(ភ្នំពេញ)៖ នៅក្នុងប្រវត្តិសាស្ត្រពិភពលោកយើងនេះធ្លាប់មានចក្រភពដល់ទៅ១៧៤ឯណោះ ក្នុងនោះក៏មានចក្រភពខ្មែរផងដែរ ប៉ុន្តែចក្រភពដែលធំសម្បើម និងមានឥទ្ធិពលខ្លាំងក្លាបំផុតនោះមានតែ៥ប៉ុណ្ណោះ ដោយរួមមានចក្រភពពែរ្ស ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចក្រភពម៉ុងហ្គោល និងចក្រភពអង់គ្លេស។
៥. ចក្រភពពែរ្ស (Persian Empire) ចក្រភពនេះកសាងឡើងដោយព្រះចៅអធិរាជសាយរឹសមហារាជ (Cyrus the Great) នៅរវាងឆ្នាំ៥៥០មុនគ្រិស្ដសករាជ។ វាបានគ្រប់ដណ្ដប់លើផ្នែកភាគច្រើននៃតំបន់មជ្ឈិមបូព៌ា ដែលមានប្រជាជនប្រមាណជិត៥០លាននាក់ ពោលគឺស្មើនឹង៤៤%នៃប្រជាជនពិភពលោកកាលពីសម័យនោះ។ ពែរ្ស គឺជាចក្រភពដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានភ្ជាប់តំបន់ចម្រុះជាច្រើនឱ្យស្ថិតក្រោមការគ្រប់គ្រងរួម ក្នុងនោះរួមមានដែនដីមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង អាស៉ីកណ្ដាល ឥណ្ឌា អឺរ៉ុប និងសមុទ្រមេឌីទែរ៉ាណេ។ នៅអំលុងឆ្នាំ៣៣០មុនគ្រិស្ដសករាជ ចក្រភពដ៏ធំមួយនេះត្រូវបានដួលរលំយ៉ាងអាម៉ាសជាទីបំផុត ក្រោមការវាយប្រហាររបស់ព្រះចៅអធិរាជអាឡិចសង់មហារាជ (Alexander the Great) នៃអាណាចក្រម៉ាសេដូន រួមជាមួយកងទ័ពសម្ពន្ធមិត្តក្នុងពិភពក្រិក។ មហាពែរ្សដ៏ខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រនៅសល់តែប្រទេសអ៉ីរ៉ង់មួយប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
៤. ចក្រភពរ៉ូម (Roman Empire) ចក្រភពមួយនេះបានចាប់ផ្ដើមឡើងនៅពេលដែលសេនាប្រមុខអ័ហ្គឹសស្ទូស ស៉ីសា (Augustus Caesar) បានក្លាយទៅជាព្រះចៅអធិរាជនៃចក្រភពរ៉ូមនៅឆ្នាំ២៧មុនគ្រិស្ដសករាជ។ លុះដល់គ្រិស្ដសករាជ២៨៥ចក្រភពដ៏ធំមួយនេះក៏ត្រូវបែកបាក់ជា២ ទៅជាចក្រភពរ៉ូមខាងកើត និងចក្រភពរ៉ូមខាងលិច។ នៅគ្រិស្ដសករាជ៤៧៦ ចក្រភពរ៉ូមខាងលិចត្រូវបានចក្រភពអាល្លឺម៉ង់ផ្ដួលរំលំបានជាស្ថាពរ។ ចំណែកចក្រភពរ៉ូមខាងកើតវិញបានប្ដូរឈ្មោះទៅជាចក្រភពប៊ីហ្សាន់ទីន (Byzantine) និងបន្តអាយុកាលរហូតដល់សតវត្សទី១៥។ លុះដល់គ្រិស្ដសករាជ១៤៥៣ ចក្រភពប៊ីហ្សាន់ទីននេះក៏ត្រូវចក្រភពអូតូម៉ង់ផ្ដួលរំលំបានជាស្ថាពរ។ មហារ៉ូមដ៏ខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រនៅសល់តែប្រទេសអ៉ីតាលីមួយប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
៣. ចក្រភពអារ៉ាប់ (Arabian Empire) ចក្រភពនេះក៏ត្រូវបានគេហៅថា ចក្រភពកាលីផេត (Caliphate) ផងដែរ ដែលត្រូវបានបង្កើតដោយព្យាការីមូស្លីម មហាម៉ាត់។ មុនពេលមហាម៉ាត់ស្លាប់នៅគ្រិស្ដសករាជ៦៣២ ចក្រភពនេះមានវិសាលភាពគ្របដណ្ដប់លើពិភពអារ៉ាប់ស្ទើរតែទាំងអស់។ នៅរយៈពេល១០០ឆ្នាំ ចក្រភពអារ៉ាប់បានពង្រីកទឹកដីធំជាងចក្រភពរ៉ូមដល់ទៅ៣-៤ដងឯណោះ។ មរតកចុងក្រោយបង្អស់របស់ចក្រភពនេះ គឺសាសនាឥស្លាម ដែលមានមនុស្សប្រតិបត្តិតាមជាង១.៩ពាន់លាននាក់នាពេលបច្ចុប្បន្ន។
២. ចក្រភពម៉ុងហ្គោល (Mongol Empire) ចក្រភពម៉ុងហ្គោល គឺជាចក្រភពមួយដែលមានផ្ទៃដីត្រួតត្រាជាប់ៗគ្នាធំជាងគេបំផុតលើពិភពលោក។ ចក្រភពនេះត្រូវបានបង្កើតឡើងដោយព្រះចៅអធិរាជសង្គ្រាម សង់ស៉ី ខាន់ ចាប់ពីគ្រិស្ដសករាជ១២០៦។ នាសម័យនោះ ប្រជាជនម៉ុងហ្គោលមានតែប្រមាណ២លាននាក់ប៉ុណ្ណោះ ប៉ុន្តែពួកគេអាចវាយត្រួតត្រាលើនគរភាគច្រើននៅទ្វីបអាស៉ីឆ្លងដល់ទ្វីបអឺរ៉ុប ប៉ុន្តែកងទ័ពម៉ុងហ្គោលក៏ធ្លាប់ស្គាល់នូវភាពបរាជ័យក្នុងពេលចូលឈ្លានពានជប៉ុន និងអេហ្ស៉ីបផងដែរ។ មុនការដួលរលំរលាយទាំងស្រុង ចក្រភពដ៏ធំមហិមាមួយនេះធ្លាប់ត្រូវបានបែកខ្ញែកកជា៤ចំណែក។ រហូតដល់គ្រិស្ដសករាជ១៣៦៨ ចក្រភពទាំងមូលក៏ត្រូវបានដួលរលំជាស្ថានពរ។ ទីបំផុត មហាម៉ុងហ្គោលដ៏ខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រនៅសល់តែប្រទេសម៉ុងហ្គោលីមួយប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
១. ចក្រភពអង់គ្លេស (British Empire) នៅចំណុចកំពូលរបស់ខ្លួន ចក្រភពអង់គ្លេសមានវិសាលភាពលាតសន្ធឹងទៅដល់១ភាគ៤នៃពិភពលោកទាំងមូល ដែលជាចក្រភពធំជាងគេបំផុតក្នុងចំណោមចក្រភពធំៗដទៃទៀត ប៉ុន្តែដែនដីត្រួតត្រាមិនស្ថិតនៅជាប់គ្នាដូចចក្រភពម៉ុងហ្គោលឡើយ។ ចក្រភពអង់គ្លេសធ្លាប់ត្រួតត្រាលើប្រទេសជាច្រើននៅទ្វីបអាស៉ី និងអាស៉ីប៉ាស៉ីហ្វិក ទ្វីបអាមេរិក រួមទាំងរដ្ឋទាំង១៣របស់សហរដ្ឋអាមេរិក ទ្វីបអាហ្វ្រិក និងនៅតាមបណ្ដាកោះតូចធំជាច្រើនទៀតជុំវិញពិភពលោក៕