(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មានមូលដ្ឋាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលប្រកបអាជីព នៅលីកកំពូលកម្ពុជា Cambodian Premier League ។ គិតមកដល់ពេលនេះ ក្លឹបបានឈ្នះពានក្នុងលីក ចំនួន៤លើក និងពានហ៊ុនសែនខាប់ ចំនួន៥លើក។ គិតមកដល់ពេលនេះ មិនទាន់មានក្លឹបបាល់ទាត់កម្ពុជាណាមួយ បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអាស៉ី ដូចក្លឹបព្រះខ័នរាជស្វាយរៀងឡើយ។
ថ្ងៃនេះ Fresh News សូមបង្ហាញប្រវត្តិក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអាស៉ី លំដាប់ទី៣ AFC Challenge League ជាមួយក្លឹបតួកមីនីស្ថាន Arkadag ដែលជាប្រវត្តិសាស្ត្រថ្មីរបស់ក្លឹបបាល់ទាត់កម្ពុជា លើឆាកអន្តរជាតិ៖
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយនាយឧត្តមសេនីយ៍ សៅ សុខា និងដើមឡើយមានមូលដ្ឋានកីឡដ្ឋាននៅរាជធានីភ្នំពេញ ហើយមានឈ្មោះថា ព្រះខ័នរាជ។ នៅក្នុងឆ្នាំ២០១១ ក្លិបបានឈ្នះពានលើកដំបូង គឺហ៊ុនសែនខាប់ ២០១១ ក្រោយពីយកឈ្នះបៀលប្រាយដ៍ យូណាធីត ២-០។ ក្រោយមក ក្លឹបបន្តឈ្នះពានហ៊ុនសែនខាប់ ២០១២ ក្រោយយកឈ្នះណាហ្កាខប ២-១។ នៅឆ្នាំ២០១៣ ក្លឹបត្រូវបានប្តូរឈ្មោះទៅជា ព្រះខ័នរាជស្វាយរៀង នៅពេលឯកឧត្តម ឌី វិជ្ជា ទិញយក និងប្តូរមូលដ្ឋានកីឡដ្ឋានទៅខេត្តស្វាយរៀង។ នៅរដូវកាលថ្មី និងក្រោមឈ្មោះថ្មី ក្លឹបបានឈ្នះពានលីកកម្ពុជា ២០១៣ ( 2013 Cambodian League)។ ក្លឹប ក៏បានកៅអីដោយស្វ័យប្រវត្តិ ដើម្បីលេងពាន 2014 AFC President's Cup ដោយប្រកួតតទល់ជាមួយក្លឹបនេប៉ាល់ Manang Marshyangdi Club និងក្លឹបម៉ុងហ្គោល Erchim ។ ប៉ុន្តែ ស្វាយរៀងចាញ់ក្រុមទាំងពីរក្នុងពូលនោះ ហើយបញ្ចប់នៅចំណាត់ក្រោមគេបង្អស់។
នៅឆ្នាំ២០១៩ ស្វាយរៀង បានឈ្នះពានលីកជាលើកទី២ និងបានកៅអីលក្ខណៈ play-off លេងពាន 2020 AFC Cup តទល់នឹងក្លឹបឡាវ Master 7 ។ ស្វាយរៀង ឈ្នះគ្រាប់សរុបទាំងពីរជើង ក្នុងលទ្ធផល ៧-១ ហើយក៏បានឡើងទៅកាន់វគ្គចែកពូល។ ក្លឹបនេះ ត្រូវបានចាប់ឆ្នោតនៅក្នុងពូល G ជាមួយក្លឹបហ្វីលីពីន Ceres–Negros ឥណ្ឌូនេស៉ី Bali United និងវៀតណាម Than Quảng Ninh ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្វាយរៀងបំបែកកំណត់ត្រាឈ្នះជាលើកដំបូង ក្នុងការប្រកួតប្រជែងពានលំដាប់ AFC បន្ទាប់ពីយកឈ្នះ Bali United ២-១។ ទោះជាយ៉ាងនេះក្តី ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ការប្រជែងពានត្រូវបានលុបចោលវិញ។
ក្រោយមកទៀត ស្វាយរៀងឈ្នះពានក្នុងលីក ជាលើកទី៣ គឺឆ្នាំ២០២៣-២០២៤ និងបានកៅអីលេងពាន 2024–25 AFC Challenge League ហើយក៏បានចូលរួមប្រជែងពាន 2024–25 ASEAN Club Championship ផងដែរ។ ក្លឹបនេះ បានតទល់ជាមួយក្លឹប Young Elephants របស់ឡាវ នៅក្នុងការលេង play-off សម្រាប់ពាន ASEAN Club Championship ដែលឈ្នះគ្រាប់សរុបទាំងពីរជើង ៨-៣ ដូច្នេះ ស្វាយរៀងក៏បានកៅអីលេងនៅក្នុងពូល A ជាមួយក្លឹបម៉ាឡេស៉ី Terengganu ថៃ BG Pathum United ឥណ្ឌូនេស៉ី PSM Makassar វៀតណាម Đông Á Thanh Hóa និងមីយ៉ាន់ម៉ា Shan United ។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្វាយរៀងឈ្នះ៣-២ ទៅលើ Terengganu នៅកីឡដ្ឋាន Sultan Mizan Zainal Abidin ។ ប៉ុន្តែ ស្វាយរៀង ក៏បានធ្លាក់ចេញពីការប្រកួតពាន ដោយសារមិនអាចសន្សំពិន្ទុបានគ្រប់គ្រាន់។
នៅក្នុងការប្រកួតពាន AFC Challenge League ស្វាយរៀងត្រូវបានតទល់នឹងក្លឹបឥណ្ឌូនេស៉ី Madura United និងម៉ុងហ្គោល SP Falcons ។ ក្លឹបយកឈ្នះយ៉ាងលំបាកទៅលើ SP Falcons ក្នុងលទ្ធផល ២-១ ប៉ុន្តែចាញ់ក្នុងលទ្ធផលដូចគ្នា ពេលប៉ះ Madura United ។ ទោះជាយ៉ាងនេះក្តី ស្វាយរៀងបានបន្តទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ក្នុងនាមជាអ្នកមានពិន្ទុល្អ ស្ថិតនៅលេខរៀងទី២។ នៅក្នុងវគ្គនេះ ស្វាយរៀងបានជួបក្លឹបមីយ៉ាន់ម៉ា Shan United ដែលយកឈ្នះដោយលទ្ធផល ៦-២ នៅជើងទី១ និងចាញ់វិញ ២-១ នៅជើងទី២។ បន្ទាប់មក ស្វាយរៀងបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រឈមមុខនឹងក្លឹប Madura United ដែលស្វាយរៀងបានយកឈ្នះ ក្នុងលទ្ធផល ៦-៣។ ស្វាយរៀងក៏បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ប្រចាំទ្វីបអាស៉ី ជាលើកទី១ របស់ខ្លួន និងក្នុងនាមជាក្លឹបកម្ពុជា ដោយត្រូវប៉ះជាមួយក្លឹប Arkadag របស់ប្រទេសតួកម៉េនីស្ថាន ដែលទើបតែបង្កើតនៅឆ្នាំ២០២៣៕