(ភ្នំពេញ)៖ ថនិកសត្វគ្រប់ប្រភេទទាំងអស់ផ្តល់កំណើតជាកូន ហើយចិញ្ចឹមកូនដោយទឹកដោះ ថនិកសត្វភាគច្រើនមានរោម សូម្បីតែថនិកសត្វរស់នៅក្នុងទឹកដូចជាពពួកផ្សោត និងបាឡែន ក៏មានរោមនៅលើដងខ្លួនដែរ ប៉ុន្តែវាមិនបញ្ចេញច្បាស់ឱ្យយើងសង្កេតមើលបានពីចម្ងាយដូចថនិកសត្វរស់នៅលើគោកឡើយ។

គ្រប់ប្រភេទសត្វទាំងអស់គឺមានឈាមក្ដៅ និងបែងចែកជាលក្ខណៈកាយវិភាគសាស្ត្រច្រើន។ ភាគច្រើនមានអវយុវៈដៃជើង៤ ដែលជើង២នៅខាងមុខ និងជើង២នៅខាងក្រោយ ឬក៏យើងអាចហៅបានថាស្លាប ឬដៃ ថនិកសត្វមួយចំនួនតូចមានលក្ខណៈស្រដៀងគ្នាទៅនឹងសត្វស្លាប ល្មួន និងមច្ឆា ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំគ្នា ដូចជា អម្បូរប្រចៀវត្រូវបានគេគិតច្រឡំថាជាសត្វស្លាប ពីព្រោះវាអាចហើរបាន សត្វពង្រូលច្រឡំថាជាពពួកសត្វល្មួន ព្រោះវាមានស្រកា និងអណ្តាតវែង ចំណែកឯត្រីបាឡែន និងផ្សោតវិញក៏ត្រូវបានគេយល់ច្រឡំថាជាត្រីផងដែរ ប៉ុន្តែធាតុពិតនោះពួកវាគឺជាថនិកសត្វ ដោយពួកវាជាពពួកសត្វមានឈាមក្តៅ បង្កើតកូនចេញមកខាងក្រៅ និងបំបៅកូនដោយទឹកដោះ។

ប្រភេទសត្វនីមួយៗត្រូវបានគេកំណត់ជាផ្លូវការដោយឈ្មោះវិទ្យាសាស្ត្រ ដែលឈ្មោះទាំងនោះ ជាធម្មតា ត្រូវបានគេសរសេរជាអក្សរឡាតាំង ឬក្រិក ហើយត្រូវបានទទួលស្គាល់ដោយក្រុមអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោក ឈ្មោះវិទ្យាសាស្ត្រទាំងនោះ ជាទូទៅ ត្រូវបានគេសរសេរជាអក្សរទ្រេត ដោយមាន២ឃ្លា ដើម្បីសម្គាល់ពីអម្បូរ និងប្រភេទរបស់វា។

សម្បុរជាជំនួយសំខាន់បំផុតដែលនាំទៅដល់ការស្គាល់ថនិកសត្វ នៅពេលជួបប្រទះសត្វ កត្តាសំខាន់នោះត្រូវពិនិត្យមើលពណ៌នៅលើដងខ្លួនរបស់វា។ ទំហំក៏មានសារៈសំខាន់ផងដែរ សម្រាប់បែងចែកលក្ខណៈខុសគ្នាពីថនិកសត្វមួយទៅមួយ ហើយទំហំនោះអាចមានការប្រែប្រួល ដោយអាស្រ័យទៅលើលក្ខណៈ សណ្ឋានរបស់វា ប្រសិនបើខ្នងមានរាងកោងនោះដងខ្លួនរាងខ្លី ចំណែកឯកន្ទុយមានរាងវែង។

ជាទូទៅ ទោះបីជាថនិកសត្វមានការលំបាកអង្កេតជាងសត្វស្លាបក៏ដោយ ក៏គេមានវិធីផ្សេងៗជាច្រើនដើម្បីស្វែងរក និងសិក្សាអំពីថនិកសត្វទាំងនោះ។ វិធីសាស្ត្រដែលល្អបំផុត គឺផ្អែកលើប្រភេទថនិកសត្វ និងទីជម្រកដែលពួកវារស់នៅ។ នៅប្រទេសកម្ពុជា ប្រភេទថនិកសត្វភាគច្រើនចូលចិត្តរស់នៅព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃល្បោះ រីឯប្រភេទមួយចំនួនទៀតចូលចិត្តរស់នៅតំបន់ពដែលសម្បូរដោយវាលភក់ និងមួយចំនួនទៀតចូលចិត្តរស់នៅតំបន់ព្រៃដែលមានរយៈកម្ពស់ខ្ពស់ ឬតំបន់ព្រៃភ្នំ ហើយប្រភេទទាំងអស់តែងតែរស់នៅដោយធ្វើផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ។ នៅពេលថ្ងៃ​ សត្វស្វាកំប្រុកខ្លះ និងកន្ថឹក ត្រូវបានគេប្រទះឃើញនៅលើដើមឈើ រីឯប្រភេទថនិកសត្វធំៗមួយចំនួន ដូចជា ជ្រូកព្រៃ ដំរី ខ្លា ខ្ទីង ទន្សោង ស្កា ខ្លាឃ្មុំ និងភេ ត្រូវបានគេប្រទះឃើញធ្វើសកម្មភាពនៅលើដី។ ប្រភេទថនិកសត្វថ្នាក់ធំភាគច្រើនមានការលំបាកក្នុងការចូលទៅជិតណាស់ ដោយសារពួកវាឆាប់ផ្អើល។ ចំណែកឯសត្វដែលចើនធ្វើសកម្មភាពនៅពេលយប់ មានដូចជាពពួកសត្វសំពោច កណ្តុរ កំប្រុកស្លាប ប្រចៀវ ជ្រឹង។ល។ ដូច្នេះឱកាសនៃការអង្កេតថនិកសត្វដែលរកស៊ីនៅពេលយប់ គឺងាយជាងថនិកសត្វដែលធ្វើសកម្មភាពនៅពេលថ្ងៃ ពីព្រោះថនិកសត្វដែលរកស៊ីពេលយប់មិនសូវមានការប្រុងប្រយ័ត្នដូចថនិកសត្វរកស៊ីនៅពេលថ្ងៃនោះទេ។

វិធីសាស្ត្រសំខាន់បំផុតក្នុងការអង្កេតនៅពេលយប់ គេត្រូវមានពិលគោមធំមួយនិងពិលសម្រាប់ពាក់នៅលើក្បាលមួយដែលមានកម្លាំងបំភ្លឺចាប់ពី៣០-៥០វ៉ាត់ ងាយស្រួលក្នុងការអង្កេតសត្វនៅលើដើមឈើផងដែរ។
ការអង្កេតដានថនិកសត្វក៏ជាវិធីសាស្ត្រមួយសំខាន់ក្នុងការសិក្សាស្រាវជ្រាវ ប៉ុន្តែអ្នកស្រាវជ្រាវត្រូវមានការប្រុងប្រយ័ត្នពីការវាស់វែង និងការរាប់ចំនួនដានដែលអាចឱ្យយើងដឹងអំពីចំនួន និងអាយុរបស់វា៕