(ភ្នំពេញ)៖ ពានរង្វាន់ណូបែល (Nobel Prize) គឺជាពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតមួយ ខណៈកម្មវិធីផ្តល់ពានរង្វាន់នេះត្រូវបានផ្តួចផ្តើមឡើងតាមពាក្យបណ្តាំកេរមរតករបស់លោក អាល់ហ្វ្រេដ ណូបែល (Alfred Nobel) ដែលជាឧស្សាហករ វិស្វករ និងតក្កករ​ជនជាតិស៊ុយអែតដ៏ល្បីឈ្មោះ។

ពានរង្វាន់ណូបែលត្រូវបានបែងចែកជាផ្នែកផ្សេងៗ រួមមានដូចជាសន្តិភាព អក្សរសាស្រ្ត រូបវិទ្យា គីមីវិទ្យា វេជ្ជសាស្រ្ត/សរីរវិទ្យា និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពានរង្វាន់ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច ទើបតែត្រូវបានបង្កើតឡើងតាមក្រោយនៅឆ្នាំ១៩៦៨ ខណៈការប្រគល់ពានរង្វាន់ផ្នែកដទៃទៀត បានចាប់ផ្តើមតាំងតែពីឆ្នាំ១៩០១មក។

ការជ្រើសរើសនិងប្រគល់ពានរង្វាន់ណូបែលទាំងអស់ខាងលើ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយស្ថាប័ននៅក្នុងប្រទេស​ស៊ុយអែតនិងន័រវែស។ ពិធីផ្តល់ពានរង្វាន់ណូបែលតែងប្រារព្ធធ្វើនៅថ្ងៃទី១០ ខែធ្នូ ដែលជាខួបមរណភាពរបស់លោក ណូបែល។ ពានរង្វាន់ណូបែលនីមួយៗភ្ជាប់ជាមួយនូវរង្វាន់ជាសាច់ប្រាក់ជិត១.៤លានដុល្លារអាមេរិក ហើយម្ចាស់ជ័យលាភីក៏ទទួលបានមេដាយមាសដែលមានឆ្លាក់រូបលោក ណូបែល នៅលើនោះផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២នេះ ពានរង្វាន់ណូបែលសរុបចំនួន៥៦៧ ត្រូវបានប្រគល់ឱ្យម្ចាស់ជ័យលាភីសរុបចំនួន៨៨៩ មានទាំងបុគ្គល និងស្ថាប័ន ក្នុងចំណោមនោះ២៦ពានរង្វាន់ ដែលសុទ្ធតែជាពានណូបែលសន្តិភាពវបានប្រគល់ឱ្យស្ថាប័ន។ មួយវិញទៀត ដោយសារតែម្ចាស់ជ័យលាភីខ្លះ បានឈ្នះពានរង្វាន់ច្រើនលើកផងដែរនោះ ចំនួនម្ចាស់ជ័យលាភីសរុបពិតប្រាកដ គឺមានបុគ្គល៨៦០នាក់ និង២២ស្ថាប័ន។

ខាងក្រោមនេះគឺជាប្រទេសទាំង១០ដែលទទួលបានពានរង្វាន់ណូបែលច្រើនជាងគេបំផុត៖

១០. អូទ្រីស (២៣ពានរង្វាន់)

៩. ស្វ៉ីស (២៧ពានរង្វាន់)

៨. កាណាដា (២៨ពានរង្វាន់)

៧. ជប៉ុន (២៩ពានរង្វាន់)

៦. រុស្ស៉ី/សហភាពសូវៀត (៣២ពានរង្វាន់)

៥. ស៊ុយអែត (៣៣ពានរង្វាន់)

៤. បារាំង (៧៣ពានរង្វាន់)

៣. អាល្លឺម៉ង់ (១១៣ពានរង្វាន់)

២. ចក្រភពអង់គ្លេស (១៣៨ពានរង្វាន់)

១. សហរដ្ឋអាមេរិក (៤០៦ពានរង្វាន់)៕