(ពិភពលោក)៖ ប្រព័ន្ធម៉ាស៉ីនកុំព្យូទ័រដែលយើងប្រើប្រាស់សព្វថ្ងៃ អាចជួបបញ្ហារអាក់រអួល ឬដំណើរការខុសប្រក្រតីខ្លះ ឬគាំងប្រតិបត្តិការតែម្តង។ នៅក្នុងភាសាកុំព្យូទ័រ គេនិយមហៅបញ្ហាបែបនេះថា Bug ខណៈ Bug ភាគច្រើន កើតឡើងដោយសារកំហុសឆ្គងរបស់អ្នកប្រើប្រាស់។
នៅក្នុងអត្ថបទនេះ យើងខ្ញុំចង់បង្ហាញអំពីចំណុចគួរឱ្យចាប់អារម្មណ៍មួយ នោះគឺការរកឃើញករណី Bug ដំបូងបំផុតរបស់កុំព្យូទ័រ។ ក្នុងឆ្នាំ១៩៤៧ ក្រុមអ្នកវិទ្យសាស្រ្ត និងវិស្វករនៅសាកលវិទ្យាល័យហារវើដ (Harvard University) របស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា ម៉ាស៊ីនកុំព្យូទ័រឈ្មោះ ម៉ាកធូ (Mark II) ដែលជាប្រព័ន្ធកុំព្យូទ័រជំនាន់ដំបូង បានកើតមានបញ្ហារអាក់រអួលដដែលជាដដែល។ ទីបំផុត នៅពេលពិនិត្យមើលគ្រឿងម៉ាស៉ីនរបស់កុំព្យូទ័រនោះ ពួកគេក៏បានរកឃើញមូលហេតុពិតប្រាកដ នោះគឺមានសត្វខ្មូតមួយក្បាលបានហើរទៅជាប់នៅក្នុងម៉ាស៉ីននោះ ដែលរំខានដល់ចរន្តអេឡិចត្រូនិករបស់កុំព្យូទ័រ។ ខ្មោចសត្វខ្មូតនោះ ត្រូវបានបេះចេញពីម៉ាស៉ីនកុំព្យូទ័រ ហើយយកវាទៅបិទកាវជាប់នឹងសៀវភៅកំណត់ត្រាប្រចាំថ្ងៃរបស់កុំព្យូទ័រ។ បន្ទាប់មក បុគ្គលិកផ្នែកគ្រប់គ្រងបានបើកម៉ាស៊ីនកុំព្យូទ័រ ម៉ាកធូ សាជាថ្មី ហើយវាក៏ដំណើរការធម្មតាឡើងវិញ។
វាជាករណីដំបូងបំផុតនៃការកើតមានករណី Bug នៅក្នុងប្រព័ន្ធកុំព្យូទ័រ ហើយអ្វីដែលពិសេសនោះ គឺពាក្យ Bug នេះ មានអត្ថន័យទូទៅថា «សត្វល្អិត»។ យ៉ាងណាមិញ អត្ថន័យពាក្យ Bug ដែលសំដៅលើបញ្ហារអាក់រអួល ឬភាពខុសប្រក្រតី មិនមែនគេទើបតែប្រើក្រោយករណី Bug ដំបូងរបស់កុំព្យូទ័រនោះឡើយ។
តាមពិតពាក្យ Bug ត្រូវគេប្រើជាពាក្យបច្ចេកទេសផ្នែកវិស្វកម្ម ក្នុងន័យភាពរអាក់រអួល ឬមានការខូចខាតផ្នែកណាមួយនៅក្នុងគ្រឿងម៉ាស៊ីន តាំងពីសតវត្សទី១៩ មកម្ល៉េះ។ តួយ៉ាង កាលពីទសវត្សឆ្នាំ១៨០០ អ្នកវិទ្យាសាស្រ្តដ៏ល្បីមួយរូប គឺលោក ថូម៉ាស អេឌីសុន (Thomas Alva Edison) បានប្រើពាក្យ Bug ដែលមានន័យបែបនេះ នៅក្នុងលិខិតមួយច្បាប់រៀបរាប់អំពីបញ្ហានៅក្នុងគំរូ Design ដំបូងៗនៃឧបករណ៍ដែលលោកបង្កើតឡើង។
ចំណែកពាក្យមួយទៀត ដែលពាក់ព័ន្ធជាមួយពាក្យបច្ចេកទេស Bug ខាងលើ គឺពាក្យថា Debug ដែលមានន័យថា ការកែតម្រូវ ឬលុបបំបាត់បញ្ហា Bug ក៏ជាពាក្យដែលគេនាំគ្នាប្រើមុនសត្វខ្មូតមួយនោះសម្តែងឫទ្ធិនៅឯសកលវិទ្យាល័យហារវើដនោះទៅទៀត៕