(ភ្នំពេញ)៖ ក្រោយការចូលចែចូវបរាជ័យជាបន្តបន្ទាប់ សហរដ្ឋអាមេរិកមិនបោះបង់គំនិតចង់បានកោះហ្គ្រីនឡែន (Greenland) នោះឡើយ។ ជាក់ស្តែង នៅសម័យកាលថ្មីនេះ សូម្បីលោក ដូ ណាល់ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ក៏តែងតែដាក់សំណើទិញកោះនេះ ពេលលោកកាន់តំណែង ទាំងសំណើនៅឆ្នាំ២០១៩ និងឆ្នាំ២០២៥ ខណៈសហរដ្ឋអាមេរិកក៏ធ្លាប់ដាក់សំណើទិញកោះស្វយ័តរបស់ប្រទេសដាណឺម៉ាក ជាលើកដំបូង នៅឆ្នាំ១៨៦៧ផងដែរ។
* តើកោះនេះនៅឯណា?
ហ្គ្រីនឡែន ដែលជាកោះធំបំផុតលើលោកនេះ តែមិនមែនជាទ្វីបនោះ ស្ថិតនៅតំបន់អាក់ទិក។ វាក៏ជាទឹកដីដែលមានប្រជាជនតិចបំផុតផងដែរ។ មនុស្សប្រហែល ៥៦ ០០០ នាក់ រស់នៅទីនោះ ភាគច្រើនជាជនជាតិដើមភាគតិច Inuit ។
ដែនដីនេះប្រហែល ៨០% គ្រប់ដណ្តប់ដោយទឹកកក មានន័យថា ប្រជាជនភាគច្រើនរស់នៅឆ្នេរភាគនិរតី ជុំវិញរដ្ឋធានី Nuuk ។ ដែនដីស្វយ័តនៃប្រទេសណាដឺម៉ាកមួយនេះ ក៏ជាជម្រកនៃជនជាតិដាណឺម៉ាក និងជាទីតាំងមូលដ្ឋានទ័ពអាមេរិកផងដែរ។
សេដ្ឋកិច្ចរបស់ ហ្គ្រីនឡែន គឺផ្អែកធំបំផុតលើការនេសាទ។ ការឧបត្ថម្ភធនធំបំផុតពីរដ្ឋាភិបាលដាណឺម៉ាក មានចំនួនប្រហែលមួយភាគប្រាំនៃប្រាក់ចំណូលរបស់ខ្លួន ឬ GDP ។
ប៉ុន្មានឆ្នាំនេះ មានការចាប់អារម្មណ៍ខ្លាំងលើធនធានធម្មជាតិនៃកោះហ្គ្រីនឡែន រួមមានទាំងការយករ៉ែកម្រ អ៊ុយរ៉ាញ៉ូម និងដែក។ បញ្ហានេះ វានឹងបណ្តាលឲ្យឈានដល់ការកើនឡើងកម្តៅផែនដី ដោយទឹកកកដែលគ្រប់ដណ្តប់លើកោះនេះត្រូវរលាយ។
* តើកោះនេះមានស្ថានភាពយ៉ាងណា?
មានទីតាំងស្ថិតនៅតាមភូមិសាស្ត្រក្នុងតំបន់អាមេរិកខាងជើង ហ្គ្រីនឡែនត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាក ដែលមានចម្ងាយជិត ៣ ០០០គីឡូម៉ែត្រ និងប្រហែល ៣០០ឆ្នាំ។ កោះនេះត្រូវបានគ្រប់គ្រងជាអាណានិគមរហូតដល់ពាក់កណ្តាលសតវត្សទី២០។
នៅឆ្នាំ១៩៥៣ វាត្រូវបានបង្កើតឲ្យក្លាយជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាក ហើយប្រជាជនហ្គ្រីនឡែន ក៏ទទួលបានសញ្ជាតិដាណឺម៉ាក។ នៅឆ្នាំ១៩៧៩ ប្រជាមតិស្តីពីការគ្រប់គ្រងដែនដី បានផ្តល់ឲ្យហ្គ្រីនឡែននូវសិទ្ធិគ្រប់គ្រងគោលនយោបាយភាគច្រើននៅក្នុងទឹកដីខ្លួន និងបានឲ្យដាណឺម៉ាករក្សាការគ្រប់គ្រងលើកិច្ចការបរទេស និងការការពារ។
* ហេតុអ្វីបានជាកោះនេះសំខាន់សម្រាប់អាមេរិក?
សហរដ្ឋអាមេរិក បានរក្សាផលប្រយោជន៍សន្តិសុខនៅហ្គ្រីនឡែន តាំងពីយូរមកហើយ។ បន្ទាប់ពីរបបណាស៉ីអាល្លឺម៉ង់ បានកាន់កាប់ដែនដីគោករបស់ដាណឺម៉ាក ក្នុងកំឡុងសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានលុកលុយហ្គ្រីនឡែន ដោយបង្កើតទីតាំងយោធា និងស្ថានីយ៍វិទ្យុ នៅទូទាំងដែនដីនេះ។
បន្ទាប់ពីសង្គ្រាម កងកម្លាំងអាមេរិកនៅតែស្ថិតនៅក្នុងហ្គ្រីនឡែនដដែល។ មូលដ្ឋានអវកាស Pituffik Space Base ដែលពីមុនត្រូវបានគេស្គាល់ថាជា មូលដ្ឋានអាកាស Thule Air Base ត្រូវបានដំណើរការដោយសហរដ្ឋអាមេរិក តាំងពីពេលនោះមក។
នៅឆ្នាំ១៩៥១ កិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសដាណឺម៉ាក បានផ្តល់ឲ្យសហរដ្ឋអាមេរិកនូវតួនាទីយ៉ាងសំខាន់ ក្នុងការការពារទឹកដី រួមទាំងសិទ្ធិក្នុងការកសាង និងរក្សាមូលដ្ឋានទ័ព។
លោក Marc Jacobsen សាស្ត្រាចារ្យរង នៅមហាវិទ្យាល័យការពារជាតិដាណឺម៉ាក បាននិយាយថា «ប្រសិនបើរុស្ស៊ី ត្រូវបាញ់មីស៊ីលទៅកាន់សហរដ្ឋអាមេរិក ផ្លូវខ្លីបំផុតសម្រាប់អាវុធនុយក្លេអ៊ែរ នឹងឆ្លងកាត់ប៉ូលខាងជើង North Pole និងហ្គ្រីនឡែន។ នោះហើយជាមូលហេតុដែលមូលដ្ឋានអវកាស Pituffik មានសារៈប្រយោជន៍យ៉ាងធំធេង ក្នុងការការពារសហរដ្ឋអាមេរិក»។
ចិន និងរុស្ស៊ីបានកសាងសមត្ថភាពយោធានៅតំបន់អាក់ទិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមកាសែតរបស់វិទ្យាស្ថានអាកទិក Arctic Institute ។ កាសែតនេះ បានអំពាវនាវសហរដ្ឋអាមេរិកអភិវឌ្ឍវត្តមានរបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់អាក់ទិក ដើម្បីទប់ទល់នឹងគូប្រជែងរបស់ខ្លួន។
កាលពីខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បាននិយាយថា ដាណឺម៉ាកបើកចំហចំពោះការពិភាក្សាជាមួយសហរដ្ឋអាមេរិក ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនមានផលប្រយោជន៍ «ស្របច្បាប់» នៅក្នុងតំបន់។
* តើសហរដ្ឋអាមេរិកចង់គ្រប់គ្រងហ្គ្រីនឡែនទាំងស្រុងឬទេ?
ក្នុងអំឡុងពេលសុន្ទរកថាទៅកាន់សភា នៅដើមឆ្នាំ២០២៥ លោក Trump បាននិយាយថា ការគ្រប់គ្រងលើហ្គ្រីនឡែន គឺចាំបាច់ «សម្រាប់សន្តិសុខជាតិ និងអន្តរជាតិ»។ លោកបានបន្តថា គាត់បានគាំទ្រយ៉ាងខ្លាំងដល់សិទ្ធិប្រជាជនហ្គ្រីនឡែន ក្នុងការកំណត់អនាគតរបស់ពួកគេផ្ទាល់។ លោកបានបន្ថែមថា «ប្រសិនបើអ្នកជ្រើសរើសយើងនោះ យើងស្វាគមន៍អ្នកទៅកាន់សហរដ្ឋអាមេរិក»។
ទោះបីជាវោហារសាស្ត្ររបស់លោកប្រធានាធិបតី ហាក់ដូចជាមិនធម្មតាក៏ដោយ ប៉ុន្តែការព្យាយាមរបស់ប្រធានាធិបតីរូបនេះ ដើម្បីទទួលបានការគ្រប់គ្រងលើហ្គ្រីនឡែន កើតមានអស់រយៈពេលជាងមួយសតវត្សមកហើយ។
លោក Lukas Wahden អ្នកនិពន្ធ 66° North ដែលជាព្រឹត្តិបត្រព័ត៌មានស្តីពីសន្តិសុខតំបន់អាក់ទិកបាននិយាយថា «សហរដ្ឋអាមេរិកបានព្យាយាមពី ទៅបីដង ដើម្បីរុញជនជាតិដាណឺម៉ាកចេញពីហ្គ្រីនឡែន ហើយយកវាមកជាផ្នែកមួយនៃសហរដ្ឋអាមេរិក ឬយ៉ាងហោចណាស់ដើម្បីឲ្យមានសន្តិសុខពេញលេញនៃហ្គ្រីនឡែន»។
គួរជម្រាបថា នៅឆ្នាំ១៨៦៧ បន្ទាប់ពីទិញអាឡាស្កាពីរុស្ស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក William H Seward បានដឹកនាំការចរចាទិញហ្គ្រីនឡែន ពីប្រទេសដាណឺម៉ាក ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។
នៅឆ្នាំ១៩៤៦ សហរដ្ឋអាមេរិកបានដាក់សំណើ ១០០លានដុល្លារ (ស្មើនឹង ១.២ប៊ីលានដុល្លារឥឡូវនេះ) សម្រាប់ទិញហ្គ្រីនឡែន ដោយវិនិច្ឆ័យថា វាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ ប៉ុន្តែរដ្ឋាភិបាលដាណឺម៉ាកបានបដិសេធ។
លោក Trump ក៏បានព្យាយាមទិញហ្គ្រីនឡែន ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់គាត់។ ទាំងរដ្ឋាភិបាលដាណឺម៉ាក និងរដ្ឋាភិបាលហ្គ្រីនឡែន បានច្រានចោលសំណើឆ្នាំ២០១៩ របស់គាត់ ដោយនិយាយថា «ហ្គ្រីនឡែនមិនមែនសម្រាប់លក់ទេ»។
* អ្នកជំនាញមើលឃើញយ៉ាងណា?
ដូចគេដឹងហើយថា ក្រោយរដ្ឋអាឡាស្កា (Alaska) ត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដាក់បញ្ចូលជារដ្ឋទី៤៩ នៅឆ្នាំ១៩៥៩ ក្រោយទិញពីចក្រភពរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧,២០០,០០០ ដុល្លារអាមេរិកនោះ អាមេរិកក៏ដាក់សំណើទិញកោះហ្គ្រីនឡែន។ ជាមួយគ្នានេះ មុននឹងទិញអាឡាស្កា ក៏អាមេរិកបានទិញ ល្វីស្យាណា (Louisiana) ពីបារាំង តម្លៃ ១០លានដុល្លារអាមេរិកផងដែរ។
សម្រាប់អ្នកជំនាញមើលឃើញថា ការប្រកាសរបស់លោក Trump នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការចង់ច្បាមយកប្រទេសកាណាដា មកធ្វើជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកក្តី, ការយកហ្គ្រីនឡែន សម្រាប់គោលដៅសន្តិសុខក្តី, ការចង់យកមកវិញនូវព្រែកជីក Panama ក្តី, ការចង់យកតំបន់ Gaza ពីប្រជាជនប៉ាឡេស្ទីនក្តី, ហើយចុងក្រោយនេះ ការប្រើវិធីដំឡើងពន្ធលើទំនិញនាំចូល អាមេរិកពីគ្រប់ប្រទេសដោយគ្មានលើកលែងក្តីនោះ បានបញ្ជាក់អំពីការងាកចេញរបស់រដ្ឋការ Trump ពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី។ ប៉ុន្តែ ទាំងនេះ គឺសម្តៅសម្រេចនូវនយោបាយ «ផលប្រយោជន៍ អាមេរិកជាចំបង» និង «ធ្វើឱ្យអាម៉េរិកខ្លាំងក្លាឡើងវិញ» របស់លោក Trump»៕
ប្រភព៖
* BBC : https://www.bbc.com/news/articles/c74x4m71pmjo
* Fresh News : https://www.freshnewsasia.com/index.php/en/freshnewsplus/231694-2022-02-17-11-18-41.html