(ជប៉ុន)៖ ដូចដែលយើងតែងឃើញស្រាប់ហើយថា ទង់ជាតិរបស់ប្រទេសជប៉ុន គឺមានរំលេចរូបព្រះអាទិត្យពណ៌ក្រហមឆ្អិនឆ្អៅ ដៅនៅចំកណ្ដាលផ្ទៃពណ៌ស ដែលហៅជាភាសាអង់គ្លេសថា Flag of Sun ឬហៅជាភាសាជប៉ុនថា Nisshōki ឬ Hinomaru។
រូបព្រះសូរិយាដ៏ធំមួយនេះ ត្រូវបានកែសម្រួលចេញពីរូបព្រះសូរិយាបញ្ចេញកាំរស្មីអញ្ចាចជុំទិស (ហៅជាភាសាអង់គ្លេសថា Rising Sun) ដែលធ្លាប់រំលេចឡើងដំបូងនៅលើទង់អធិរាជចក្រព័ត្តិជប៉ុន តាំងពីសម័យសក្តិភូមិ រហូតដល់សម័យសង្គ្រាមលោកលើកទី២។
* តើមានអាថ៌កំបាំងអ្វីខ្លះនៅពីក្រោយរូបព្រះអាទិត្យក្រហមឆ្អៅមួយនេះ?
រូបព្រះអាទិត្យនៅលើទង់ជាតិនេះ គឺមានជាប់ពាក់ព័ន្ធនឹងឈ្មោះរបស់ប្រទេសមួយនៅតំបន់អាស៉ីបូព៌ា ដែលខ្មែរយើងហៅថា «ប្រទេសជប៉ុន»។ ប៉ុន្តែប្រជាជនដើមនៃប្រទេសនេះ គេហៅឈ្មោះប្រទេសរបស់គេថា នីហុន (Nihon) ឬ នីបផុន (Nippon) ដែលអក្សរកាន់ជិជប៉ុនសរសេរថា «日本»។ អក្សរ 日(នីឈិ) មានន័យជាភាសាខ្មែរថា ព្រះអាទិត្យ ចំណែកឯអក្សរ 本 (ហុន) មានន័យថា មូលដ្ឋាន ឬ ដើមកំណើត។ ដូច្នេះតួអក្សរទាំងពីរនេះមានន័យថា «ដើមកំណើតព្រះអាទិត្យ» ខណៈពួកបស្ចិមលោកតែងហៅថា «ដែនដីនៃព្រះអាទិត្យ»។
តាមកំណត់ត្រានៅក្នុងសៀវភៅចំណាស់មួយនៃរាជវង្សថាង (Tang 618-907) របស់ចិន គេបានឃើញរកឃើញថាមានការប្រើប្រាស់ឈ្មោះ នីហុន ដំបូងនាចុងសតវត្សរ៍ទី៧ ពោលគឺនៅក្នុងសម័យរាជវង្សស៊ួយ (Sui 581-618) នៃប្រទេសចិន ដោយព្រះអធិរាជជប៉ុនបានបញ្ជាឱ្យព្រះអង្គម្ចាស់ សូតូគុ (Shotoku) ដឹកនាំគណៈប្រតិភូជប៉ុនមកកាន់រាជវាំងមហាស៊ួយ ដោយនាំទៅជាមួយព្រះរាជសាររបស់ព្រះអធិរាជជប៉ុនផ្ញើជូនព្រះអធិរាជចិនផងដែរ។
រាជសាររបស់ស្ដេចជប៉ុននោះមានសេចក្ដីថា «នៅទីនេះ យើងដែលជាព្រះអធិរាជនៃនគរព្រះអរុណោទ័យ (ព្រះអាទិត្យរះ) សូមផ្ញើលិខិតមួយច្បាប់ទៅកាន់ព្រះអធិរាជនៃនគរព្រះសូរិយាអស្ដង្គត (ព្រះអាទិត្យលិច)។ តើព្រះអង្គសុខសប្បាយឬទេ?»។ ព្រះអធិរាជជប៉ុនក៏បានទូលស្នើឱ្យព្រះអធិរាជមហាស៊ួយប្រើប្រាស់ឈ្មោះ នីហុន សម្រាប់ហៅប្រទេសរបស់ព្រះអង្គផងដែរ។
ទាំងនេះគឺប្រវត្តិពាក់ព័ន្ធនឹងឈ្មោះរបស់ប្រទេសជប៉ុន ដោយជនជាតិជប៉ុនជឿថាប្រទេសរបស់ពួកគេ ឬនគររបស់ពួកគេ ជាទឹកដីដែលមានព្រះអាទិត្យរះឡើង ឬប្រៀបបីដូចជាទឹកដីកំណើតនៃព្រះអាទិត្យផងដែរ។ នេះហើយជាមូលហេតុដែលប្រជាជាតិជប៉ុន រំលេចរូបព្រះអាទិត្យរះនៅលើទង់ព្រះចៅអធិរាជ ក៏ដូចជាទង់របស់មេដឹកនាំយោធារបស់ខ្លួន តាំងតែពីសម័យបុរាណមកម្ល៉េះ។
គេបានស្រាវជ្រាវឃើញថា ទង់ព្រះអាទិត្យដែលជះកាំរស្មីពណ៌ក្រហមឆ្អៅ (Rising Sun) ត្រូវបានប្រើប្រាស់លើកដំបូងកាលពីជំនាន់ជប៉ុនតស៊ូប្រឆាំងនឹងកងទ័ពម៉ុងហ្គោល ដែលចូលលុកលុយដល់ទឹកដីជប៉ុននាសតវត្សរ៍ទី១៣ ក្នុងពេលនោះមេដឹកនាំជប៉ុនបានលើកទង់ Rising Sun នេះឡើង បំពាក់លើកងទ័ពតស៊ូរបស់ខ្លួន ហើយតស៊ូប្រយុទ្ធជាមួយកងទ័ពម៉ុងហ្គោល រហូតបណ្ដេញពួកឈ្លានពានម៉ុងហ្គោលចេញពីទឹកដីរបស់ខ្លួនបានសម្រេច។ កំលុងពេលនោះ ក៏ជាពេលដែលជប៉ុនបង្កើតដាវសាំមូរ៉ៃ ឬដាវកាន់តាណាឡើងដំបូងផងដែរ។
រហូតដល់រជ្ជកាលព្រះចៅអធិរាជ មីអ៉ីយិ (Meiji) ឬ មូជីហ៉ីតុ (Mutsu Hito) ព្រះអង្គបានយកទម្រង់ចាស់នៃទង់ Rising Sun កាលពីសម័យបុរាណនោះ មកធ្វើជាទង់តំណាងព្រះចៅអធិរាជ បំពាក់លើកងទ័ពចក្រពត្តិជប៉ុននាសម័យអាណានិគមនជប៉ុន ដែលធ្លាប់មានមហិទ្ធានុភាពដ៏ខ្លាំងមហិមា ហើយជាទង់នាំជ័យជម្នះជូនកងទ័ពជប៉ុនស្ទើរគ្រប់សមរភូមិ រហូតដល់ពេលបរាជ័យក្នុងសង្គ្រាមលោកលើកទី២ នាឆ្នាំ១៩៤៥។
ក្រោយពេលប្រទេសជប៉ុនប្រកាសចុះចាញ់សង្គ្រាមលោកលើកទី២ហើយ ក្រុមប្រទេសសម្ពន្ធមិត្តដែលជាអ្នកឈ្នះសង្គ្រាម មានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋបារាំង និងសាធារណរដ្ឋសង្គមនិយមសហភាពសូវៀត បានបង្ខំឱ្យជប៉ុនផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ខ្លួនពីរបបរាជាធិបតេយ្យផ្ដាច់ការបែបយោធា មកជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញវិញ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៤៧។
ការផ្លាស់ប្ដូររបបដឹកនាំនេះ ក៏បានធ្វើឱ្យជប៉ុនផ្លាស់ប្ដូរទង់ជាតិរបស់ខ្លួនពីទង់ Rising Sun មកជាទង់រូបព្រះអាទិត្យពណ៌ក្រហមនៅចំកណ្ដាលផ្ទៃពណ៌ស ឬ The Flag of Sun វិញជាផ្លូវការ ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៩៩៕