(សៀមរាប)៖ ក្នុងចំណោមរូបបដិមានៅសម័យអង្គរ មានតែរូបបដិមាតំណាងព្រះបាទជ័យវរ្ម័នទី៧មួយអង្គគត់ ដែលអ្នកស្រាជ្រាវបានឯកភាពគ្នាគិតថាជាព្រះភក្ត្រនិងរូបរាងពិតរបស់ទ្រង់ ប៉ុន្តែក្រៅពីនេះក៏មានការញែកវែកពីរូបរាងមុខមាត់ពិត និងការកែលម្អរបស់ប្រតិមា «វ្រះកម្រតេងអញស្រីរាជេន្ទ្រទេវី» ផងដែរ ដែលតម្កល់នៅតួប៉មនិរតីនៃប្រាសាទលលៃ។
សូមជម្រាបថា ចាប់ពីចុងសតវត្សទី៩មក ប្រវត្តិវិទូជាច្រើនបានសង្កេតឃើញថា ព្រះមហាក្សខ្មែរនៅពេលអភិសេកឡើងសោយរាជ្យ ទ្រង់ច្រើនតែមានទំនៀមសាងសង់ប្រាសាទឧទ្ទិសដល់បុព្វការីជន។ ជាក់ស្តែង ព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៩-៨៨៩) កសាងប្រាសាទព្រះគោឧទ្ទិសដល់បុព្វការីជនទាំង៦អង្គរបស់ទ្រង់នៅរាជធានីហរិហរាលយ។ បន្ទាប់ពីទ្រង់សោយទិវង្គត មុនពេលព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩-៩១០) ប្តូររាជធានីទៅកាន់ស្រីយសោធរបុរ (តំបន់អង្គរ) ទ្រង់បញ្ជាឱ្យសាងប្រាសាទលលៃនៅចំកណ្តាលឥន្ទ្រតដាក ដើម្បីឧទ្ទិសទៅដល់បុព្វការីជន។ ប្រាសាទលលៃមានតួប៉មធ្វើអំពីឥដ្ឋចំនួន៤សង់នៅលើខឿនតែមួយ ហើយតួប៉មនីមួយៗសុទ្ធតែតម្កល់រូប សំណាកបុព្វការីជនក្នុងរូបភាពជាទេពប្រុសនិងទេពស្រីនៅក្នុងនិកាយសិវ។ នៅក្នុងអត្ថបទនេះ យើងនឹងសិក្សាអំពីរូបសំណាកមួយដែលព្រះបាទស្រីយសោវរ្ម័នទី១តម្កល់នៅតួប៉មនិរតីនៃប្រាសាទលលៃ ដែលមានព្រះនាមថា «វ្រះកម្រតេងអញស្រីរាជេន្ទ្រទេវី» ក្រោមរូបភាពជាព្រះជាយារបស់ព្រះសិវ (ឝៅរិ)។ តើរូបបដិមានេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
គេអាចដឹងថាបដិមាខាងលើគឺជាព្រះនាងស្រីរាជេន្ទ្រទេវី ក្នុងរូបភាពជាឝៅរិបានតាមរយ:សិលាចារឹកនៅលើមេទ្វារខាងត្បូង នៃតួប៉មនិរតីប្រាសាទលលៃ ចុះបញ្ជីលេខ K331A ដែលរៀបរាប់ថា “មហាសករាជឆ្នាំ៨១៥ (ត្រូវនឹងគ.ស.៨៩៣) ព្រះបាទស្រីយសោវម៌ ស្ថាបនាព្រះអាជ្ញាកន្ទោងព្រះនាងរាជេន្ទ្រទេវី ដោយមានថ្វាយនូវខ្ញុំបម្រើជាច្រើននាក់ថែមទៀតផង។ ចំណែកឯទិន្នន័យសិលាចារឹកនៅលើមេទ្វារតួប៉មផ្សេងទៀតនៃប្រាសាទលលៃ ក៏បានផ្តល់ព័ត៌មានឱ្យយើងដឹងថា៖ តួប៉មអាគ្នេយ៍តម្កល់រូបសំណាកព្រះបាទមហិបតិវរ្ម័ន តួប៉មពាយព្យតម្កល់រូបសំណាកព្រះនាងឥន្ទ្រទេវី និងតួប៉មឦសានតម្កល់រូបសំណាកព្រះបាទឥន្ទ្រវរ្ម័ន។ គ្រប់រូបសំណាកបុព្វការីជនភេទប្រុស គឺស្ថាបនាឡើងក្នុងរូបភាពជាព្រះសិវ និងបុព្វការីជនភេទស្រីក្នុងរូបភាពជាព្រះជាយាព្រះសិវៈ (ឝៅរិ)។ ព្រះបាទឥន្ទ្រវរ្ម័ន និងព្រះនាងឥន្ទ្រទេវី គឺជាព្រះបិតានិងមាតារបស់ព្រះបាទយសោវរ្ម័នទី១ រីឯព្រះបាទមហិបតិវរ្ម័ន និងព្រះនាងរាជេន្ទ្រទេវី ត្រូវជាព្រះអយ្យិកោនិងអយ្យិការបស់ព្រះបាទយសោវរ្ម័នទី១។ ម៉្លោះហើយ រូបបដិមាឬរូបសំណាកដែលយើងកំពុងលើកយកមកសិក្សានេះ គឺជារូបសំណាកតំណាងឱ្យព្រះអយ្យិកា (ជីដូន) របស់ព្រះបាទយសោវរ្ម័នទី១ ជាប់ខ្សែខាងព្រះមាតារបស់ទ្រង់។
រូបបដិមាឬរូបសំណាកព្រះនាងស្រីរាជេន្ទ្រទេវីក្នុងរូបភាពជាព្រះជាយារបស់ព្រះសិវ (ឝៅរិ) ស្ថាបនាឡើងអំពីថ្មភក់ មានកម្ពស់១៧៥ស.ម. ទទឹង៥០ស.ម. និងកម្រាស់៣៧ស.ម. ដែលសព្វថ្ងៃកំពុងរក្សាទុកនិងដាក់តាំងបង្ហាញនៅលើថែវខាងត្បូងនៃសារមន្ទីរជាតិកម្ពុជា ដោយមានលេខបញ្ជី Ka. 1645/B.289 / B.42.4/ 2.68% សិល្បករតុបតែងរូបសំណាកទេពស្រីដោយមានលក្ខណៈឈរទ្រឹង ព្រះភក្ត្រញញឹមស្ងប់ ព្រះឱស្ឋក្រាស់ ថ្ពាល់ពេញ ថ្ងាសរលោង ចិញ្ចើមវែងត្រង់ជាប់គ្នា ច្រមុះរីកធំមានខ្ទង់ ព្រះនេត្របិទសំប៉ែត ព្រះកាណ៌វែងមានចោះរន្ធសម្រាប់ពាក់ក្រវិល ហើយរចនាមកុដជារបៀបផ្នួងសក់មានលម្អជាក្បាច់ផ្សេងៗ (ជដាមកុដ)។ នៅពេលគេរកឃើញដំបូង រូបសំណាកនេះបានបែកបាក់ខ្លះនៅលើផ្ទៃមុខផ្នែកខាងស្តាំ តែបច្ចុប្បន្នអ្នកជំនាញនៃសារមន្ទីរជាតិកម្ពុជាបានជួសជុលឡើងវិញរួចរាល់ហើយ។ ព្រះថនៈមូលក្លំ មានស្នាមឆ្នូតនៅក្រោមដើមទ្រូងក្នុងលក្ខណៈជាធម្មជាតិពិតៗ ហើយព្រះហស្តទាំងពីរបាក់នៅសល់ត្រឹមកដៃប៉ុណ្ណោះ។ រូបសំណាកព្រះនាងរាជេន្ទ្រទេវីទ្រង់សំពត់សារុង មានផ្នត់រាងត្រីកោណធ្លាក់សំយាកលើភ្លៅខាងឆ្វេង ហើយនៅចំពីមុខមានផ្នត់វែងមួយធ្លាក់ពីក្បាលពោះរហូតដល់កជើង។
ក្នុងឆ្នាំ១៩៣១ លោក ប៊ែរណាត ហ្វីលីព គ្រួសលីយើ (Bernard Philippe Groslier) បានសិក្សារូបបដិមានេះដោយបានលើកឡើងថា រូបនេះជាសិល្បៈសតវត្សទី៩ ដែលមានលក្ខណៈស្រដៀងរូបសំណាកព្រះនាងធរណិន្ទ្រទេវី ដែលរកឃើញនៅប្រាសាទព្រះគោ។ លោក Jessup (2006) ជាប្រវត្តិសិល្បវិទូដ៏ល្បីល្បាញ យល់ឃើញថា រូបសំណាកព្រះនាងរាជេន្ទ្រទេវីមានលំនាំជាសិល្បរចនាបថព្រះគោ ប៉ុន្តែមានចំណុចខុសគ្នាខ្លះ។ ឧទាហរណ៍ ដងខ្លួនបដិមានៅប្រាសាទបាគងសិល្បករធ្លាក់តាមលំនាំធម្មជាតិច្រើនជាង ខុសពីរូបបដិមានេះមានរាងឈរទ្រឹង ហើយផ្នត់សំពត់ពុំលម្អិតដូចរចនាបថព្រះគោឡើយ។ ម៉្លោះហើយ លោកសន្និដ្ឋានថាបដិមានេះអាចគេធ្លាក់ឡើងនៅសតវត្សទី១២ ដើម្បីយកទៅជំនួសរូបចាស់នៅសតវត្សទី៩ ដែលស្របពេលនឹងការជួសជុលតួប៉មខាងលើប្រាសាទបាគងដែរ។ គំនិតដែលថាបដិមានេះទំនងសាឡើងថ្មីនៅសតវត្សទី១២ ជំនួសរូបចាស់នៅសតវត្សទី៩នេះ ធ្លាប់បានស្នើដំបូងគេដោយលោក Albert Le Bonheur B នៅក្នុងឆ្នាំ១៩៨៩ ដោយគំនិតរបស់លោកពឹងផ្អែកលើការរចនាម៉ូតសក់ និងសំពត់របស់បដិមាដែលមានលក្ខណៈមួយចំនួនផ្ទុយពីលក្ខណៈជាទូទៅនៃរចនាបថព្រះគោនាសតវត្សទី៩។ ទោះបីជាយ៉ាងណា យើងពុំមានភស្តុតាងជាក់លាក់ណាមួយអាចសន្និដ្ឋានថារូបនេះជាសិល្បៈដែលស្ថាបនាឡើងនៅសតវត្សទី១២ យកមកជំនួសរូបសំណាកចាស់នៅសតវត្សទី៩បានឡើយ បើទោះបីជាគេដឹងថាតួប៉មខាងលើនៃប្រាសាទបាគងស្ថាបនាឡើងវិញនៅក្នុងសតវត្សទី១២ (រចនាបថអង្គរវត្ត) ក៏ដោយ។ ដ្បិតមានតែការលម្អម្តងមួយមុខប៉ុណ្ណោះ ដែលយើងឃើញមានលក្ខណៈប្លែកពីទេវរូបភេទស្រីនៅចុងសតវត្សទី៩ រីឯការលម្អនៅលើសារុងពុំសូវឃើញមានខុសប្លែកច្រើនឡើយ។ ករណីនេះ ប្រសិនបើរូបសំណាកនេះពិតជាសិល្បៈចាស់នៅចុងសតវត្សទី៩ដដែលមែន វាអាចមកពីសិល្បៈក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១មានភាពខុសប្លែកគ្នាខ្លះពីសិល្បៈដែលយើងឃើញនៅប្រាសាទព្រះគោ និងប្រាសាទបាគង។ ដ្បិតយើងដឹងស្រាប់ហើយ នៅពេលទ្រង់ប្តូររាជធានីទៅកាន់តំបន់អង្គរ សិល្បៈនៅក្នុងរជ្ជកាលរបស់ទ្រង់មានការវិវឌ្ឍថ្មីមួយ ដែលធ្វើឱ្យអ្នកស្រាវជ្រាវបានកំណត់ចូលទៅក្នុងរចនាបថថ្មីមួយមានឈ្មោះថា «រចនាបថបាខែង»។ អ្វីដែលគួរយកមកពិចារណាបន្ថែមទៀតនោះ តើរូបបដិមានេះពិតជារូបរាងធម្មជាតិរបស់ព្រះនាងរាជេន្ទ្រទេវីមែនឬអត់? ឬគ្រាន់តែជារូបស្នងបដិមាដែលគេឆ្លាក់ក្នុងទម្រង់ព្រះភក្ត្រនិងរូបរាងតាមការស្រមើស្រមៃរបស់សិល្បករ ទោះបីជាសិលាចារឹកបានបញ្ជាក់ឱ្យដឹងថា បដិមានេះជារូបស្នងរបស់ព្រះនាងក្នុងរូបភាពជាព្រះក៏ដោយ ក៏យើងពិបាកនឹងវាយតម្លៃឱ្យជាក់លាក់ថារូបនេះជាព្រះភក្ត្រពិតឬមិនពិតឡើយ។ ជាទូទៅ រូបបដិមានៅសម័យអង្គរ គឺមានតែរូបបដិមាតំណាងព្រះបាទជ័យវរ្ម័នទី៧មួយអង្គគត់ ដែលអ្នកស្រាជ្រាវបានឯកភាពគ្នាគិតថាជាព្រះភក្ត្រ និងរូបរាងពិតរបស់ទ្រង់។ ជារួមមក រូបបដិមាព្រះនាងស្រីរាជេន្ទ្រទេវីក្នុងរូបភាពជាព្រះជាយារបស់ព្រះសិវ (ឝៅរិ) ដែលតម្កល់នៅក្នុងតួប៉មនិរតីនៃប្រាសាទលលៃក្នុងតំបន់ហរិហរាលយ គឺជាឧទាហរណ៍មួយដ៏មានសារសំខាន់ បង្ហាញឱ្យយើងឃើញពីទំនៀមរបស់ព្រះមហាក្សត្រនៅដើមសម័យអង្គរ ដែលគេនិយមកសាងរូបសំណាកបុព្វការីជនរបស់ខ្លួនក្នុងរូបភាពជាទេពតម្កល់នៅក្នុងប្រាសាទ។ លក្ខណៈបែបនេះយើងឃើញច្បាស់លាស់នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២២១)។ ចំណែកឯការសន្និដ្ឋានថា រូបសំណាកនេះទំនងកសាងឡើងវិញនៅសតវត្សទី១២ ដោយយកលំនាំរូបចាស់នៅសតវត្សទី៩ នៅតែមិនទាន់ជាអំណះអំណាងដែលរឹងមាំនៅឡើយទេ៕