(ប៉ាណាម៉ា)៖ ប្រទេសប៉ាណាម៉ា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានផ្ញើលិខិតមួយជូនអង្គការសហប្រជាជាតិ (UN) និងដើម្បីជាការរំលឹកឡើងវិញ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្តេជ្ញាធ្វើឱ្យព្រែកជីកប៉ាណាម៉ា ត្រលប់មកឋិតក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិកវិញ។

លោក ត្រាំ បានចោទប្រកាន់ ប៉ាណាម៉ាថាបំពានសន្យាឆ្នាំ ១៩៩៩ ក្នុងដែលមានការពេលផ្ទេរផ្លូវទឹកយុទ្ធសាស្ត្រនេះ និងបានប្រគល់ប្រតិបត្តិការទៅឱ្យចិន។ ប៉ុន្តែរដ្ឋាភិបាលប៉ាណាម៉ា បានបដិសេធយ៉ាងដាច់អហង្ការ។ កន្លងមក លោក ត្រាំ ក៏ព្រមានលទ្ធភាពប្រើប្រាស់សម្ពាធផ្នែកសេដ្ឋកិច្ច និងយោធាដើម្បីយកព្រែកជីកនេះមកវិញដែរ។

ថ្ងៃនេះ Fresh News សូមបង្ហាញចំណេះដឹងទូទៅ ពីព្រែកជីកប៉ាណាម៉ា ដែលជាការប្រជែងឥទ្ធិពលរវាងចិន-អាមេរិក៖

ក្រោយសម្រេចការជីកព្រែកស៊ុយអេ (Suez) នៅប្រទេសអេហ្ស៉ីបរួចមក នាចុងសតវត្សរ៍ទី១៩ បារាំងបានលើកគម្រោងជីកព្រែកប៉ាណាម៉ា (Panama) មួយទៀត ត្រង់ប្រទេសប៉ាណាម៉ាបច្ចុប្បន្ន ដែលកាលនោះជាដែនដីអាណានិគមរបស់បារាំងនៅឡើយ ដើម្បីជម្នះរបាំងដីទ្វីបដែលជាឧបសគ្គនាវាចរណ៍ផ្លូវសមុទ្ររាប់រយពាន់ឆ្នាំមកហើយ។

ព្រែកជីកប៉ាណាម៉ា ជាព្រែកជីកសិប្បនិម្មិតសំខាន់មួយដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក។ វាជាគម្រោងវិស្វកម្មដ៏ធំហើយលំបាកជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក នាចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី១៩។ ពីដើមឡើយ ដើម្បីឆ្លងកាត់ទៅមកមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក គេត្រូវធ្វើដំណើរវាងទ្វីបអាមេរិកខាងត្បូងទាំងមូល (កាត់ប្រទេសឈីលី អាហ្សង់ទីន) ដោយត្រូវឆ្លងកាត់តាមជ្រោយហន (Horn) ដែលមានចម្ងាយសែនឆ្ងាយអនេក។ ជ្រោយហននេះមានទីតាំងស្ថិតនៅប្រទេសឈីលីនាពេលបច្ចុប្បន្ន។

ការដ្ឋានព្រែកជីកប៉ាណាម៉ានេះត្រូវបានចាប់ផ្ដើមឡើងនៅឆ្នាំ១៨៨០ ពេលដែលបារាំងកំពុងដាក់អាណានិគមគ្រប់គ្រងតំបន់នេះ។ ប៉ុន្តែការដ្ឋានដំបូងត្រូវបានបរាជ័យ ជាមួយនឹងការបាត់បង់ជីវិតកម្មករអស់ប្រមាណ ២១,៩០០ នាក់ ហើយគម្រោងជីកព្រែកនេះក៏ត្រូវផ្អាក។ រហូតដល់ដើមសតវត្សរ៍ទី២០ ទើបសហរដ្ឋអាមេរិកបន្តគម្រោងជីកព្រែកនេះពីគម្រោងចាស់របស់បារាំង។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ជាមួយនឹងការប្រើប្រាស់គ្រឿងចក្រយ៉ាងច្រើនផងនោះ ទើបព្រែកជីកប៉ាណាម៉ាសម្រេចជាស្ថាពរនៅឆ្នាំ១៩១៤។

មានប្រវែងប្រមាណ ៧៧ គីឡូម៉ែត្រ ប៉ុន្តែការជីកកាយបានប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាមានជំងឺឆ្លងជំងឺគ្រុនចាញ់ ជំងឺគ្រុនលឿង និងការបាក់ដីជាដើម។ នៅពេលគម្រោងត្រូវបានបញ្ចប់នៅឆ្នាំ១៩១៤ គេបានប៉ាន់ប្រមាណថាមានកម្មករប្រមាណ ២៧,៥០០ នាក់ត្រូវបានបាត់បង់ជីវិត ក្នុងកិច្ចប្រឹងប្រែងចាប់ពីដើមរហូតដល់ចប់គម្រោង។

តាំងពីព្រែកជីកប៉ាណាម៉ាបានបើកដំណើរការនៅឆ្នាំ១៩១៤មក វាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការដឹកជញ្ជូនអន្តរជាតិ។ មនុស្សជាតិទូទាំងពិភពលោកបានចាត់ទុកព្រែកជីកប៉ាណាម៉ាជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុទាំង៧ របស់ពិភពលោកសម័យថ្មី និងជាតំណាងបដិវត្តពាណិជ្ជកម្ម។

នាវាដែលដឹកទំនិញពីទីក្រុងញូយ៉កទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមែនទែននៅពេលដែលឆ្លងកាត់តាមព្រែកនេះ ព្រោះមានចម្ងាយតែជាង ៨,០០០ គីឡូម៉ែត្រ ខណៈការធ្វើដំណើរវាងតាមជ្រោយហនមានចម្ងាយដល់ទៅជាង ២០,០០០ គីឡូម៉ែត្រ។
ជារៀងរាល់ឆ្នាំមាននាវាសមុទ្រជាង ១៤,០០០ គ្រឿងបានឆ្លងកាត់ព្រែកជីកនេះ ដោយដឹកជញ្ជូនទំនិញជាង ២០៥ លានតោនក្នុងមួយឆ្នាំ។ នៅឆ្នាំ២០១៧ គេបានកត់សម្គាល់ថាព្រែកជីកប៉ាណាម៉ាមាននាវាតូចធំចំនួន ១៣,៥៤៨ គ្រឿងធ្វើដំណើរឆ្លងកាត់ ដោយបានផ្ទុកទំនិញសរុបប្រមាណ ៤០៣.៨ លានតោន។ ការធ្វើដំណើរឆ្លងកាត់ព្រែកនេះប្រើប្រាស់រយៈពេលជាមធ្យម ៩ ម៉ោង។

ចិនជាប្រទេសនៅឆ្ងាយពីព្រែកជីកប៉ាណាម៉ា ជាងសហរដ្ឋអាមេរិក ប៉ុន្តែមហាអំណាចអាស៊ីមួយនេះធ្លាប់មហិចតាចង់ប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកដែរ តាមរយៈការគាំទ្រគម្រោងរបស់ប្រទេសប៉ាណាម៉ាលើការពង្រីកព្រែកជីកនេះ នៅឆ្នាំ១៩៩៩ ព្រោះរដ្ឋធានីប៉េកាំងត្រូវការឈរជើងនៅលើទ្វីបអាមេរិក ដើម្បីងាយប្រកួតប្រជែង ជាមួយរដ្ឋធានីវ៉ាស៊ីនតោន ក្នុងនោះចិនក៏ធ្លាប់បានដាក់គម្រោងសាងសង់ព្រែកជីកមួយទៀតនៅក្បែរនោះ គឺនៅប្រទេសនីការ៉ាហ្កាយ (Nicaragua) ខណៈកាលណោះប្រទេសប៉ាណាម៉ាក៏មានរឿងអាស្រូវគេចពន្ធ Panama Papers ដ៏កក្រើកពិភពលោកផងដែរ។

ការពង្រីកព្រែកជីកប៉ាណាម៉ា គឺបានផ្ដល់លទ្ធភាពឱ្យនាវាធ្វើចរាចរណ៍បានច្រើន បង្កើនប្រាក់ចំណូលកាន់តែច្រើនដល់ប្រទេសប៉ាណាម៉ា។ កាលវេលានោះ គម្រោងជួលជុលពង្រីកព្រែកប៉ាណាម៉ាត្រូវបានចំណាយពេល ៩ ឆ្នាំ និងថវិកាគាំទ្រប្រមាណ ៥,០០០,០០០,០០០ ដុល្លារ៕