(ភ្នំពេញ)៖ កាលណានិយាយដល់រាជធានីលង្វែក ឬបន្ទាយលង្វែក មនុស្សភាគច្រើនច្បាស់ជាយល់ត្រឹមថា លង្វែក គឺជាអតីតរាជធានី ឬជាបុរាណដ្ឋាននាសម័យកណ្ដាលមួយដែលធ្លាប់ស្ដារកិត្យានុភាពប្រទេសជាតិ ហើយក៏ត្រូវបែកខ្ទេចខ្ទីទៅវិញដោយសារការវាយលុករបស់កងទ័ពសៀមអយុធ្យា។ លង្វែក មិនមែនត្រឹមតែមានប្រវត្តិសាស្ត្រសម័យកណ្ដាលប៉ុណ្ណោះទេ បើការស្រាវជ្រាវពីអ្នកជំនាញជាតិនិងអន្តរជាតិបានឱ្យដឹងថា លង្វែក ក៏មានស្លាកស្នាមរបស់មនុស្សតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ពិសេសគឺក្នុងយុគថ្មរំលីង និងយុគលោហៈ។

អតីតរាជធានីលង្វែកមានទីតាំងស្ថិតនៅច្រាំងខាងលិចទន្លេសាប នាឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងតាមកាលប្រវត្តិរបស់ព្រះរាជវាំងកម្ពុជា ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ បានសាងសង់រាជធានីលង្វែកនៅដើមសតវត្សទី១៦ ពោលគឺចន្លោះឆ្នាំ១៥២៧-១៥២៩។ ប្រហែលជាង៦០ឆ្នាំក្រោយមក ក្រុងលង្វែកដ៏រឹងមាំក៏ត្រូវរងការវាយលុកពីសំណាក់កងទ័ពសៀមជាច្រើនលើក ទីបំផុត នៅឆ្នាំ១៥៩៣ កងទ័ពរបស់ព្រះចៅនរេសូរក្សត្រក្រុងអយុធ្យបានវាយបំបែករាជធានីនេះបានសម្រេច។

អ្នកស្រាវជ្រាវបរទេសនៃសាកលវិទ្យាល័យហ្ល្វិនដឺស ប្រទេសអូស្រ្តាលី (Flinders University) និងវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា​ដើម្បីសម្បត្តិវប្បធម៌ នៃប្រទេសជប៉ុន (NARA Institute) បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវអំពីរាជធានីសម័យកណ្តាល និងបុរាណដ្ឋានជុំវិញ។ គម្រោងស្រាវជ្រាវបុរាណវត្ថុវិទ្យានេះសិក្សាទៅលើរាជធានីដើមសម័យទំនើបដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ និងទន្លេសាប នាចន្លោះឆ្នាំ១៣៥០-១៧៥០ ដែលរួមមាន៖ រាជធានីស្រីសន្ធរ រាជធានីទួលបាសាន រាជធានីលង្វែក និងរាជធានីឧដុង្គ។ គម្រោងនឹងធ្វើការកំណាយស្រាវជ្រាវនៅតាមបុរាណដ្ឋានដែលមិនបានការពារច្បាប់បេតិកភណ្ឌ និងកំពុងប្រឈមមុខទៅការអភិវឌ្ឍរបស់ប្រទេស។​

គម្រោងកំណាយបុរាណវត្ថុវិទ្យានេះអនុវត្តចាប់ពីឆ្នាំ២០១៥-​២០១៩​ ដែលបានសិក្សានៅអតីតរាជធានីស្រីសន្ធរ ស្ថិតនៅស្រុកស៊ីធរ ខេត្តកណ្តាល និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, នៅអតីតរាជធានីលង្វែក ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅអតីតរាជធានីក្រុងឧដុង្គ ស្ថិតនៅស្រុកពញ្ញាឮ ខេត្តកណ្តាល។ បើតាមការវិភាគរូបភាពពី LiDAR ដែលបានបង្ហាញរមណីយដ្ឋានបុរាណវិទ្យាឃើញថា ក្រុងលង្វែក គឺជាបន្ទាយមួយដែលមានកំពែងដីព័ទ្ធជុំវិញប្រមាណ៣គីឡូម៉ែត្រ៣ជ្រុង (ខាងលិច ខាងជើង ខាងត្បូង ឯខាងកើតមានទន្លេសាប) និងមានកំពែងបន្ទាយយ៉ាងហោច៧ជាន់ទៀត។​

នៅខែមករា ឆ្នាំ២០១៩ ក្រុមស្រាវជ្រាវបានរកឃើញថា បន្ទាយលង្វែកក៏មានទីតាំងស្ថានីយបុរេប្រវត្តិសាស្រ្តមួយក្នុងយុគថ្មរំលីង និងយុគលោហៈ ស្ថិតក្នុងអាយុកាលប្រហែល៣០០០-២០០០ឆ្នាំមុនគ្រិស្តសករាជ។ ទីតាំងបុរេប្រវត្តិសាស្រ្តនេះមានឈ្មោះថា «ទួលបាយក្អែក» ស្ថិតនៅជាប់ផ្នែកខាងកើតឆៀងខាងត្បូងនៃកំពែងក្រុងលង្វែក មានទំហំផ្ទៃដីលាតសន្ទឹងយ៉ាងធំ និងមានកម្ពស់ខ្ពស់ជាងគេក្នុងចំណោមទួលផ្សេងៗ ឬទួលព្រះវិហារទាំងឡាយក្នុងអតីតរាជធានីនេះ។ វត្ថុកំណាយមួយចំនួនត្រូវបានប្រមូលយកមកសិក្សាវិភាគ មានដូចជាឧបករណ៍ថ្មរំលីង វត្ថុលោហៈ និងកុលាលភាជន៍ជាច្រើន។ អ្វីដែលគួរឱ្យស្ដាយនោះ ក្រុមការងារស្រាវជ្រាវមិនបានអនុវត្តកិច្ចការស្រាវជ្រាវ និងធ្វើកំណាយលើទួលបាយក្អែកទេ ពីព្រោះគម្រោងស្រាវជ្រាវនេះផ្ដោតតែក្នុងសម័យកណ្ដាល។

គួរជម្រាបថា យុគថ្មរំលីងមានអត្ថិភាពចាប់ពី៨ពាន់ឆ្នាំដល់២ពាន់ឆ្នាំមុនគ្រិស្តសករាជ។ នៅក្នុងកំឡុងពេលយុគនេះ អ្នកបុរាណប្រវត្តិចាត់ទុកជាយុគបដិវត្តន៍ផ្នែកសេដ្ឋកិច្ច មានបម្លាស់ប្តូរគ្រប់វិស័យផ្នែកជំនឿនិងផ្នែកសង្គមកិច្ច។ មនុស្សចេះដាំរុក្ខជាតិ ដូចជាស្រូវ ពោតជាដើម។ គេចេះរស់នៅដោយធ្វើកសិកម្ម និងចិញ្ចឹមសត្វដើម្បីយកសាច់និងពងសម្រាប់ធ្វើម្ហូបអាហារ។ ក្រៅពីនេះ គេចេះបូជាសពដោយកប់ក្នុងផ្នូរនូវគ្រឿងអលង្ការ ឬឧបករណ៍គ្រប់បែបយ៉ាង។ សំណល់វប្បធម៌បានឱ្យព័ត៌មានថា យុគថ្មរំលីង គេចូលចិត្តសង់ផ្ទះខ្ពស់ពីដី ហើយរស់នៅជាភូមិស្រុក។ អ្នកខ្លះទៀតរស់នៅក្នុងរូងភ្នំ ឬខ្ពង់រាបដែរ។ មនុស្សសម័យនោះចេះត្បាញសំពត់ប៉ឹង ចេះធ្វើគ្រឿងលម្អកាយ ដូចជាទងកាវឬត្រសាល់ធ្វើអំពីភ្លុក ខ្យង ឈើ ឆ្អឹង ថ្ម និងដីដុត។ នេះជាការវិវត្តមួយដ៏ធំផ្នែកបច្ចេកទេសរំលីងថ្មរបស់ខ្មែរដើម។ ក្នុងផ្នែកជំនឿ គេសង្កេតឃើញមានការគោរពបូជាចំពោះបុព្វបុរស។ ការសិក្សាឧបករណ៍ធ្វើអំពីលោហធាតុចុងយុគនេះ
អាចឱ្យយើងដឹងថាខ្មែរដើមចេះប្រើប្រាស់លោហៈ ដូចជាកណ្ដៀវ លំពែង កងដៃ កងជើង ធ្វើអំពីសំរឹទ្ធ ឬស្ពាន់។ គេបានរកឃើញពណ៌ ហើយបានយកមកផាត់លើភាជន៍ដី ដើម្បីឱ្យមានពណ៌ប្រណិត៕

ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា