(ភ្នំពេញ)៖ ប្រទេសចិនបានដាក់ឱ្យដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ (Nuclear Reactor) ដំបូងបង្អស់នៅលើលោកនេះ ដែលប្រើសារធាតុសរីយ៉ូម (Thorium) ដែលជាជម្រើសសារធាតុដ៏មានសុវត្ថិភាពបំផុត ក្នុងការបង្កើតថាមពលស្អាត។ ដំណើរការនេះ ជាសន្តិសុខថាមពលរបស់ចិន ដែលប្រើប្រាស់ថាមពលស្អាតជំនួសផូសីលឥន្ធនៈ និងសារធាតុអ៊ុយរ៉ាញ៉ូម។

ព្រឹត្តិការណ៍ដាក់ឲ្យដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលប្រើសារធាតុសរីយ៉ូមដ៏សំខាន់នេះដែរ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅឯបណ្ឌិតសភាវិទ្យាសាស្ត្រចិន (CAS) កន្លែងដែលប្រធានគម្រោងអ្នកវិទ្យាសាស្ត្រ Xu Hongjie បានចែករំលែកព័ត៌មាននេះ ជាមួយសហការី។

* តើសារធាតុសរីញ៉ូម គឺជាអ្វី?
ខុសពីសារធាតុអ៊ុយរ៉ាញ៉ូម ពោលគឺសារធាតុសរីយ៉ូមមានសុវត្ថិភាពជាង និងផលិតកាកសំណល់វិទ្យុសកម្ម ដែលមានអាយុកាលតិចជាង។ សរីយ៉ូម ត្រូវបានប៉ាន់ប្រមាណថា មានច្រើនជាងអ៊ុយរ៉ាញ៉ូម ដល់ទៅ ៣ ឬ ៤ដង។

សរីយ៉ូម ជាសារធាតុដែលមានសក្តានុពលថាមពលធំជាងអ៊ុយរ៉ាញ៉ូម ដល់ទៅ ២០០ដងឯណោះ ហើយក៏ជាសារធាតុសម្បូរជាងអ៊ុយរ៉ាញ៉ូមផងដែរ។ បើតាមការប្រកាសរបស់ចិន សរីយ៉ូមត្រូវបានប្រើសម្រាប់សាកល្បងបច្ចេកវិទ្យាថ្មី ជាជំហានដ៏សំខាន់ក្នុងការឈានទៅផលិថាមពលអគ្គីសនីស្អាត។

សូមជម្រាបថា សរីយ៉ូម (Thorium) ត្រូវបានរកឃើញដោយលោក Jöns Jacob Berzelius ក្នុងឆ្នាំ១៨២៨។ លោកបានដាក់ឈ្មោះវាតាមព្រះនាម «ស (Thor)» ដែលជាព្រះនៃផ្គរ និងចម្បាំង ក្នុងទេវកថា ដោយសារតែថាមពលរបស់វា។

ចិនជាប្រទេសដែលមានសារធាតុសរីយ៉ូមច្រើនជាងគេបំផុត ពោលគឺគេបានរកឃើញដល់ទៅ ១លានតោន ដែលអាចផ្តល់ថាមពលដល់តម្រូវការថាមពលរបស់ប្រទេសនេះ សម្រាប់រយៈពេល ៦០ ០០០ឆ្នាំ។ សារធាតុសរីយ៉ូមដ៏ច្រើនមហាសាលនេះ ត្រូវបានរកឃើញនៅបរិវេណរុករករ៉ែ Bayan Obo ក្នុងតំបន់ម៉ុងហ្គោលីខាងក្នុង។

ជោគជ័យរបស់ចិនក្នុងការដាក់ឱ្យដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរដំបូងបង្អស់ ដែលប្រើសារធាតុសរីយ៉ូម ជំនួសសារធាតុអ៊ុយរ៉ាញ៉ូម បានធ្វើលើម៉ាស៉ីនរ៉េអាក់ទ័រ កម្លាំង ២មេហ្គាវ៉ាត់ ដែលមានទីតាំងនៅវាលខ្សាច់ Gobi ។ នេះមានន័យថា សរីយ៉ូមក៏អាចនាំឲ្យចិនសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅតំប់ដែលគ្មានទឹកបាន ព្រោះសារធាតុនេះមិនធ្វើឲ្យរ៉េអាក់ទ័រកើនកម្តៅដល់ទៅ ១ ០០០អង្សា ដូចសារធាតុអ៊ុយរ៉ាញ៉ូមឡើយ។

ប្រទេសចិនក៏កំពុងសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រសរីយ៉ូម ១០មេហ្គាវ៉ាត់ រួចហើយ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០៕