(ភ្នំពេញ)៖ របាំត្រុដិ គឺជារបាំប្រជាប្រិយបុរាណខ្មែរមួយដែលប្រជាពលរដ្ឋតែងនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងឱកាសប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ របាំនេះក៏មានរៀបរាប់នៅក្នុងព្រះរាជពិធីហៅថា «ត្រស្តិសង្ក្រាន»

ចម្រៀងដែលតែងឮគេច្រៀងនោះគឺផ្ដើមដោយ៖ «ហ្អាអ៉ើយ!!! កំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ាឆារ៉ាមុំបង វើយៗក្រមុំបង.....»

* តួអង្គក្នុងរបាំ
របាំត្រុដិមានតួសម្ដែងច្រើនគ្នា ដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ហែហមកំដរដោយក្រុមអ្នកវាយស្គរដៃ ក្រុមអ្នកបុកកញ្ជែះដែលមានចងចង្ក្រង់ នារីអ្នកកាន់ឈើក្បាច់ក្បាលនាគចងដោយថង់ក្រណាត់ និងបុរសអ្នកច្រៀងគោលដឹកនាំក្រុមរបាំ ហើយច្រៀងបន្ទរដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់ តាមវគ្គឃ្លានៃចម្រៀង ខណៈពាក្យពេចន៍ចម្រៀងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមក្រុមសម្ដែងនីមួយៗ។ យោងតាមឯកសាររបស់សម្ដេចព្រះវណ្ណរត្ន អ៉ីវ ទួត នៅខេត្តបាត់ដំបង ពាក្យពេចន៍ចម្រៀងនៃរបាំត្រុដិនេះចែកជា៤វគ្គ៖ ការមកដល់នៃរបាំ ការសុំទាននិងបច្ច័យ ការប្រមូលទាននិងបច្ច័យ និងការថ្លែងអំណរគុណនិងជូនពរដល់អ្នកផ្ដល់បច្ច័យ។

* ប្រភព
តាមឯកសារជាច្រើនបានអះអាងថា របាំត្រុដិនេះមានប្រភពដំបូងចេញពីជនជាតិដើមនៅតំបន់ភ្នំ ដូចជា ជនជាតិសម្រែ សួយ ព័រជាដើម ព្រមទាំងជនជាតិខ្មែរយើងនៅខេត្តស្រីស្លាកែត សុរិន្ទ្រ គោកខណ្ឌ ឧត្បលរាជធានី សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ បាត់ដំបងជាដើម។ ជនជាតិដើមហៅពាក្យ «ត្រុដិ» នេះ គឺសំដៅដល់ពេលដាច់ឆ្នាំចាស់ត្រាច់ផ្លាស់ចូលឆ្នាំថ្មី។

* ឱកាស
គេសម្ដែងរបាំត្រុដិនេះគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ គោលបំណងនៃការសម្ដែងរបាំនេះ គឺដូចទៅនឹងម៉ុងសាយរបស់ជនជាតិចិនដែរ។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី គេប្រសិទ្ធពរជ័យសម្រាប់ឆ្នាំថ្មីដែលចូលមកដល់ដោយសេចក្តីសប្បាយរីករាយ។ ផ្ទុយទៅវិញ ការដែលមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវក្ដីទុក្ខសោកពុំខាន។ ម្យ៉ាងទៀត គេលេងរបាំត្រុដិនៅពេលដែលមានសត្វព្រៃដូចជាត្រកួត ប្រើស ឈ្លួស ពស់ចូលក្នុងភូមិ ដែលចាត់ទុកជាប្រផ្នូរមិនល្អ ទើបគេបណ្តេញឱ្យចេញពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃផងដែរ។

* ជំនឿលើសត្វប្រើស
សត្វប្រើសជាសត្វស្លូតបូតមួយប្រភេទ មិនប្រមាញ់សត្វដទៃជាអាហារទេ គឺស៉ីតែស្មៅនិងរុក្ខជាតិ ហើយក៏ខ្លាចមនុស្សនិងសត្វមំសាសីដទៃទៀតដែរ ហេតុអ្វីគេចាត់ទុកសត្វនេះជាសត្វចង្រៃ ឬតំណាងឱ្យភាវៈអាក្រក់? ជំនឿបុរាណខ្មែរដែលចាត់ទុកសត្វប្រើសតំណាងឱ្យសភាវៈអាក្រក់ គឺជាប់ពាក់ព័ន្ធនឹងរឿងទេវកថា ដូចជារឿងរាមកេរ្តិ៍ ត្រង់វគ្គ «ព្រះរាមដើរទេស» ដែលមហាយក្សក្រុងរាពណ៍បញ្ជាឱ្យសេនារបស់ខ្លួនឈ្មោះមហារីកកាឡាខ្លួនជាសត្វប្រើសមាស ទៅបញ្ឆោតព្រះរាមឱ្យតាមប្រមាញ់ចូលក្នុងព្រៃ។ ដោយបាត់ស្វាមីយូរពេក ព្រះនាសិតាព្រួយព្រះទ័យយ៉ាងខ្លាំង ហើយក៏បានទទួចឱ្យព្រះលក្សណ៍ទៅតាមជួយព្រះរាម ហើយព្រះនាងសិតាក៏នៅក្នុងខ្ទមតែម្នាក់ឯង.....ទីបំផុត ក្រុងរាពណ៍ក៏បានឱកាសចូលចាប់ព្រះនាងសិតាយកទៅក្រុងលង្កាដែលជាដែនអាណាចក្ររបស់ពួកអសុរៈ។ រីឯប្រើសមាសនោះក៏ត្រូវព្រះរាមតាមបាញ់សម្លាប់បានសម្រេច ប៉ុន្តែហេតុការណ៍នេះគឺជាឧបាយកលរបស់ក្រុងរាពណ៍ទាំងអស់ ហើយទុក្ខសោកដែលព្រះនាងសិតាត្រូវក្រុងរាពណ៍ចាប់យកទៅនោះ ក៏ចង្រៃមកពីសត្វប្រើសមាសនោះឯង នេះហើយជាមូលន័យនៅក្នុងរបាំត្រុដិដែលយើងមិនសូវបានដឹងស៉ីជម្រៅ។

* ប្រវត្តិសាស្ត្រ
ជនជាតិសម្រែជាជនជាតិដើមមួយរស់នៅតាំងពីបុរាណកាលមកម្ល៉េះ ភាគច្រើនរស់នៅភូមិភាគខាងជើងបឹងទន្លេសាប ដូចជាខេត្តកំពង់ធំ សៀមរាប ព្រះវិហារ សុរិន្ទ្រ ស្រីស្លាកេត ឧត្បលរាជធានីជាដើម។ កាលបុរាណ ជារៀងរាល់ពេលចូលឆ្នាំខ្មែរ ជនជាតិសម្រែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅរាជធានីយសោធរបុរៈ (ក្រុងអង្គរ)។ ជនជាតិសម្រែ និងជនជាតិដើមផ្សេងទៀតគឺធ្លាប់បម្រើរាជការខ្មែរ និងពូកែធ្វើសង្គ្រាមយ៉ាងស្វិតស្វាញ តួយ៉ាងជនជាតិសម្រែក៏បានផលិតដាវនិងអាវុធយុទ្ធភ័ណ្ឌនានាថ្វាយព្រះបាទជយវម៌្មទី៧ និងកងទ័ពខ្មែរប្រើប្រាស់ក្នុងការធ្វើសង្គ្រាមបណ្ដេញចាមឈ្លានពានផងដែរ។ ម្យ៉ាងវិញទៀត របាំត្រុដិនេះក៏បានផ្សារភ្ជាប់នឹងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួត។ គេនិយមប្រើកន្ទុយក្ងោក ដោយគេយល់ថាក្ងោកជាតំណាងឱ្យព្រះអាទិត្យ។ មនុស្សបន់ស្រន់ដល់ព្រះអាទិត្យសុំឱ្យព្រះអាទិត្យផ្តល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីធ្វើស្រែចម្ការ។

* ចម្រៀងរបាំត្រុដិ

ហ្អាអ៉ើយ.... កំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ា ឆារ៉ាមុំបង វើយៗក្រមុំបង។ ច្រៀងសាឡើងវិញច្រើនដង

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ... ត្រុដិខ្ញុំមកដល់ហើយ... ដល់ក្រៅឱរបង រទេះឱគោផង ម្ចាស់អ្ហើយចង្រង់ឱខ្សែទាមអ្ហ៉ើយ.... ណានាងណា....ចង្រង់ឱខ្សែទាម....។

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ.... ឈរឈប់ឱនៅក្រៅ... ស្រែកហៅឱ្យទៅថ្កាន... ជម្រាបឱ្យសូមទាន ថ្លៃអ្ហើយសុំព្រលានលោកឈរលេង ណានាងណា....សុំព្រលានលោកឈរលេង។

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ.... គ្នាខ្ញុំឱ្យច្រើនណាស់... គគ្រឹកឱគគ្រេង សុំព្រលានលោកឈរលេង ម្ចាស់អ្ហើយលេងបានឱ្យដែរឬទេ.... ណានាងណា....លេងបានឱ្យដែរឬទេ។

ហ្អាអ៉ើយ.... ឱនែកំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ា ឆារ៉ាមុំបង វើយៗក្រមុំបង។

សំឡេងព្រានស្រែកដេញព័ទ្ធប្រើស៖ ខ្លះស្រែក ព័ទ្ធៗៗៗ ទៅហើយៗៗៗ ដេញៗៗៗ ព័ទ្ធៗៗៗ

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ.... ប្រើសុំមួយឱប្រឹងរត់ ព្រានព្រៃឱដេញស្កាត់ ប្រើសភ័យឱរត់បាត់ ថ្លៃអ្ហើយព្រានបាញ់ឱខុសម្ដង ណានាងណា....ព្រានបាញ់ឱខុសម្ដង។

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ.... ប្រើសឡកឡយដាក់ព្រាន ព្រានខឹងឱពេកហ្អង លើកធ្នូឱផ្គូរផ្គង់ ម្ចាស់អ្ហើយប្រើសភ័យឱរត់បាត់ ណានាងណា....ប្រើសភ័យឱរត់បាត់។

ហ្អាអ៉ើយ.... ឱនែកំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ា ឆារ៉ាមុំបង វើយៗក្រមុំបង។

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ.... ផ្អើលអស់ឱពួកយក្ស ដេញស្ទាក់ឱចាប់ម្រឹក ទៅមុខឱក្រោយទើស ថ្លៃអ្ហើយសន្ធឹកឱពេញព្រៃ ណានាងណា....សន្ធឹកឱពេញព្រៃ។

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ.... យក្សយាសឱដាវកាប់ ទង្គិចឱដាវជាប់ ប្រើសភ័យឱរត់បាត់ ម្ចាស់អ្ហើយឡកឡយឱដាក់យក្ស ណានាងណា....ឡកឡយឱដាក់យក្ស។

ហ្អាអ៉ើយ.... ឱនែកំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ា ឆារ៉ាមុំបង វើយៗក្រមុំបង។

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ.... ព្រាយស្រីក្រចកវែង ចេញរាំឱទន់ទែន ដេញស្ទាក់ឱចាប់ម្រឹក ថ្លៃអ្ហើយសន្ធឹកឱពេញព្រៃ ណានាងណា....សន្ធឹកឱពេញព្រៃ។

ហ្អាអ៉ើយ.... ឱនែកំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ា ឆារ៉ាមុំបង វើយៗក្រមុំបង។

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ.... ក្ងោកចេញឱជួយព័ទ្ធ ប្រើសផុតឱវាសនា ទន្សោងក៏ចេញឱអើយរ៉ា ថ្លៃអ្ហើយព្រានបាញ់ឱប្រើសស្លាប់ ណានាងណា....ព្រានបាញ់ឱប្រើសស្លាប់។

ហ្អាអ៉ើយ.... អឺៗៗអឹងអ៉ើយ.... ត្រុដិខ្ញុំសូមលាហើយ ចប់ប៉ុណ្ណឯងហ្អង មានរទេះឱគោផង ថ្លៃអ្ហើយរៀបដំឱណើរទៅ ណានាងណា....រៀបដំឱណើរទៅ។

ហ្អាអ៉ើយ.... ឱនែកំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ា ឆារ៉ាមុំបង វើយៗក្រមុំបង។ ច្រៀងសាឡើងវិញច្រើនដង៕