(បរទេស)៖ ផ្លូវដែក ឬផ្លូវរថភ្លើងបានដើរតួយ៉ាងសំខាន់ក្នុងវិស័យគមនាគមន៍នៅក្នុងប្រទេសនានាលើពិភពលោក ពិសេសនៅតាមបណ្ដាប្រទេសដែលមានផ្ទៃដីធំៗ សេដ្ឋកិច្ចខ្លាំង និងមានប្រជាជនច្រើន។ តើប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែកវែងជាងគេនៅលើពិភពលោក?
គេបានស្រាវជ្រាវរកឃើញថាមានប្រទេសចំនួន ៥ ដែលមានបណ្ដាញផ្លូវដែកវែងជាងគេនៅលើពិភពលោក ក្នុងនោះរួមមាន៖
* សហរដ្ឋអាមេរិក
ដោយប្រទេសមហាអំណាចនេះមានផ្ទៃដីធំធេង មានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌានោះ បានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវការសាងសង់បណ្ដាញផ្លូវដែកវែងៗជាច្រើនខ្សែ ដែលមានប្រវែងសរុប ២២៦,៤២៧ គីឡូម៉ែត្រ។
* សហព័ន្ធរុស្ស៉ី
រុស្ស៉ីជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោក ទោះបីជាចំនួនប្រជាជនមិនច្រើនដូចប្រទេសធំៗផ្សេងទៀតក៏ដោយ ប៉ុន្តែប្រទេសយក្សមួយនេះត្រូវការផ្លូវដែកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញជាដើម។ បណ្ដាញផ្លូវដែកក្នុងប្រទេសនេះមានប្រវែងដល់ទៅ ៨៧,១៥៧ គីឡូម៉ែត្រ។
* សាធារណរដ្ឋប្រជាមានិតចិន
មហាយក្សអាស៉ីមួយនេះមានប្រជាជនច្រើនជាងគេបំផុតលើលោក ខណៈវិស័យសេដ្ឋកិច្ចក៏កំពុងមានភាពលូតលាស់យ៉ាងខ្លាំង ដូច្នេះតម្រូវការផ្លូវដែកសម្រាប់ជំរុញសេដ្ឋកិច្ចរបស់គេក៏ជារឿងចំបាច់បំផុតដែរ។ មហាយក្សចិនមានបណ្ដាញផ្លូវដែកសរុប ៧៧,៨៣៤ គីឡូម៉ែត្រ។
* សាធារណរដ្ឋឥណ្ឌា
ទឹកដីឥណ្ឌាធំ ប្រជាជនឥណ្ឌាក៏ច្រើន ហើយកំពុងស្ថិតក្នុងភាពក្រីក្រក៏មានចំនួនច្រើននៅឡើយ ដូច្នេះផ្លូវដែកបានដើរតួសំខាន់បំផុតសម្រាប់ឱ្យប្រជាជនធ្វើដំណើរ។ មហាយក្សទើបតែងើបពីដំណេកមួយនេះ មានបណ្ដាញផ្លូវដែកសរុបចំនួន ៦៣,៣២៧ គីឡូម៉ែត្រ។
* ប្រទេសកាណាដា
ភូមិសាស្ត្រប្រទេសនេះ ភាគច្រើនគ្របដណ្ដប់ទៅដោយទឹកកកដូចប្រទេសរុស្ស៉ីដែរ។ ប្រទេសកាណាដាមានបណ្ដាញផ្លូវដែកសរុប ៤៦,៦៨៨ គីឡូម៉ែត្រ៕