(ពិភពលោក)៖ ទោះបីជាមនុស្សគ្រប់ជាតិសាសន៍លើលោកយើងនេះ រស់នៅលើផែនដីតែមួយក៏ដោយ ក៏ជំនឿរបស់ពួកគេមិនដូចគ្នាទេ ដោយអាស្រ័យទៅតាមបរិបទ និងទីកន្លែងដែលពួកគេរស់នៅ។ បន្ថែមលើនេះសាសនាក៏មានច្រើនដែរ ខណៈប្រជាជនខ្លះយកលទ្ធិកើតចេញពីអ្នកប្រាជ្ញ និងទំនៀមទម្លាប់ពីដូនតាគេ មកអនុវត្តន៍ធ្វើជាសាសនាក៏មាន។
តើអ្នកដឹងទេ! សាសនាធំៗលើលោកមានប៉ុន្មាន? សាសនាណាដែលមនុស្សជឿច្រើនជាងគេ? សូមប្រិយមិត្តស្វែងយល់ពីចំណេះដឹងទូទៅរបស់ Fresh News Plus ដូចខាងក្រោម។
សព្វថ្ងៃសាសនាធំៗមានចំនួន១០ ដែលមានអ្នកគោរពប្រតិបត្តិច្រើនបំផុត។ ក្នុងចំណោមប្រជាជនលើពិភពលោកសរុប ៧.៧៩ពាន់លាននាក់ គិតត្រឹមឆ្នាំ២០២០ អ្នកជឿលើសាសនាធំៗទាំង១០ រួមមាន៖
១៖ សាសនាគ្រិស្ដ
គ្រិស្ត គឺជាសាសនាដ៏ធំបំផុតលំដាប់ទី១ ក្នុងពិភពលោក ដែលកើតមានទ្បើងប្រហែលជា ២០០០ឆ្នាំមុន ក្នុងប្រទេសអ៉ីស្រាអែលនាពេលបច្ចុប្បន្ន។ សាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ២.៤ពាន់លាននាក់ ត្រូវនឹងចំនួន ២៩ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។
ក្នុងនោះ នៅទ្វីបអាមេរិកមានអ្នកប្រតិបត្តិសាសនានេះប្រមាណ ៣៦.៨ភាគរយ, នៅទ្វីបអឺរ៉ុប ២៥.៩ភាគរយ, នៅអាស៉ីប៉ាស៉ីហ្វិក ១៣.១ភាគរយ និងអនុតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិក ២៣.៦ភាគរយ (គិតត្រឹមឆ្នាំ២០១០)។
២៖ សាសនាអ៉ីស្លាម
អ៉ីស្លាម គឺជាសាសនាលំដាប់ទី២ ដែលមានអ្នកជឿច្រើនបំផុតក្នុងពិភពលោក។ សាសនាអ៉ីស្លាម បានកើតមានទ្បើងប្រហែលជា ១៤០០ឆ្នាំមុន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ន ហើយសាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ១.៩ពាន់លាននាក់ ត្រូវនឹងចំនួន ២៤ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។
ក្នុងនោះ នៅអាស៉ីប៉ាស៉ីហ្វិកមានប្រមាណ ៦១.៧ភាគរយ, នៅចំណុចកណ្តាលរវាងអាមេរិកខាងជើង និងខាងកើត ១៩.៨ភាគរយ, នៅអនុតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិក ១៥.៥ភាគរយ, នៅទ្វីបអឺរ៉ុប ២.៧ភាគរយ, នៅអាមេរិកខាងជើង ០.២ភាគរយ និងពួកឡាតាំង នៃតំបន់ខារ៉ាប៊ីន និងអាមេរិក ០.១ភាគរយ (គិតត្រឹមឆ្នាំ២០១០)។
៣៖ សាសនាហិណ្ឌូ
ហិណ្ឌូ គឺជាសាសនាមួយ ដែលត្រូវបានគេចាត់ទុកថា ជាសាសនាដ៏មានវ័យចំណាស់បំផុតក្នុងពិភពលោក ដែលពុំមាននរណាម្នាក់បានដឹងអំពីប្រវត្តិនៃការចាប់ផ្ដើម របស់សាសនានេះទេ។ សាសនាហិណ្ឌូ មានអ្នកប្រតិបត្តិតាមចំនួន ១.២ពាន់លាននាក់ ត្រូវនឹងចំនួន ១៥.៤ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។
ក្នុងនោះ នៅអាស៉ីប៉ាស៉ីហ្វិកមានប្រមាណ ៩៩.៣ភាគរយ, នៅអាមេរិកខាងជើង ០.២ភាគរយ, នៅចំណុចកណ្តាលរវាងទ្វីបអាហ្វ្រិកខាងជើង និងខាងកើត ០.២ភាគរយ, នៅអនុតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិក ០.២ភាគរយ, នៅទ្វីបអឺរ៉ុប ០.១ភាគរយ និងពួកឡាតាំង នៃតំបន់ខារ៉ាប៊ីន និងអាមេរិក ០.១ភាគរយ (គិតត្រឹមឆ្នាំ២០១០)។
៤៖ សាសនាព្រះពុទ្ធ
ពុទ្ធសាសនា បានកើតមានទ្បើងប្រហែលជា ២៥០០ឆ្នាំមុន ក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន សាសនានេះមានអ្នកប្រតិបត្តិតាមចំនួន ៥០៦លាននាក់ ត្រូវនឹងចំនួន ៦ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។
ក្នុងនោះ នៅអាស៉ីប៉ាស៉ីហ្វិកមានប្រមាណ ៩៨.៧ភាគរយ, នៅចំណុចកណ្តាល នៃអាហ្វ្រិកខាងជើង និងខាងកើត ០.១ភាគរយ, នៅទ្វីបអឺរ៉ុប ០.៣ភាគរយ, នៅអាមេរិកខាងជើង ០.៨ភាគរយ, នៅអនុតំបន់សាហារ៉ា នៃទ្វីបអាហ្រ្វិក ០.១ភាគរយ និងពួកឡាតាំង នៃតំបន់ខារ៉ាប៊ីន និងអាមេរិក ០.១ភាគរយ (គិតត្រឹមឆ្នាំ២០១០)។
៥៖ សាសនាបុរាណចិន (Chinese traditional religion)
សាសនាចិនបុរាណ ត្រូវបានគេពិពណ៌នាថា ជាសាសនារួមនៃវប្បធម៌ចិនភាគច្រើន ដែលប្រជាជនប្រទេសនេះ អនុវត្តន៍តាំងពីដើមរៀងមក។ Chinese traditional religion គឺជាការរួមបញ្ចូលគ្នា រវាងលទ្ធិខុងជឺ ទ្រឹស្តីពុទ្ធសាសនា និងលទ្ធិតាវ ដែលនេះជាការអនុវត្ត និងការប្រតិបត្តិតាមតៗគ្នា ហើយដែលមិនមែនជាលក្ខណៈសាសនា មានចែងទុកក្នុងគម្ពីរអ្វីមួយឡើយ។
បើរាប់ពីចំនួនអ្នកប្រតិបត្តិ Chinese traditional religion គិតត្រឹមឆ្នាំ២០២០ មានប្រមាណ ៣៩៤លាននាក់ ស្មើនឹង ៥ភាគរយ នៃប្រជាជនសរុបលើពិភពលោក។ គួរកត់សម្គាល់ថា លទ្ធិតាវ ត្រូវបានចាត់ទុកថា ជាសាសនាមួយដ៏ធំមួយ នៅក្នុងប្រទេសចិន។
៦៖ ជំនឿពួកជាតិពន្ធ (Ethnic religions)
នៅក្នុងការសិក្សាអំពីសាសនា ជាទូទៅជំនឿពួកជាតិពន្ធ មានគ្រប់ទីកន្លែងទាំងអស់ សូម្បីតែប្រទេសកម្ពុជាក៏មានក្រុមជនជាតិភាគតិចនេះដែរ។ ពួកគេរស់នៅដោយមានបែបបទ ខុសពីអ្នកនៅក្នុងប្រទេសនោះ ពោលពួកគេគោរព និងប្រតិបត្តិទំនៀមទម្លាប់គេ ដែលសល់តាំងពីដូនតារៀងមក។
មានក្រុមខ្លះគោរពវត្ថុតំណាង, ក្រុមខ្លះគោរពដើមឈើ, ក្រុមខ្លះគោរពសត្វ, ខណៈក្រុមខ្លះទៀត គោរពដុំថ្មជាដើម។ តាមការសិក្សានៅលើពិភពលោក ក្នុងចំណោមប្រជាជនសរុបមានក្រុម Ethnic Religions ចំនួនប្រមាណ ៣០០លាននាក់ ស្មើនឹង ៣ភាគរយ នៃប្រជាជនសរុបលើលោក។
៧៖ សាសនា Sikhism
Sikhism បានកើតមានទ្បើងប្រហែលជា ៥០០ឆ្នាំមុននៅភាគខាងជើងប្រទេសឥណ្ឌា ដែលបច្ចុប្បន្ននេះជាប្រទេសប៉ាគីស្ថាន។ សាសនានេះ មានចំនួនអ្នកប្រតិបត្តិតាមប្រហែលជា ២៦លាននាក់ ស្មើនឹង ០.៣០ភាគរយ។
៨៖ សាសនា Jainism
Jainism បានកើតមានទ្បើងប្រហែលជា ២៥០០ឆ្នាំមុន ក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន សាសនានេះ មានចំនួនអ្នកប្រតិបត្តិតាមប្រមាណជា ៤.២លាននាក់ ស្មើនឹង ០.០៥ភាគរយ។
៩៖ សាសនា Shintoism
Shintosm គឺជាសាសនាមួយ ដែលបានកើតមានទ្បើងប្រហែលជា ២៥០០ទៅ ៣០០០ឆ្នាំមុន ក្នុងប្រទេសជប៉ុន។ បច្ចុប្បន្នសាសនានេះ មានចំនួនអ្នកប្រតិបត្តិតាមប្រមាណជា ៤លាននាក់ ស្មើនឹង ០.០៥ភាគរយ។
១០៖ សាសនា Judaism
Judaism គឺជាសាសនាមួយ ដែលបានកើតមានទ្បើងប្រហែលជា ៣៧០០ឆ្នាំមុន នៅរវាងប្រទេសអេស៉ីប និងភាគខាងកើតតំបន់កាណាន ក្នុងប្រទេសអ៉ីស្រាអែល។ បច្ចុប្បន្ន សាសនានេះមានចំនួនអ្នកប្រតិបត្តិតាមប្រមាណជា ១៤.៧លាននាក់ ស្មើនឹង ០.១៨ភាគរយ នៃប្រជាជនសរុបលើលោក។
សូមបញ្ជាក់ថា លទ្ធិ Cao Dai ត្រូវបានគេចាត់ទុកថា ជាសាសនាមួយយ៉ាងធំនៅវៀតណាម។ សាសនានេះ ត្រូវបានចាប់កំណើតឡើង នៅភាគខាងត្បូងប្រទេសវៀតណាម កាលពីឆ្នាំ១៩២៦។ បច្ចុប្បន្ន Cao Dai មានអ្នកប្រតិបត្តិតាមចំនួន ៤លាននាក់ ស្មើនឹង ០.០៥ភាគរយ នៃប្រជាជនសរុបលើលោក។
គួរកត់សម្គាល់ថា បើនិយាយពីជំនឿ គេបានបែងចែកជា ៧ក្រុមធំៗ រួមមាន៖
១៖ អ្នកជឿលើសាសនាគ្រិស្តមានចំនួន ៣១%
២៖ អ្នកជឿលើសាសនាអ៉ីស្លាមមានចំនួន ២៣.២%
៣៖ អ្នកមិនជឿសាសនាសោះមានចំនួន ១៦.៤%
៤៖ អ្នកជឿលើសាសនាហិណ្ឌូមានចំនួន ១៥%
៥៖ អ្នកជឿលើពុទ្ធសាសនាមានចំនួន ៧.១%
៦៖ អ្នកជឿលើលទ្ធិមានចំនួន ៥.៩%
៧៖ ផ្សេងៗទៀតមានចំនួន ១%៕