(បរទេស)៖ យន្តហោះចម្បាំង គឺជាសព្វាវុធដ៏មានអានុភាពមួយនៅក្នុងសមរភូមិ ហើយសព្វាវុធទាំងនេះមួយគ្រឿងៗ គឺមានតម្លៃមិននៅក្រោមខ្ទង់លានដុល្លារនោះឡើយ។ ខាងក្រោមនេះ គឺជាតម្លៃយន្តហោះចម្បាំងដែលថ្លៃៗបំផុតនៅលើពិភពលោក៖
១០៖ MiG-35 (មិច-៣៥) តម្លៃជាង ៤៨ លានដុល្លារ
វាជាយន្តហោះចម្បាំងរុស្ស៉ី ដែលមានប្រភពចេញពីមកពីយន្តហោះ MiG-29 និងផលិតឡើងដោយក្រុមហ៊ុន Mikoyan (មីខូយ៉ាន)។ កងទ័ពអាកាសរុស្ស៉ី ទើបតែបានចាប់ផ្តើមប្រើប្រាស់យន្តហោះនេះជាផ្លូវការកាលពីឆ្នាំ២០១៩។
៩៖ JAS 39 Gripen (ចាស ៣៩ គ្រីភិន) តម្លៃចាប់ពី ៤៥-៥៥ លានដុល្លារ
វាជាយន្តហោះចម្បាំងដែលអាចធ្វើប្រតិបត្តិការបានច្រើនប្រភេទ និងផលិតឡើងដោយក្រុមហ៊ុនស៊ុយអែត Saab (សាអាប)។ វាត្រូវបានប្រើប្រាស់ដំបូងកាលពីឆ្នាំ១៩៩៦ រហូតមកទល់ពេលនេះ។ អ្នកប្រើប្រាស់ចម្បង រួមមានកងទ័ពអាកាសស៊ុយអែត កងទ័ពអាកាសអាហ្វ្រិកខាងត្បូង កងទ័ពអាកាស សាធារណរដ្ឋឆែក និងកងទ័ពអាកាសហុងគ្រី។
៨៖ EA-18G Growler (អ៉ីអេ-១៨ ជី ហ្រ្គោឡឺ) តម្លៃជិត ៧៥ លានដុល្លារ
វាជាយន្តហោះចម្បាំងផលិតឡើងដោយក្រុមហ៊ុន Boeing។ វាធ្វើប្រតិបត្តិការចេញពីនាវាដឹកយន្តហោះចម្បាំង និងមានឯកទេសខាងប្រយុទ្ធ ដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិក។ កងទ័ពជើងទឹកអាមេរិកបានចាប់ផ្តើមប្រើប្រាស់យន្តហោះចម្បាំងនេះ តាំងពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ន។
៧៖ Su-35 (អេសយូ-៣៥) តម្លៃ ៧៦ លានដុល្លារ
វាជាយន្តហោះចម្បាំងរុស្ស៉ី ដែលមានប្រភពចេញមកពីយន្តហោះចម្បាំង Su-27 កាលពីសម័យសហភាពសូវៀត។ យន្តហោះ Su-35 នេះ ត្រូវបានចាប់ផ្តើមប្រើប្រាស់កាលពីឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ន។
៦៖ F-18 Super Hornet (អេហ្វ-១៨ ស៊ូភើ ហតនែត) តម្លៃជិត ៨០ លានដុល្លារ
វាជាយន្តហោះចម្បាំងផលិតឡើងដោយក្រុមហ៊ុន Boeing ដែលអាចធ្វើប្រតិបត្តិការបានច្រើនប្រភេទចេញពីនាវាដឹកយន្តហោះចម្បាំង។ វាត្រូវបានកងទ័ពជើងទឹកអាមេរិកប្រើប្រាស់ចាប់ពីឆ្នាំ១៩៩៩ រហូតមកទល់ពេលនេះ។
៥៖ Dassault Rafale (ដាសសលរ៉ាហ្វាល) តម្លៃ ៩៣ លានដុល្លារ
វាជាយន្តហោះចម្បាំងរបស់ប្រទេសបារាំង ដែលផលិតឡើងដោយក្រុមហ៊ុនដាសសលអាវីអេសិន Dassault Aviation និងត្រូវបានប្រើប្រាស់ចាប់តាំងតែពីឆ្នាំ២០០១ រហូតទល់សព្វថ្ងៃ។
៤៖ Eurofighter Typhoon (យូរ៉ូហ្វៃថឺរ ថាយហ្វ៊ូន) តម្លៃ ១០៥ លានដុល្លារ
វាជាយន្តហោះចម្បាំង ដែលត្រូវផលិតឡើងរួមគ្នារវាងក្រុមហ៊ុនអឺរ៉ុបជាច្រើន។ យន្តហោះនេះត្រូវបានចាប់ផ្តើមប្រើប្រាស់កាលពី ឆ្នាំ២០០៣ ហើយបច្ចុប្បន្នមានវត្តមាននៅក្នុងជួរកងទ័ពអាកាសរបស់ប្រទេសអូទ្រីស អ៉ីតាលី អាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស៉្បាញ អារ៉ាប៊ីសាអូឌីត និងអ៉ូម៉ង់។
៣៖ J-20 Black Eagle (ជេ-២០ ប៊្លេគអ៉ីហ្កល) តម្លៃ ១១០ លានដុល្លារ
វាជាយន្តហោះចម្បាំងប្រភេទបំបាំងកាយ ដែលផលិតឡើងដោយក្រុមហ៊ុន Chengdu Aerospace Corporation (ឈិនឌូ អ៊ែរ៉ូស្ពេស ខូភើរ៉េសិន) សម្រាប់កងទ័ពអាកាសចិន។ កងទ័ពអាកាសចិនបានចាប់ផ្តើមប្រើប្រាស់យន្តហោះចម្បាំងនេះ កាលពីឆ្នាំ២០១៧។
២៖ F-35C Lightning II (អេហ្វ-៣៥ ស៊ី ឡាយនីងធូ) តម្លៃ ១២០ លានដុល្លារ
វាជាយន្តហោះចម្បាំង F-35 ដែលសម្រាប់ប្រើលើនាវាដឹកយន្តហោះចម្បាំង និងមានតម្លៃថ្លៃជាងយន្តហោះចម្បាំង F-35B និង F-35A។
វាជាប្រភេទបំបាយកាយ ដែលផលិតឡើងដោយក្រុមហ៊ុន Lockheed Martin (ឡក់ឃីដ ម៉ាទីន)។ កងទ័ពជើងទឹកអាមេរិក ចាប់ផ្តើមប្រើយន្តហោះចម្បាំង F-35C កាលពីខែកុម្ភៈ ឆ្នាំ២០១៩។ សម្រាប់ F-35B គឺត្រូវបានប្រើប្រាស់ដោយកងម៉ារីនអាមេរិក រីឯ F-35A ត្រូវបានប្រើដោយកងទ័ពអាកាសអាមេរិក។
១៖ F-22 Raptor (អេហ្វ-២២ រ៉ាប់ទ័រ) តម្លៃ ១៥០ លានដុល្លារ
វាជាយន្តហោះចម្បាំងប្រភេទបំបាំងកាយ ដែលផលិតឡើងដោយរួមគ្នាដោយក្រុមហ៊ុន Lockheed Martin (ឡក់ឃីដ ម៉ាទីន) និង Boeing (ប៊ូអ៉ីង) សម្រាប់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ យន្តហោះចម្បាំងនេះត្រូវបានប្រើប្រាស់តាំងពី២០០៥ រហូតមកដល់ឥលូវ៕