(បរទេស)៖ មីស៉ីលផ្លោងឆ្លងទ្វីប ICBM គឺជាប្រភេទមីស៉ីលធំៗ ដែលប្រើសម្រាប់នាំយកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅកាន់គោលដៅវាយប្រហារនានា ដោយវាអាចធ្វើដំណើរបានចាប់ពី ៥,៥០០ គីឡូម៉ែត្រឡើងទៅ ជាមួយនឹងអានុភាពយ៉ាងខ្លាំងសម្បើមក្នុងការវាយប្រហារគោលដៅនីមួយៗ។ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានមីស៉ីលផ្លោងប្រភេទនេះ?
នៅលើពិភពលោក មានតែប្រាំពីរប្រទេសប៉ុណ្ណោះ ដែលមាន និងបានដាក់ពង្រាយមីស៉ីល ICBM នេះ ក្នុងនោះមានដូចជាសហរដ្ឋអាមេរិក សហព័ន្ធរុស្ស៉ី សាធារណរដ្ឋប្រជាមានិតចិន ចក្រភពអង់គ្លេស សាធារណរដ្ឋបារាំង សាធារណរដ្ឋឥណ្ឌា និងកូរ៉េខាងជើង។ គេអាចបាញ់មីស៉ីល ICBM តាមមធ្យោបាយមួយចំនួន ដូចជា បាញ់ចេញពីបំពង់ក្រោមដី ចេញពីនាវាមុជទឹក ចេញពីរថយន្តធុនធ្ងន់ និងចេញពីជើងទម្រចល័តលើផ្លូវដែកផងដែរ។
ក្នុងចំណោមប្រទេសទាំង ៧ ខាងលើនេះ គឺមានតែសហរដ្ឋអាមេរិក សហព័ន្ធរុស្ស៉ី និងមហាយក្សចិនប៉ុណ្ណោះ ដែលមានមីស៉ីល ICBM ទាំងប្រភេទបាញ់ចេញពីលើដីគោកក៏បាន និងពីនាវាមុជទឹកក៏បាន។ មីស៉ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹក ភាគច្រើនគេហៅថា មីស៉ីល SLBM។
ទី១៖ សហរដ្ឋអាមេរិក
សព្វថ្ងៃ ម៉ូដែល LGM-30G Minuteman-III (អានថា៖ អ៉ីលជីអ៉ិម-សឺតធីជី មីនុតមែន-ស្រ៉ី) គឺជាមីស៉ីលផ្លោង ICBM ដែលបាញ់ពីដីគោកតែមួយម៉ូដែលគត់របស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពផ្លោងបានចម្ងាយលើសពី ១៣,០០០ គីឡូម៉ែត្រ។ សម្រាប់ ICBM ដែលបាញ់ពីនាវាមុជទឹកវិញ សហរដ្ឋអាមេរិកមានម៉ូដែល UGM-133 Trident II (អានថា៖ យូជីអ៉ិម-វ័នហាន់រឹតសឺតធីស្រ៉ី ត្រាយដិនត៍ធូ) តែមួយដូចគ្នា ដោយវាមានសមត្ថភាពផ្លោងបានចម្ងាយលើសពី ១២,០០០ គីឡូម៉ែត្រ។
ទី២៖ សហព័ន្ធរុស្ស៉ី
មីស៉ីល ICBM របស់រុស្ស៉ី ដែលជាប្រភេទបាញ់ចេញពីដីគោកនោះ មានដូចជា៖
* ម៉ូដែល R-36M2 ឬ SS-18 (អានថា៖ អរ-សឺតធីស៉ិខអ៉ិមធូ ឬ អេសអេស-អេចធីន) មានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ១០,២០០ ដល់ ១៦,០០០ គីឡូម៉ែត្រ។
* ម៉ូដែល UR-100N ឬ SS-19 (អានថា៖ យូអរ-វ័នហាន់រឹតអ៉ិល ឬ អេសអេស-ណាញធីន) មានសមត្ថភាពផ្លោងបានចម្ងាយលើសពី ១០,០០០ គីឡូម៉ែត្រ។
* ម៉ូដែល RT-2PM "Topol" ឬ SS-25 (អានថា៖ អរធី-ធូភីអ៉ិម "ថូបផូល" ឬ អេសអេស-ថ្វេនធីហ្វាយ) មានសមត្ថភាពផ្លោងបានចម្ងាយលើសពី ១០,០០០ គីឡូម៉ែត្រ។
* ម៉ូដែល RT-2UTTH "Topol M" ឬ SS-27 (អានថា៖ អរធី-ធូយូធីធីអេច "ថូបផូល អ៉ិម" ឬ អេសអេស-ថ្វេនធីសេវិន) មានសមត្ថភាពផ្លោងបានចម្ងាយលើសពី ១១,០០០ គីឡូម៉ែត្រ។
* ម៉ូដែល RS-24 "Yars" ឬ SS-29 (អានថា៖ អរអេស-ថ្វេនធីហ្វ័រ "យ៉ាស" ឬ អេសអេស-ថ្វេនធីណាញ) មានសមត្ថភាពផ្លោងបានចម្ងាយលើសពី ១១,០០០ គីឡូម៉ែត្រ។
សម្រាប់មីស៉ីល ICBM បាញ់ចេញពីនាវាមុជទឹក រុស្ស៉ីមានដូចជាម៉ូដែល RSM-54 R-29 (អានថា៖ អរអេសអ៉ិម-ហ្វិហ្វធីហ្វ័រ អរ-ថ្វេនធីណាញ) ដែលមានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ៨,៣០០ ដល់ ១២,០០០ គីឡូម៉ែត្រ និងម៉ូដែល RSM-56 R-30 (អានថា៖ អរអេសអ៉ិម-ហ្វិហ្វធីស៉ិខ អរ-សឺតធី) ដែលមានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ៨,០០០ ដល់ ៨,៣០០ គីឡូម៉ែត្រ។
ទី៣៖ មហាយក្សចិន
ប្រទេសចិនក៏បានអភិវឌ្ឍមីស៉ីលផ្លោង ICBM ប៉ុន្មានម៉ូដែលដែរ ក្នុងនោះមានដូចជា៖
* ម៉ូដែល DF-31 (អានថា៖ ឌីអេហ្វ-សឺតធីវ័ន) ដែលមានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ៧,២០០ ដល់ ១១,២០០ គីឡូម៉ែត្រ។
* ម៉ូដែល DF-5 (អានថា៖ ឌីអេហ្វ-ហ្វាយ) ដែលមានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ១២,០០០ ដល់ ១៥,០០០ គីឡូម៉ែត្រ។
* ម៉ូដែល DF-41 (ឌីអេហ្វ-ហ្វ័រធីវ័ន) ដែលមានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ១២,០០០ ដល់ ១៥,០០០ គីឡូម៉ែត្រ ដែលប្រភេទបាញ់ចេញពីលើដីគោក។
ចំណែកម៉ូដែល JL-2 (អានថា៖ ជេអ៉ិល-ធូ) មានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ៧,៤០០ ដល់ ៨,០០០ គីឡូម៉ែត្រ ដែលជាប្រភេទបាញ់ចេញពីនាវាមុជទឹក។
ទី៤៖ កូរ៉េខាងជើង
សម្រាប់កូរ៉េខាងជើងដែលជាប្រទេសឯកោមួយនោះ ក៏មានមីស៉ីល ICBM នៅក្នុងដៃផងដែរ រួមមាន៖
* ម៉ូដែល Hwasong-14 (អានថា៖ ហ្វាសុង-ហ្វ័រធីន) មានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ៦,៧០០ ដល់ ១០,០០០ គីឡូម៉ែត្រ។
* ម៉ូដែល Hwasong-15 មានសមត្ថភាពផ្លោងបានចម្ងាយលើសពី ១៣,០០០ គីឡូម៉ែត្រ។
* ម៉ូដែល Hwasong-16 មានសមត្ថភាពផ្លោងបានចម្ងាយលើសពី ១៣,០០០ គីឡូម៉ែត្រដូចគ្នា។
ទី៥៖ សាធារណរដ្ឋឥណ្ឌា
មហាយក្សអាស៉ីទក្សិណមួយនេះ ក៏មានមីស៉ីល ICBM មួយម៉ូដែល ដែលមានឈ្មោះថា Agni-V (អានថា៖ អគ្នី-ហ្វាយ)។ Agni-V មានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ៥,៥០០ ដល់ ៨,០០០ គីឡូម៉ែត្រ ដែលជាប្រភេទបាញ់ពីដីគោក។
ទី៦៖ ចក្រភពអង់គ្លេស
ចក្រភពអង់គ្លេសមានតែប្រភេទមីស៉ីល ICBM បាញ់ពីនាវាមុជទឹកប៉ុណ្ណោះ គឺម៉ូដែល UGM-133 Trident II ដូចរបស់សហរដ្ឋអាមេរិកដែរ។
ទី៧៖ សាធារណរដ្ឋបារាំង
សាធារណរដ្ឋបារាំងក៏មានតែប្រភេទមីស៉ីល ICBM បាញ់ពីនាវាមុជទឹកដូចអង់គ្លេសដែរ តែបារាំងមានពីរម៉ូដែល រួមមាន៖
* ម៉ូដែល M45 ដែលមានសមត្ថភាពផ្លោងបានចម្ងាយ ៦,០០០ គីឡូម៉ែត្រ។
* ម៉ូដែល M51 ដែលមានសមត្ថភាពផ្លោងបានចម្ងាយចាប់ពី ៨,០០០ ដល់ ១០,០០០ គីឡូម៉ែត្រ។
សូមជម្រាបថា នាពេលកន្លងមក ប្រទេសអ៉ីស្រាអែលក៏ធ្លាប់ធ្វើតេស្តមីស៉ីល ICBM នេះផងដែរ ប៉ុន្តែគេមិនច្បាស់ថាបានដាក់ពង្រាយដូចប្រទេសទាំងប្រាំពីរនេះ ឬក៏អត់នោះទេ៕