(បរទេស)៖ កន្លងមកយើងបានដឹងហើយថាមានប្រទេសសរុបចំនួន ៤៣ ដែលបច្ចុប្បន្ននៅមានព្រះមហាក្សត្រ ក្នុងនោះមានស្តេចចំនួន ១០ ព្រះអង្គ ដែលមានព្រះរាជទ្រព្យចាប់ពី ១ ពាន់លានដុល្លារឡើងទៅ។ តើអ្នកដឹងទេថា ស្តេចប្រទេសណាដែលមានព្រះរាជទ្រព្យច្រើនជាងគេបង្អស់នោះ?
១០៖ ព្រះអង្គម្ចាស់ អាល់បឺតទី២ (Albert II) នៃប្រទេសម៉ូណាកូ (១ ពាន់លានដុល្លារ)
ទ្រព្យសម្បត្ដិផ្ទាល់របស់ព្រះអង្គម្ចាស់អាល់បឺតទី២ គឺបានមកពីចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុន SBM ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិរបស់កាស៊ីណូដ៏ធំនៅម៉ូណាកូ ម៉ុនតេខាឡូ (Monte Carlo)។ ពិធីរៀបអភិសេករបស់ទ្រង់ជាមួយនឹងកីឡាការនីហែលទឹកអូឡាំពិក ឆាលីន វីតស្តុក (Charlene Wittstock) ដែលបានប្រព្រឹត្តឡើងកាលពីឆ្នាំ២០១១ ត្រូវគេចាត់ទុកជាអាពាហ៍ពិពាហ៍ដែលចំណាយថវិកាច្រើនខ្លាំងក្លាបំផុតមួយ។
៩៖ ស្តេចមហាំម៉ាត់ទី៦ (Mohammed VI) នៃប្រទេសម៉ារ៉ុក (២.១ ពាន់លានដុល្លារ)
ក្នុងនាមជាព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក ស្តេចមហាំម៉ាត់ទី៦ ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចំនួន ៤៨៨,៦០៤ ដុល្លារ ប៉ុន្តែក្រៅពីតំណែងជាព្រះមហាក្សត្រ ទ្រង់ក៏ជាអ្នកជំនួញដ៏ឆ្នើមផងដែរ។ រាជវង្សទ្រង់មានចំណែកភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនអាល់ម៉ាដា (Al Mada) ដែលជាក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មក្នុងឧស្សាហកម្មជាច្រើន ដូចជាធនាគារ រុករករ៉ែ អចលនទ្រព្យ ទេសចរណ៍ ធានារ៉ាប់រង និងទូរគមនាគមន៍ជាដើម។ ទ្រង់ក៏មានដីធ្លីជាច្រើនកន្លែងនៅក្នុងប្រទេសផងដែរ។ យោងតាមរបាយការណ៍ដែលវែបសាយ Forbes ធ្លាប់ចុះផ្សាយ បានឱ្យដឹងបន្ថែមថា ចំនួនថវិកានៃប្រតិបត្តិការប្រចាំថ្ងៃសម្រាប់ព្រះរាជវាំងរបស់ទ្រង់មានទំហំរហូតដល់ ៩៦០,០០០ ដុល្លារ ដែលត្រូវបានទទួលរាប់រងទាំងស្រុងដោយរដ្ឋាភិបាលម៉ារ៉ុក។
៨៖ ព្រះចៅអាល់ថានី (Al Thani) នៃប្រទេសកាតា (២.១ ពាន់លានដុល្លារ)
ទ្រព្យសម្បត្តិរបស់មហាក្សត្រកាតា គឺបានមកពីការគ្រប់គ្រងអាជ្ញាធរវិនិយោគទុកកាតា ដែលមានតួនាទីត្រួតពិនិត្យលើធនធានប្រេង និងឧស្ម័នរបស់ប្រទេសអារ៉ាប់មួយនេះ។ ទ្រង់ធ្លាប់ផ្តល់ថវិកា ១៣៧ លានដុល្លារ ដើម្បីគាំទ្រដល់បណ្តាញសារព័ត៌មានលំដាប់ថ្នាក់អន្តរជាតិដំបូងគេរបស់អារ៉ាប់ គឺអាល់ចាហ្ស៉ីរ៉ា (Al Jazeera)។
៧៖ ព្រះអង្គម្ចាស់ហានស៍អាដាមទី២ (Hans Adam II) នៃប្រទេសលិចថិនស្តាញ (៣.៥ ពាន់លានដុល្លារ)
ព្រះអង្គម្ចាស់នៃប្រទេសលិចថិនស្តាញ (Liechtenstein) គឺជាម្ចាស់នៃក្រុមហ៊ុន លិចថិនស្តាញ គ្លូបល ថ្រាស្ត (Liechtenstein Global Trust) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំនៅអឺរ៉ុប ហើយទ្រព្យសម្បត្តិទ្រង់មួយចំណែកក៏បានមកពីការវិនិយោគក្នុងក្រុមហ៊ុនផលិតស្រា និងក្រុមហ៊ុនផលិតផលកសិកម្ម។ ទ្រង់ក៏ជាព្រះមហាក្សត្រដែលមានទ្រព្យច្រើនជាងគេបំផុតនៅទ្វីបអឺរ៉ុបផងដែរ។
៦៖ ព្រះអង្គម្ចាស់ហេនរី (Henri) នៃប្រទេសលុចសំបួ (៤ ពាន់លានដុល្លារ)
ព្រះអង្គម្ចាស់ហេនរីគង់នៅប្រាសាទបឺហ្គ (Berg Castle) ជាមួយរាជវង្សរបស់ទ្រង់។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន រាជវង្សទ្រង់ទទួលបានថវិកាប្រចាំឆ្នាំជាង ៣០០,០០០ ដុល្លារ ចាប់ពីឆ្នាំ១៩៤៨ មក ដើម្បីបំពេញព្រះរាជកិច្ច។
៥៖ ព្រះចៅអាល់ម៉ាកធួម (Al Maktoum) នៃទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (១៤ ពាន់លានដុល្លារ)
ព្រះចៅអាល់ម៉ាកធួម ជាអនុប្រធានាធិបតីនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងជាស្តេចប្រចាំទីក្រុងឌូបៃ។ មនុស្សភាគច្រើនចាត់ទុកទ្រង់ថាជាបុគ្គលដែលបានបើកដំណើរការសហគ្រាសអាជីវកម្មធំៗជាច្រើន ដូចជាក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត់អ៊ែរឡាញ ក្រុមហ៊ុនសណ្ឋាគារជូមៀរ៉ាគ្រុប (Jumeirah Group) និងក្រុមហ៊ុនដឹកជញ្ជូនឌីភីវើលដ៍ (DP World) ជាដើម។
ព្រះចៅអាល់ម៉ាកធួម ក៏បានមើលការខុសត្រូវលើគម្រោងធំៗជាច្រើន ដូចជាការប្រែក្លាយឌូបៃមកជាទីក្រុងទំនើបអស្ចារ្យដូចបច្ចុប្បន្ន ក៏ដូចជាការសាងសង់ប្រជុំកោះសិប្បនិម្មិតផាមអាយលែន (Palm Islands) និងអគារខ្ពស់ជាងគេលើលោក បឺចកាលីហ្វា (Burj Khalifa) ផងដែរ។
៤៖ ព្រះចៅអាល់ណាយ៉ាន (Al Nahyan) នៃទីក្រុងអាប៊ូដាប៊ី នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (១៨ ពាន់លានដុល្លារ)
ព្រះចៅអាល់ណាយ៉ាន ប្រធានាធិបតីនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងជាស្តេចប្រចាំទីក្រុងអាប៊ូដាប៊ី។ ទ្រព្យសម្បត្តិរបស់ទ្រង់ភាគច្រើនបានមកតំណែងមួយទៀតរបស់ទ្រង់ គឺជាប្រធានអាជ្ញាធរវិនិយោគទុនអាប៊ូដាប៊ី ដែលគ្រប់គ្រងលើធនធានប្រេងរបស់អេមីរ៉ាត់អារ៉ាប់រួម។ ព្រះចៅអាល់ណាយ៉ាន ត្រូវគេរាយការណ៍ថាមានអចលនទ្រព្យជាច្រើននៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។
៣៖ ព្រះចៅសាល់ម៉ាន់ អាប់ឌូឡាហ្ស៉ីស ប៊ីន សាអ៊ូឌ (Salman Abdulaziz bin Saud) នៃប្រទេសអារ៉ាប៊ីសាអូឌីត (១៨ ពាន់លានដុល្លារ)
ស្ដេចចៅសាល់ម៉ាន់ ទ្រង់ស្ថិតនៅលេខរៀងលំដាប់ទីបីក៏ពិតមែន ប៉ុន្តែប្រសិនបើគិតពីទ្រព្យសម្បត្តិរបស់រាជវង្សទ្រង់ទាំងមូលឯណោះវិញ គេអាចនិយាយបានថាត្រកូលរាជវង្សអាស៊ូឌនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតនេះ ជាគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនស្ដុកស្ដម្ភជាងគេបំផុតនៅលើពិភពលោក ជាមួយទ្រព្យសរុបប្រមាណជាង ១ ពាន់ពាន់លានដុល្លារ។
ក្រៅពីទ្រព្យសម្បត្តិដែលទទួលបានមកពីអាជីវកម្មប្រេង និងការវិនិយោគទុនផ្សេងៗ រាជវង្សទ្រង់ត្រូវមនុស្សភាគច្រើនដឹងថាមានគេហដ្ឋាន រថយន្ត កាណូតលម្ហែកាយ ឧទ្ធម្ភាគចក្រ និងយន្តហោះឯកជនថ្លៃៗកប់ពពក ព្រមទាំងផ្ទាំងគំនូរប្រណីតៗ និងរបស់របរវិសេសវិសាលជាច្រើនផ្សេងទៀតផងដែរ។
២៖ ព្រះចៅស៊ូលតង់ ហាស្សាណាល់ បូលគីអា (Hassanal Bolkiah) នៃប្រទេសប៊្រុយណេ (២៨ពាន់លានដុល្លារ)
បន្ទាប់ពីព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស អាលីហ្សាបេតទី២ (Elizabeth II) ព្រះចៅស៊ូលតង់ ហាស្សាណាល់ បូលគីអា គឺជាព្រះមហាក្សត្រទី២ ដែលគ្រងរាជ្យយូរជាងគេបំផុតនៅក្នុងពិភពលោក។ ព្រះអង្គក៏ជានាយករដ្ឋមន្រ្តីនៃប្រទេសប្រ៊ុយណេផងដែរ ជាហេតុធ្វើឲ្យទ្រង់ជាព្រះមហាក្សត្រ ដែលមានអំណាចគ្រប់គ្រងប្រទេសពេញនៅក្នុងដៃតែម្តង។
ពាក់ព័ន្ធទ្រព្យសម្បត្តិទ្រង់វិញ គឺត្រូវបានរាយការណ៍ឱ្យដឹងថាភាគច្រើនបានមកពីការចូលរួមពាក់ព័ន្ធក្នុងជំនួញប្រេង និងឧស្ម័នធម្មជាតិ។ ព្រះរាជវាំងដែលទ្រង់គង់នៅសព្វថ្ងៃត្រូវគេចាត់ទុកថាមានទំហំធំជាងគេបំផុតលើលោក គឺព្រះរាជវាំង អ៉ីស្តាណា នូរុល អ៉ីម៉ាន់ (Istana Nurul Iman) ដែលមានបន្ទប់សរុបច្រើនជាង ១,៧៧៨ បន្ទប់ឯណោះ។ ទន្ទឹមនឹងនេះ ព្រះអង្គក៏ត្រូវបានគេរាយការណ៍ថាមានរថយន្ត Rolls Royces ជាព្រះទីនាំងផ្ទាល់ខ្លួនសរុបលើសពី ៦០០ គ្រឿងទៀតផង។
១៖ ព្រះចៅមហាវជិរាលង្ករ (មហាវិជ្ជិរ៉ា ឡុងកន) នៃប្រទេសថៃ (៤៣ ពាន់លានដុល្លារ)
មហាក្សត្រព្រះជន្ម ៦៧ ព្រះវស្សាអង្គនេះបានឡើងសោយរាជ្យបន្ទាប់ពីព្រះបិតារបស់ទ្រង់បានចូលទិវង្គតនៅក្នុងឆ្នាំ២០១៦។ ទ្រព្យសម្បត្តិទាំងអស់របស់ទ្រង់ត្រូវបានទទួលបន្ទុកគ្រប់គ្រងដោយការិយាល័យអចលនទ្រព្យរបស់ព្រះរាជា។ រាជវង្សរបស់ព្រះអង្គមានដីប្រមាណជាង ១៦,២១០ ហិកតានៅក្នុងប្រទេសថៃ ព្រមទាំងមានកិច្ចសន្យាជួលចំនួន ៤ ម៉ឺនកន្លែងនៅទូទាំងប្រទេស ដោយក្នុងនោះមាន ១៧,០០០ កន្លែងស្ថិតនៅរាជធានីក្រុងរតនគោសិន្ទ ឬក្រុងទេពមហានគរ (ក្រុងបាងកក)។
ព្រះអង្គក៏មានចំណែកភាគហ៊ុនច្រើននៅក្រុមហ៊ុនស៊ីម៉ង់ស្យាម (Siam Cement Group) និងធនាគារពាណិជ្ជស្យាម (Siam Commercial Bank) ផងដែរ។ ក្រៅពីនេះ ព្រះអង្គក៏ជាម្ចាស់ត្បូងពេជ្រពណ៌មាសធំមួយឈ្មោះថា Golden Jubilee Diamond ផងដែរ៕