(ភ្នំពេញ)៖ នៅពេលដែលយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជប៉ុនរាប់រយគ្រឿង បង្ហាញខ្លួនលើផ្ទៃអាកាសនៃកំពង់ផែ ភើលហាបឺ (Pearl Harbor) នៅកោះហាវ៉ៃ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ យោធាអាមេរិកមិនបានត្រៀមលក្ខណៈទាល់តែសោះ សម្រាប់ការឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ជប៉ុននេះ។ ប៉ុន្តែបើតាមពិតទៅ សង្រ្គាមរវាងជប៉ុននិងសហរដ្ឋអាមេរិក ត្រូវគេមើលឃើញថា គឺជារឿងដែលមិនអាចជៀសផុតនោះឡើយ យោងតាមហេតុផលមួយចំនួន។

* ភាពតានតឹងបានចាប់ផ្តើមកើតមាន តាំងពីអំឡុងសម័យវិបត្តិសេដ្ឋកិច្ចសកល «The Great Depression» មកម្ល៉េះ

ប្រទេសដីកោះជប៉ុន ដែលចំណាយពេលភាគច្រើនក្នុងប្រវត្តិសាស្រ្ត ផ្តាច់ខ្លួនពីពិភពលោកខាងក្រៅ បានចាប់ផ្តើមងាកទៅពង្រីកមហិច្ឆតារបស់ខ្លួន នៅខ្ទង់សតវត្សរ៍ទី២០។ ការទទួលជោគជ័យក្នុងសង្រ្គាមពីរលើក គឺជាមួយចិននៅឆ្នាំ១៨៩៤-១៨៩៥ និងជាមួយរុស្ស៉ីនៅឆ្នាំ១៩០៤-១៩០៥ បានជួយបញ្ឆេះមហិច្ឆតានេះ ឲ្យកាន់តែពុះកញ្រ្ជោលថែមទៀត ហើយការចូលរួមដោយជោគជ័យរបស់ជប៉ុន ក្នុងសង្រ្គាមលោកលើកទី១ (១៩១៤- ១៩១៨) ដោយពេលនោះជប៉ុននៅខាងក្រុមសម្ព័ន្ធមិត្ត (The Allies) ក៏ដូចគ្នាដែរ។

ឈានមកដល់អំឡុងសម័យវិបត្តិសេដ្ឋកិច្ចសកលនាទសវត្សរ៍ឆ្នាំ១៩៣០ ជប៉ុនបានព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច និងប្រជាសាស្រ្តខ្លួន តាមរយៈការចូលលុកលុយប្រទេសចិន ដោយចាប់ផ្តើមនៅឆ្នាំ១៩៣១ ជាមួយការឈ្លានពានតំបន់ម៉ាន់ជូរី (Manchuria)។ នៅពេលដែលអង្គការសង្គមប្រជាជាតិ (League of Nations) ចេញមុខថ្កោលទង្វើរបស់ជប៉ុន ជប៉ុនក៏បានដកខ្លួនចេញពីអង្គការអន្តរជាតិនេះ។

នៅខែកក្កដា ឆ្នាំ១៩៣៧ ការប្រយុទ្ធគ្នានៅឯស្ពានម៉ាកូប៉ូឡូនៃទីក្រុងប៉េកាំង បានធ្វើឲ្យសង្រ្គាមផ្ទុះឡើងជាផ្លូវការជាថ្មីម្តងទៀតរវាងចិននិង ជប៉ុន។

* សហរដ្ឋអាមេរិកព្យាយាមបញ្ឈប់ការពង្រីកមហិច្ឆតារបស់ជប៉ុន

នៅពេលនោះ អាមេរិកក៏បានចាប់ផ្តើមដាក់ទណ្ឌកម្មប្រឆាំងលើជប៉ុន រួមមានការនាំចេញយន្តហោះ ប្រេង លោហៈ និងផលិតផលសំខាន់ៗជាច្រើនទៀត ហើយផ្តល់ការគាំទ្រដល់ចិន។ នៅខែកញ្ញា ឆ្នាំ១៩៤០ ជប៉ុនបានចុះសន្ធិសញ្ញាទីក្រុងប៊ែរឡាំង ជាមួយអាល្លឺម៉ង់និងអ៉ីតាលី ដែលកំពុងស្ថិតក្នុងសង្រ្គាមនៅអឺរ៉ុប។

ទីក្រុងតូក្យូនិងទីក្រុងវ៉ាស៉ីនតោនបានព្យាយាមចរចាគ្នាអស់រយៈពេលជាច្រើនខែដែរ មុនពេលឈានដល់មានការវាយប្រហារនៅ Pearl Harbor ប៉ុន្តែការចរចាទាំងនោះមិនបានលទ្ធផលអ្វី។ ខណៈអាមេរិកសង្ឃឹមថាទណ្ឌកម្មរបស់ខ្លួន ប្រហែលជាអាចជំរុញឲ្យជប៉ុនបោះបង់ការពង្រីកមហិច្ឆតា ទង្វើរបស់អាមេរិកបែរជាជួយពង្រឹងគោលជំហរបស់ជប៉ុនទៅវិញ។

សម្រាប់ជប៉ុន សង្រ្គាមជាមួយសហរដ្ឋអាមេរិក គឺបានប្រែក្លាយទៅជារឿងដែលហាក់មិនអាចគេចរួចនោះឡើយ បើជប៉ុនចង់ការពារឋានៈរបស់ខ្លួន ក្នុងនាមជាមហាអំណាចធំមួយលើពិភពលោក នាពេលនោះ។ យ៉ាងណាមិញ ឱកាសតែមួយគត់របស់ជប៉ុន គឺការលបវាយប្រហារ ដោយមិនឲ្យអាមេរិកអាចដឹងខ្លួនជាមុន។

* ការកម្ទេចមូលដ្ឋានយោធាអាមេរិកនៅ Pearl Harbor នឹងជួយឲ្យជប៉ុនក្តោបក្តាប់តំបន់ប៉ាស៉ីហ្វិកបានយ៉ាងស្រួល

នៅខែឧសភា ឆ្នាំ១៩៤០ អាមេរិកបានយកកំពង់ផែ Pearl Harbor នៅកោះហាវ៉ៃ ធ្វើជាមូលដ្ឋានស្នូលសម្រាប់កងនាវារបស់ខ្លួនប្រចាំតំបន់ប៉ាស៉ីហ្វិក។ ដោយសារអាមេរិកមិនរំពឹងថា ជប៉ុននឹងបើកការវាយប្រហារលើហាវ៉ៃ ដែលមានចម្ងាយជាង៦ពាន់គីឡូម៉ែត្រឯណោះពីប្រទេសជប៉ុន មូលដ្ឋាននៅ Pearl Harbor មិនសូវមានការការពាររឹងមាំប៉ុន្មានទេ។ ដូច្នេះហើយធ្វើវាក្លាយជាគោលដៅងាយស្រួលមួយ សម្រាប់ការវាយប្រហាររបស់ជប៉ុន។

អគ្គមេបញ្ជាការទ័ពជើងទឹកជប៉ុន លោក អ៉ីសូរ៉ូគុ យ៉ាម៉ាម៉ូតុ (Isoroku Yamamoto) បានចំណាយពេលរាប់ខែ រៀបចំផែនការវាយប្រហារមួយ ដែលមានគោលដៅកម្ទេចកងនាវាអាមេរិកប្រចាំប៉ាស៉ីហ្វិក និងបំបាក់ស្មារតីយោធាជើងទឹកអាមេរិក ដើម្បីកុំឲ្យអាមេរិកមានអ្វីអាចយកមករារាំងខ្លួនបាន នៅពេលដែលជប៉ុនចាប់ផ្តើមយុទ្ធនាការកាន់កាប់គោលដៅនានា នៅភាគខាងត្បូងប៉ាស៉ីហ្វិក។

ពីដំបូងឡើយ ការវាយប្រហារនៅ Pearl Harbor មើលទៅដូចជាជោគជ័យមួយសម្រាប់ជប៉ុនយ៉ាងដូច្នោះ។ នាវាចម្បាំងទាំង៨គ្រឿងរបស់អាមេរិកនៅទីនោះ សុទ្ធតែបានទទួលរងការទម្លាក់គ្រាប់បែក ដោយ៤គ្រឿងបានលិចបាត់តែម្តង និង៤គ្រឿងបានខូចខាត។ ចំណែកយន្តហោះច្រើនជាង៣០០គ្រឿង ក៏ត្រូវបានបំផ្លិចបំផ្លាញឬខូចខាតផងដែរ ហើយនាវិកអាមេរិកសរុបប្រហែល ២,៤០០នាក់បានបាត់បង់ជីវិត។

ក្រោយការវាយប្រហារនោះ រហូតដល់កំឡុងដើមឆ្នាំ១៩៤២ ជប៉ុនមានឱកាសកាន់កាប់ដែនដីអាណានិគម ដែលស្ថិតក្រោមឬធ្លាប់ស្ថិតក្រោមការត្រួតត្រារបស់អឺរ៉ុប រួមមានភូមា (មីយ៉ាន់ម៉ា) ម៉ាឡេស៉ី សិង្ហបុរី ឥណ្ឌូណេស៉ី និងហ្វីលីពីន ជាដើមជាបន្តបន្ទាប់ ដោយដែនដីទាំងនោះ បានផ្តល់ឲ្យជប៉ុននូវធនធានធម្មជាតិយ៉ាងច្រើន រួមមានទាំងប្រេងនិងកៅស៊ូ។

ទោះជាយ៉ាងណា ការវាយប្រហារនៅ Pearl Harbor បានបរាជ័យក្នុងការកម្ទេចកងនាវាអាមេរិកប្រចាំប៉ាស៉ីហ្វិកឲ្យខ្ទេចទាំងស្រុង។ កន្លែងស្តុកប្រេង កន្លែងស្តុកគ្រាប់ និងកន្លែងជួសជុល ភាគច្រើននៅមូលដ្ឋាន Pearl Harbor គឺនៅល្អធម្មតា ហើយពុំមាននាវាដឹកយន្តហោះចម្បាំងអាមេរិកណាមួយ ដែលមានសារៈសំខាន់ជាទីបំផុត មានវត្តមាននៅ Pearl Harbor កំឡុងការវាយប្រហារជប៉ុនឡើយ។

គួរជម្រាបថា នៅខែមិថុនា ឆ្នាំ១៩៤២ ភាពបរាជ័យនេះ បានមកលងបន្លាចលើជប៉ុនវិញ ក្នុងទម្រង់ជាជ័យជម្នះដ៏ធំធេងមួយរបស់អាមេរិក នៅក្នុងសមរភូមិ Battle of Midway ដោយនាវាដឹកយន្តហោះចម្បាំងជប៉ុនចំនួន៤គ្រឿង ត្រូវបានកម្ទេចទាំងអស់។ សរុបមក ការឆ្មក់វាយប្រហាររបស់ជប៉ុនលើកំពង់ផែ Pearl Harbor បានជំរុញឲ្យសហរដ្ឋអាមេរិកប្រកាសចូលរួមក្នុងសង្រ្គាមលោកលើកទីពីរជាផ្លូវការ ហើយនៅទីបញ្ចប់ជប៉ុនត្រូវបានបង្ខំឲ្យប្រកាសចុះចាញ់សង្រ្គាម ក្រោយការទម្លាក់គ្រាប់បែកបរមាណូពីសំណាក់អាមេរិក លើទីក្រុងហីរ៉ូស៉ីម៉ា និងទីក្រុងណាហ្គាសាគី នាខែសីហា ឆ្នាំ១៩៤៥៕