(ភ្នំពេញ)៖ នៅសម័យរាជាណាចក្រភ្នំ ក្រៅពីទំនាក់ទំនងរវាងរាជការខ្មែរនិងរាជការចិន ប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អជាមួយគ្នាដែរ ក្នុងនោះជនជាតិចិនជាច្រើនបានស្គាល់រាជាណាចក្រភ្នំ និងបានធ្វើដំណើរទៅមកទឹកដីនេះ ដើម្បីរកស៊ីជួញដូរ ឬធ្វើកិច្ចការផ្សេងៗ។

តាមរយៈទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប្រទេសទាំងពីរនេះ គេបានប្រទះឃើញកំណត់ត្រារបស់គ្រូពេទ្យបុរាណចិនមួយដែលបានកត់ត្រាពាក់ព័ន្ធនឹងប្រទេសខ្មែរ នាសម័យរាជាណាចក្រភ្នំនោះ។ គ្រូពេទ្យរូបនោះមានឈ្មោះថា កឺហុង ជាជនជាតិចិនដែលរស់នៅក្នុងសម័យរាជវង្សជីង (Jin dynasty 266-420)។

តាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិនបានឱ្យដឹងថា ក្នុងសម័យរាជវង្សជីង ទំនាក់ទំនងទៅមករវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិនមានចំនួន២លើកផងដែរ។ ហេតុការណ៍ដែលគួរឱ្យកត់សម្គាល់នោះ គឺគ្រូពេទ្យល្បីម្នាក់សម័យជីងមានឈ្មោះថា កឺហុង បានកត់ត្រាអំពីកំណត់ហេតុដែលគាត់ទៅដល់ហ្វូណន សរសេរជាសៀវភៅគម្ពីរគ្រាប់គោលិកាទិព្វថៃឈីងជីនយៀក។

កំណត់ត្រានោះសរសេរថា៖
«ពេលវ័យក្មេងចង់សិក្សាមានបំណងទៅដែនក្រៅ ដោយធ្វើដំណើរទៅត្បូង ដំបូងគិតថាទៅមើលទឹកមើលភ្នំ មាននិស្ស័យក៏ទៅដល់ហ្វូណន ទឹកដីរាប់ពាន់យោជន៍»។ ប្រជារាស្ត្ររាប់រយលាន មានភ្នំ មានសមុទ្រ ឆ្ងាយពីប្រទេសយើង.......។ សិក្សាទំនៀមប្រទេសគេ សួរថា នៅឥណ្ឌា យៀកជឺ មហាប្រទេសទាំងនេះមានប៉ន្មានប្រៀបដូចហ្វូណន......? ពីហ្វូណន ទុនស៊ុនរហូតដល់លីនយី ទូប៉ អ៊ូលុន ក្នុងប្រាំប្រទេសនេះមានជាតិហិង្គុល សំណចឹងឈីង សឺជីង សុទ្ធតែអាចយកមកធ្វើឱសថទេវតា ជាថ្មឱសថអាយុវែង ទីនេះរកអ្វីបានហ្នឹង មិនចេះខ្វះ រកនៅទីផ្សេងពុំមានទេ។ ធ្វើដំណើរយឺតៗ ជិះទូកលើមហានទី ចេញដំណើរពីព្រៃដំរីនៅក្នុងរដ្ឋរឺណាន ទូកអណ្តែតតាមខ្យល់លឿនលឿនដល់ព្យុះយប់ថ្ងៃមិនឈប់ មួយថ្ងៃតមួយថ្ងៃតជាច្រើនសប្តាហ៍ បានទៅដល់ហ្វូណន ជាប្រទេសមានស្តេច មានហ្លួង។ ខាងជើងជាប់លីនយី ខាងត្បូងទុនស៊ុន ខាងឆ្វេងគឺទូប៉ ខាងស្តាំអ៊ូលុន ប្រជារាស្ត្រមានទ្រព្យច្រើនមហាសាលដូចពពក។ ចេញពីកំពង់ផែសូវលីងភូ នៃរដ្ឋរឺណាន ចេញដំណើរតាមសមុទ្រតម្រង់តាមទិសត្បូង។ យប់ថ្ងៃមិនសម្រាកជាង១០ថ្ងៃក៏ទៅដល់ហ្វូណន។ ហ្វូណននៅទិសអាគ្នេយ៍នៃលីនយី ចម្ងាយឆ្ងាយ៣ពាន់ជាងយោជន៍ តាំងខ្លួនជាមហាក្សត្រសាមន្តរដ្ឋជាសម្តេច ឋានៈអង្គម្ចាស់ហៅថា «ផោតៅ» ឧបរាជមហាប្រទេសហៅថា «ផថាន់» ក្សត្រប្រទេសតូចនិងមន្ត្រីធំឋានៈប្រហែលនឹងសម្តេចហៅថា «ឃុនហ្លួង»។ ហ្វូណនសម្បូរជាតហិង្គុល ត្បូងគជ់ ចេញពីភាគខាងជើងហ្វូណនដល់លីនយីចម្ងាយ៣ពាន់យោជន៍ ក្រៅពីនេះសម្បូរជូតាន សំណ។

ដោយចៃដន្យ កឺហុង ដែលបានទៅដល់ហ្វូណន គឺជាអាចារ្យសាសនាតាវដ៏ល្បីឈ្មោះមួយរូបដែលជំនាញសូនឱសថគោលិកា ដូច្នេះគាត់ចាប់អារម្មណ៍ចំពោះគ្រឿងផ្សំឱសថដែលគាត់បានប្រទះនៅហ្វូណន ជាពិសេសគឺជាតហិង្គុល សំណ ចឹងឈីង និងសឺជីងជាដើម សុទ្ធតែត្រូវបានចាត់ទុកជាឱសថទិព្វ ម៉្យាងទៀតថ្នាំប្រភេទមាននៅតំបន់នេះជាច្រើនអនេកពុំចេះខ្វះ។ កឺហុងបានទៅដល់ហ្វូណន ព្រមទាំងបានកត់ត្រាអំពីភូមិសាស្ត្រ ធនធានផលិតផល ជាពិសេសថ្នាំ ទំនៀមទម្លាប់ជាតិ ពាណិជ្ជកម្មអន្ដរជាតិ។ល។ បានញ៉ាំងឱ្យជនជាតិចិនសម័យនោះបានស្គាល់ពីហ្វូណន និងប្រទេសជិតខាងកាន់តែច្រើនឡើង ពង្រឹងបានថែមមួយកម្រិតនូវទំនាក់ទំនងលក់ដូរគ្រឿងផ្សំឱសថរវាងចិននិងកម្ពុជា៕

ប្រភព៖ សៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន