(ភ្នំពេញ)៖ តំបន់អាស៉ីអាគ្នេយ៍ទាំងតំបន់ដីគោក និងតំបន់ដែនកោះ គឺសុទ្ធតែបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្លួន អាណាចក្រនិងចក្រភពធំៗក៏ធ្លាប់ស្គាល់នូវភាពរុងរឿងរបស់ខ្លួនជាបន្តបន្ទាប់ ដែលជាហេតុមានសេសសល់នូវស្ថាបត្យកម្ម សំណង់បុរាណ និងទីបុរាណដ្ឋានល្បីៗជាច្រើន។

មកដល់ពេលបច្ចុប្បន្ន សំណង់ស្ថាបត្យកម្មបុរាណទាំងនោះក៏នៅតែមានភាពល្បីល្បាញនិងភាពទាក់ទាញ ដែលបានធ្វើឱ្យប្រជាជននិងភ្ញៀវទេសចរជុំវិញសកលលោកបានស្គាល់និងចង់ចាំ ហើយក៏ជាគោលដៅសម្រាប់ពួកគេស្កាត់ទៅទស្សនាដោយផ្ទាល់ផងដែរ។

ខាងក្រោមនេះស្ថាបត្យកម្មបុរាណដែលមានភាពទាក់ទាញជាងគេនៅតំបន់អាស៉ីអាគ្នេយ៍៖

១. ប្រាសាទអង្គរវត្ត (Angkor Wat)
ប្រាសាទអង្គរវត្តជាប្រាសាទដ៏សំខាន់មួយនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ប្រទេសកម្ពុជា។ មហាប្រាសាទនេះត្រូវបានកសាងឡើងនាសតវត្សទី១២ (១១១៣) ក្រោមស្នាព្រះហស្ដរបស់ព្រះបាទសូរ្យវម៌្មទី២ (King Suryavarman II) ដើម្បីឧទ្ទិសថ្វាយព្រះបរមវិស្ណុ។ រមណីយដ្ឋានអង្គរនេះទៀតសោត គឺជាអតីតរាជធានីបុរាណដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានអត្ថិភាពចាប់ពីសតវត្សទី៩-១៥ ពោលគឺមានអាយុកាលដល់ទៅជាង៦០០ឆ្នាំ។ ជាសំណង់ព្រហ្មញ្ញសាសនាដ៏ធំជាងគេនៅលើពិភពលោក ប្រាសាទអង្គរវត្តប្រៀបដូចជាមហាវិមានសួគ៌ានាព្រះបរមវិស្ណុលោក ខណៈតំបន់រមណីយដ្ឋានអង្គរទាំងមូលគឺពោរពេញទៅប្រាង្គប្រាសាទយ៉ាងច្រើនអនេក ប្រៀបដូចត្រីមូរតិនិម្មិតគួរជាទីរមណីយក្រៃលែង។

២. ប្រាសាទបុរោពុទ្ធោ (Borobudur)
មហាប្រាសាទដ៏ខ្ពស់ស្កឹមស្កៃនេះមានទីតាំងស្ថិតនៅតំបន់ម៉ាហ្កេឡាង ( Magelang regency) ភាគកណ្ដាលកោះជ្វា ប្រទេសឥណ្ឌូណេស៉ី។ ប្រាសាទនេះត្រូវបានកសាងឡើងនាសតវត្សទី៩ ក្រោមស្នាព្រះហស្ដមហាក្សត្រជ្វានៃរាជវង្សសៃលិន្ទ្រ (Sailendra dynasty)។ តំបន់នេះលាតសន្ធឹងលើផ្ទៃដីទំហំ២,៥២០ម៉ែត្រក្រឡា មានរាងដូចពីរ៉ាមីតកម្ពស់៨ជាន់ និងមានព្រះពុទ្ធបដិមាចំនួន៥០៤អង្គ ដែលត្រូវបានគេដាក់តម្កល់នៅក្នុងចេតិយនីមួយៗ។

៣. ក្រុមប្រាសាទបាកាន (Bagan)
បាកានជាឈ្មោះអាណាចក្រដ៏ខ្លាំងក្លាមួយរបស់ជនជាតិភូមា ហើយក៏ធ្លាប់មានទំនាក់ទំនងជាមួយអាណាចក្រខ្មែរនាសម័យអង្គរក្នុងនាមជាអ្នកជិតខាងនឹងគ្នា។ ព្រះចៅអនុរុទ្ធ (King Anawrahta) គឺបានកសាងអាណាចក្រនេះឡើងចាប់ពីសតវត្សទី១១ ដែលមានរាជធានីនៅតំបន់បាកាននេះឯង។ មកដល់ពេលបច្ចុប្បន្ន តំបន់នោះនៅសេសសល់ក្រុមប្រាសាទតូចធំប្រមាណ១០,០០០ប្រាសាទ ប្រៀបដូចជារតនប្រាសាទឰដ៏សួគ៌ាឋាន។

៤. វត្តអរុណ (Wat Arun)
វត្តនេះមានឈ្មោះពេញថា វត្តអរុណរាជាវរារាមវររាជមហាវិហារ (Wat Arun Ratchawararam Ratchawaramahawihan) ដែលជាអារាមព្រះពុទ្ធសាសនាដ៏សំខាន់មួយនៃអតីតរាជធានីធនបុរី (Thonburi) ប៉ុន្តែបច្ចុប្បន្នគឺស្ថិតត្រើយម្ខាងនៃទីក្រុងបាងកក ប្រទេសថៃ។ វត្តនេះត្រូវបានកសាងឡើងតាំងពីសតវត្សទី១៧នាសម័យអយុធ្យា។ ភាពទាក់ទាញខ្លាំងជាងគេនៃវត្តបុរាណនេះ គឺមហាចេតិយខ្ពស់ស្អាតជាងគេស្ថិតនឹងប្របមាត់ទន្លេចៅព្រះពញា (Chao Phraya river) ដែលត្រូវបានស្ថាបនាឡើងនាសតវត្សទី១៩ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះពុទ្ធាល្អថ្លានភាល័យ (រាមាទី២) និងរជ្ជកាលព្រះបាទសម្ដេចព្រះបល្ល័ង្កក្លៅចៅយូហួ (រាមាទី៣)។

៥. រាជវាំងក្រុងវ៉េ (Huế)
អតីតរាជវាំងយួនមួយនេះស្ថិតនៅខេត្តធើធានហ្វេ (Thừa Thiên Huế) ភាគកណ្ដាលប្រទេសវៀតណាម។ វាគឺជារាជធានីបុរាណនៃរាជវង្សង្វៀន ដែលត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៧៣៨ និងបន្តរហូតមកដល់ឆ្នាំ១៩៤៥។

៦. ទ្វារជ័យ (Patuxai)
ច្រកទ្វារជ័យ ឬភាសាឡាវហៅថាប៉ាទូសៃនេះ គឺជានិម្មិតរូបឯករាជ្យជាតិឡាវ ស្ថិតនៅកណ្ដាលរដ្ឋធានីវៀងចន្ទន៍។ ស្ថាបត្យកម្មនេះត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៩៥៧-១៩៦៨ ដើម្បីឧទ្ទិសដល់អ្នកតស៊ូទាមទារឯករាជ្យឡាវពីអាណានិគមបារាំង។

៧. វិហារឥស្លាមម៉ាឡេ
វិហារឥស្លាមនេះមានឈ្មោះពេញថា ស៊ុលតង់សាឡះហ៊ុដឌីនអាប់ឌុលអាហ្ស៉ីស (Sultan Salahuddin Abdul Aziz mosque) ដែលជាវិហារឥស្លាមធំជាងគេនៅប្រទេសម៉ាឡេស៉ី និងធំទី២នៅអាស៉ីអាគ្នេយ៍។ លក្ខណៈពិសេសនៃវិហារនេះគឺដំបូលពណ៌ខៀវលាយពណ៌ប្រាក់ដ៏ធំស្កឹមស្កៃ លេចត្រដែតឡើងយ៉ាងស្រស់ស្អាត។ នៅឆ្នាំ១៩៨៧ ការដ្ឋានសាងសង់ព្រះវិហារឥស្លាមនេះត្រូវបានបញ្ចប់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៨៨។

៨. វិហារឥស្លាមព្រុយណេ
វិហារឥស្លាមនេះមានឈ្មោះពេញថា ម៉ាសជីដកំពង់ប៉ង់ដា (Masjid kampong Pandan mosque) ដែលស្ថិតនៅទីក្រុងគូឡាបេឡៃត (Kuala Belait) ប្រទេសព្រុយណេ។ ស្ថាបត្យកម្មនេះគឺមានភាពទាក់ទាញយ៉ាងល្អវិចិត្រ អន្ទងចក្ខុអស់ភ្ញៀវទេសចរដែលបានទៅដល់ស្រុកគូឡាបេឡៃត។ រដ្ឋាភិបាលបានបើកឱ្យប្រជាជននិងភ្ញៀវទេសចរចូលទស្សនាចាប់ពីឆ្នាំ១៩៩៦មក។

៩. បដិមាសីហមច្ឆា (Merlion)
បដិមាសីហមច្ឆាឈរបាញ់ទឹកនេះត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៩៧១-១៩៧២។ ប្រវត្តិសាស្ត្របានបញ្ជាក់ថា នៅអំលុងចុងសតវត្សទី១៣ ព្រះអង្គម្ចាស់ស័ង្ខនិលឧត្តមា (Sang Nila Utama) បានរត់ភៀសព្រះកាយពីអាណាចក្រប៉ាឡេមបាំងដែលបច្ចុប្បន្ននៅលើទឹកដីប្រទេសឥណ្ឌូណេស៉ី ឆ្លងសមុទ្រទៅដល់កោះតូចមួយ ហើយក៏បានទតឃើញសត្វម្យ៉ាងដូចជាសត្វតោ។ ក្រោយមក ព្រះអង្គក៏បានបង្កើតអាណាចក្រថ្មីមួយដោយប្រសិទ្ធនាមថា អាណាចក្រសិង្ហបុរៈ (Singapura) ដែលគេស្គាល់ថាថេម៉ាសិក (Temasek)។ ដោយសារតែសត្វតោមានប្រវត្តិទាក់ទងនឹងឈ្មោះប្រទេសរបស់ខ្លួនដូច្នេះហើយ ទើបបានជារដ្ឋាភិបាលសិង្ហបុរីសម្រេចជ្រើសយកសត្វតោជាសត្វតំណាងប្រទេសរបស់ខ្លួន ដូចមានរូបចម្លាក់សីហមច្ឆា ឬ Merlion ជាភាពជាក់ស្ដែងស្រាប់។

១០. វិហារកាតូលិកវីកាន់ (Vigan cathedral)
វិហារកាតូលិកវីកាន់ត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៦៤១ ដោយពួកអាណានិគមអេស្ប៉ាញដែលបានត្រួតត្រាទឹកដីហ្វ៉ីលីពីនតាំងពីសតវត្សទី១៦មក។ វិហាររ៉ូម៉ាំងកាតូលិកនេះទៀតសោត គឺមានទីតាំងស្ថិតនៅទីក្រុងវីកាន់ ភាគខាងលិចប្រទេសហ្វ៉ីលីពីន។ កាលពីអតីតកាល ប្រជាជនម្ចាស់ស្រុកមានទំនាក់ទំនងពាណិជ្ជកម្មតាមសំពៅជាមួយជនជាតិចិន។ លុះដល់ពេលដែលអេស្ប៉ាញចូលមកត្រួតត្រាហ្វ៉ីលីពីនកាលពីឆ្នាំ១៥៧២ ស្ថាបត្យកម្មនានារបស់ស្រុកវីកាន់ត្រូវបានផ្សំលាយគ្នាយ៉ាងទាក់ទាញទាំងបែបលោកខាងលិចនិងលោកខាងកើត រហូតដល់បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅចុងឆ្នាំ១៩៩៩។

១១. ផ្ទះពិសិដ្ឋអ៊ូម៉ាលូលីក (Uma Lulik)
ផ្ទះប្រពៃណីនេះគឺមាននៅប្រទេសទីម័រខាងកើត ដែលប្រជាជនសាងសង់ឡើងដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធដូនតា ឬអាចនិយាយបានថាជា «ចេតិយពិសិដ្ឋ»។ ប្រពៃណីរបស់អ្នកស្រុកនៅប្រទេសទីម័រខាងកើតនេះទទួលបានភាពល្បីល្បាញ និងទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ជាការពិតណាស់ ក្រៅពីស្ថាបត្យកម្មបុរាណដែលមានភាពល្បីល្បាញទាំងនេះ តំបន់អាស៉ីអាគ្នេយ៍ក៏នៅមានទីទេសចរណ៍ទាក់ទាញជាច្រើនទៀត ទាំងផ្នែកស្ថាបត្យកម្ម វប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌ សិល្បៈ ប្រពៃណី វត្ថុពិសិដ្ឋផ្សេងៗ៕