាម៉ា បាននិយាយថា អំឡុងពេលកាន់តំណែង ប្រធានាធិបតីរូបនេះ កម្រហូបកាហ្វេណាស់។ គាត់ចូលចិត្តទឹកក្រូច តែបៃតង ឬទឹកសុទ្ធធម្មតា ជំនួសការហូបកាហ្វេ។
ក្រោយពីរៀបចំឲ្យកូនស្រីរបស់ខ្លួន គឺម៉ាលីយ៉ា (Malia) និងសាស្ហា (Sasha) ទៅសាលា លោក អូបាម៉ា ធ្វើដំណើរទៅការិយាល័យគាត់ អំឡុងម៉ោង ៩ព្រឹក ដើម្បីចាប់ផ្តើមធ្វើការងារប្រចាំថ្ងៃ។
លោក Todd S. Purdum និពន្ធនាយកនៃព័ត៌មាន Vanity Fair បានរៀបរាប់ពីការចាប់ផ្តើមការងារប្រចាំថ្ងៃ របស់លោក អូបាម៉ា យ៉ាងដូច្នេះថា «នៅពេលដែល អូបាម៉ា ចូលដល់ការិយាល័យភ្លាម, រឿងដំបូងដែលគាត់ធ្វើ គឺជួបជាមួយប្រធានគ្រប់គ្រងបុគ្គលិកនៅការិយាល័យ ដើម្បីសួរនាំពីការងារជានិច្ច ហើយជំនួបនោះធ្វើទៅយ៉ាងលឿន។ មិនថា ៣នាទី ៤នាទី ៥នាទី ឬប៉ុន្មាននាទីទេ ជំនួបនោះត្រូវតែធ្វើឲ្យលឿនបំផុត»។
ជារៀងរាល់ល្ងាច លោក អូបាម៉ា តែងតែជួបប្រជុំការងារ ជាមួយនឹងសហសេវិក ដើម្បីបញ្ចប់ការងារប្រចាំថ្ងៃ។ រឿងគួរឲ្យសរសើរគាត់គឺថា បើសិនជាមានការងារប្រទេសជាតិចូលច្រើនពេក ហើយមានការស្មុគស្មាញក្តី លោក អូបាម៉ា តែងតែរកវិធីដោះស្រាយឲ្យចប់សិន ហើយសុខចិត្តលះបង់ពេលវេលា និងទម្លាប់ប្រចាំថ្ងៃមួយចំនួន ដូចជា ការហូបអាហារពេលល្ងាចជាមួយគ្រួសារ ការហាត់ប្រាណ និងការងារផ្ទាល់ខ្លួនដទៃទៀត។
លោកធ្លាប់ប្រាប់ ព័ត៌មាន Vanity Fair យ៉ាងដូច្នេះថា «អ្នកឃើញទេ ខ្ញុំស្លៀកពាក់ពណ៌ខៀវ និងពណ៌ខ្មៅតែប៉ុណ្ណោះ។ ខ្ញុំមិនចង់សម្រេចចិត្តជ្រើសរើសម្ហូប ដែលខ្ញុំត្រូវញ៉ាំ ឬខោអាវ ត្រូវស្លៀកពាក់ទេ ពីព្រោះខ្ញុំមានការសម្រេចចិត្តជាច្រើនទៀត ដែលសំខាន់ជាងនេះ»។
គ្រួសារ ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ សម្រាប់លោក អូបាម៉ា ក្នុងការបន្ថូរអារម្មណ៍ក្រោយសម្រាកពីការងារ។ លោក David Axelrod ទីប្រឹក្សាជាន់ខ្ពស់លោក អូបាម៉ា ធ្លាប់និយាយប្រាប់ The New York Time ថា ឱកាសស្ថិតក្រោមដំបូងផ្ទះជាមួយកូនៗ ឱកាសអាចឃើញកូនៗ ពេលណាដែលចង់ឃើញ ឱកាសដាស់កូនៗពីដំណេក និងឱកាសហូបអាហារជាមួយកូនៗ គឺជាប្រការដែលធ្វើឲ្យគាត់រីករាយ។
សូមបញ្ជាក់ថា លោក អូបាម៉ា បានប្រគល់តំណែងជាប្រធានាធិបតី ទៅលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧។ ក្រោយពីនោះ គាត់បានចំណាយពេលជាច្រើនជាមួយគ្រួសារ ដោយទៅលេងនៅកោះ British Virgin Islands ទៅលេងកោះឯកជនរបស់ Richard Branson និងជិះស្គីលើសមុទ្រជាដើម។ គាត់ថែមទាំងចំណាយពេលជាមួយគ្រួសារ ដោយការធ្វើដំណើរ ជុំវិញពិភពលោកទៀតផង។
NBC News បានផ្សាយអត្ថបទមួយពាក់ព័ន្ធនឹង របៀបដែលអូបាម៉ាចំណាយពេលវេលា បន្ទាប់ពីឈប់ធ្វើការបាន១ឆ្នាំ ដោយសរសេរខ្លឹមសារថា «គាត់មិនខ្វាយខ្វល់ច្រើន និងប៉ុនប៉ងទៅធ្វើការងារ នៅក្នុងការិយាល័យដើមទៀតទេ គឺគាត់កំពុងតែរីករាយ ជាមួយជីវិតថ្មីរបស់គាត់ ហើយគាត់ក៏មានពេលវេលាជាមួយប្រពន្ធ និងគ្រួសារទាំងមូលផងដែរ»។
កាលពីឆ្នាំ២០១៨ ក្នុងបទសម្ភាសជាមួយ BBC Radio 4 លោក អូបាម៉ា បានជញ្ជឹងគិតពីដំណើរជីវិត ក្រោយចាកចេញពីការិយាល័យនៅ White House ថានេះជាសេរីភាពដ៏ធំមួយ មិនដូចពេលធ្វើជាប្រធានាធិបតីឡើយ។ គាត់បន្តថា «ឥឡូវនេះ, នៅពេលដែលខ្ញុំក្រោកពីដំណេកឡើង ខ្ញុំអាចសម្រេចចិត្តបានភ្លាមៗ ពីរឿងអ្វីមួយដែលខ្ញុំចង់ធ្វើ»។
សូមរំលឹកដែរថា ក្នុងកំណត់ត្រាសម្រាប់ប្រធានាធិបតីអាមេរិក លោក អូបាម៉ា គឺជាមេដឹកនាំប្រទេសនេះតែមួយរូបគត់ ដែលធ្លាប់មកប្រទេសកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៕