(ភ្នំពេញ)៖ នៅប្រទេសកម្ពុជា សត្វពង្រូលមានតែមួយប្រភេទប៉ុណ្ណោះ ដែលមានឈ្មោះជាភាសាអង់គ្លេសថា Sunda Pangolin និងឈ្មោះវិទ្យាសាស្ត្រហៅថា Manis javanica ជាប្រភេទថនិកសត្វធ្វើចលនាដោយវារ និងជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក។

* ភិនភាគ៖ ពង្រូលមានថ្ងាសផត ស្រការមានពណ៌ស្រអាប់ និងពណ៌ដី ដោយសៀតបញ្ចូលជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង ស្រការទាំងនេះគ្របដងខ្លួនទាំងមូល ពិសេសផ្នែកខាងលើចាប់ពីក្បាល ដងខ្លួន ជើងមុខក្រោយរហូតដល់កន្ទុយ លើកលែងតែផ្នែកពោះនិងផ្នែកក្រោមក្បាលរបស់វា។ ជើងមានម្រាមប្រាំនិងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញ៉ាំជើងមុខវែងជាងក្រញ៉ាំជើងក្រោយ។ វាប្រើក្រញាំជើងមុខ ដើម្បីកកាយរកចំណី។ ពង្រូលមានចលនាយឺតៗ និងពត់ពែនក្នុងការវារចុះឡើង ហើយពូកែឡើងដើមឈើ ដោយប្រើជើងទាំងបួន និងជំនួយដោយកន្ទុយ។ ប្រវែងពីក្បាលទៅដងខ្លួនពី៤២០-៥០០មីលីម៉ែត្រ កន្ទុយមានប្រវែងពី៣៤០-៤៧០មីលីម៉ែត្រ ទម្ងន់ចាប់ពី៥-៧គីឡូក្រាម ជូនកាលគេប្រទះឃើញពង្រូលកម្ពុជាអាចមានទម្ងន់រហូតដល់៨-១២គីឡូក្រាម។

* ជីវសាស្ត្រ៖ វាមានទីជម្រកនៅក្នុងប្រភេទព្រៃដែលមានដើមឈើខ្ពស់ៗ តំបន់ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។ ពង្រូលជាសត្វរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃវាដេកក្នុងរន្ធដី។ ចំណីអាហាររបស់វាមានស្រមោច សង្អារ អង្ក្រង ឌុកឌឿ និងកណ្ដៀរ។
វាមានអណ្តាតលិត ងាយក្នុងការចាប់ចំណី ដោយអាចលានចេញក្រៅបានរហូតដល់២៥សង់ទីម៉ែត្រ ដើម្បីប្រមូលសត្វល្អិត។ ពង្រូលមានត្រចៀកតូចមានស្បែក និងស្រការក្រាស់។ នៅពេលជួបឧបសគ្គវារមូរខ្លួន ដោយយកកន្ទុយរុំព័ទ្ធជុំវិញរាងមូលដូចបាល់ក្នុងការការពារខ្លួនពីសត្វមំសាសីនានា។ ជាញឹកញាប់ ពង្រូលញីបង្កើតកូនម្ដងបាន១ក្បាល ជួនកាល២ក្បាល ក្រោយពីពរពោះរយៈពេល២-៣ខែ។ កូនរស់នៅជាមួយមេរបស់វា ដោយតោងជាប់នឹងកន្ទុយពេលមេរបស់វាបម្លាស់ទី។
វាជាប្រភេទសត្វស្ងួត ដូច្នេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីឡើយ។

* របាយរស់នៅ៖ នៅប្រទេសកម្ពុជា ពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប។ វាមានផងដែរនៅភាគខាងកើតប្រទេសភូមា ភាគកណ្តាលប្រទេសថៃ ភាគខាងត្បូងប្រទេសឡាវ វៀតណាម ស៊ូឡាវេស៊ីម៉ាឡេស៊ី កោះស៊ូម៉ាត្រា កោះជ្វា និងកោះប័រណេអូ។

* ស្ថានភាពអភិរក្ស៖ ពង្រូលជាប្រភេទសត្វមានដោយបង្គួរ និងបានចុះក្នុងបញ្ជី IUCN (NT) ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក។ ប្រភេទនេះបាននិងកំពុងទទួលនូវការទាក់ចាប់យ៉ាងខ្លាំងពីសំណាក់មនុស្ស ដើម្បីធ្វើអាជីវកម្មនិងនាំចេញទៅក្រៅប្រទេស៕